ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាលខ្សាច់​​​ល្វឹង​ល្វើយ​​ ទឹកទន្លេ​​​មេគង្គថ្លាយង់​ ខ្យល់​​អាកាស​​បរិសុទ្ធ ជាកន្លែង​​​​កម្សាន្ត​​ដ៏ មនោរម្យ​​នៃ​កោះទ្រង់​

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ស្ថិត​នៅទ​ល់​​មុខ​ក្រុង​​​​ក្រចេះ​​​ដោយ​គ្រាន់​​តែ​ឆ្លង​​ទន្លេ​មេគង្គ កោះ​ទ្រង់​​​​ជា​រម​ណី​យ​​​ដ្ឋាន​​ដ៏ទាក់​ទាញ​​​បំ​ផុត​សម្រាប់​​ភ្ញៀវ​ទេស​ចរ​ ​​សំខាន់​​ទេសចរ​​​អន្ត​រជាតិ​​ទៅ​លំហែ​កម្សាន្ត​ ។ ​​ភ្ញៀវ​ទេស​ចរ​​​​អន្តរជាតិ​ដែល​​​ទៅ​​កាន់​​ទី​នោះ​​កាន់​តែ​មាន​​​ចំនួន​ច្រើន​​​ឡើង​​ពី​មួយ​​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​​​ ។ តាមសម្ដី​ភ្ញៀវ​ទេស​ចរ​​​ដែល​ទៅលំហែ​កាយ​​​កម្សាន្ត​​នៅ​កោះទ្រង់​​អះអាង​ថា ​ក្រៅ​ពីខ្យល់​អាកាស​​បរិសុទ្ធ​​​ក៏​​នៅ​

ខេត្ត​ក្រចេះ ៖ ស្ថិត​នៅទ​ល់​​មុខ​ក្រុង​​​​ក្រចេះ​​​ដោយ​គ្រាន់​​តែ​ឆ្លង​​ទន្លេ​មេគង្គ កោះ​ទ្រង់​​​​ជា​រម​ណី​យ​​​ដ្ឋាន​​ដ៏ទាក់​ទាញ​​​បំ​ផុត​សម្រាប់​​ភ្ញៀវ​ទេស​ចរ​ ​​សំខាន់​​ទេសចរ​​​អន្ត​រជាតិ​​ទៅ​លំហែ​កម្សាន្ត​ ។ ​​ភ្ញៀវ​ទេស​ចរ​​​​អន្តរជាតិ​ដែល​​​ទៅ​​កាន់​​ទី​នោះ​​កាន់​តែ​មាន​​​ចំនួន​ច្រើន​​​ឡើង​​ពី​មួយ​​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​​​ ។ តាមសម្ដី​ភ្ញៀវ​ទេស​ចរ​​​ដែល​ទៅលំហែ​កាយ​​​កម្សាន្ត​​នៅ​កោះទ្រង់​​អះអាង​ថា ​ក្រៅ​ពីខ្យល់​អាកាស​​បរិសុទ្ធ​​​ក៏​​នៅ​មាន​វាល​​ខ្សាច់​​ល្វឹង​ល្វើយ​​ និង​​​ធម្ម​​ជាតិ​​ដ៏ស្រស់​​​បំព្រង​​​ ។ ​

​ដោយ​សារ​​តែលក្ខណ​​សម្បត្តិ​​ដែល​មាន​ការ​ទាក់​ទាញ​​​​​​​នោះ​ហើយ​​ទើបកាល​​ពីថ្ងៃ​​ទី​​​១៤ កុម្ភៈ​​ ​​​ឆ្នាំ​​២០១៣ ​ លោក​ថោង​ ខុន​ ​រដ្ឋ​មន្ត្រី​ក្រសួង​​ទេសចរណ៍​​រួ​ម​ដំណើរ​​​ដោយ​​លោក​​សរ​​ ចំរុង​​ ​ អភិ​បាល​ខេត្ត​ក្រចេះ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ និង​មន្ទីរ​ទេសចរណ៍​២៤​ខេត្ត​-រាជ​ធានី​ និង​ភ្នាក់​ងារ​​សមាគម​​​​ទេសចរណ៍​ទៅ​ជួប​សំណេះ​​សំណា​ល​​ជាមួយ​ប្រជា​ពល​រដ្ឋ​សហគមន៍​ទេស​ចរណ៍​ធម្ម​ជាតិ​ និង​ដាំ​កូន​ឈើ​ជា​សួន​ទេស​ចរណ៍​​តាម​ទស្ស​នា​ទាន​​​«ទេសចរ​ម្នាក់​ដើម​ឈើ​មួយ​ដើម​ ឬកា​រ​ដាំ​ដើម​ឈើ​ផ្តើម​ចេញ​ពី​អ្នក​»​​ ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ប្រធាន​ក្រុម​ប្រឹក្សា​សង្កាត់​កោះ​ទ្រង់​​ឲ្យ​ដឹង​ថា​ កោះ​ទ្រង់​​ជា​សង្កាត់​មួយ​ក្នុង​ចំណោម​សង្កាត់់​​ទាំង​៥​​នៃក្រុង​ក្រចេះ​​ ខេត្ត​ក្រចេះ​ ។​ កោះ​នោះ​មាន​ភូមិ​​ចំនួន​២​​ផ្ទៃ​ដី​ស​រុប​ទំហំ​ ២២៣​ហិក​តា​ មាន​ប្រជា​ពល​រដ្ឋ​សរុប​​៣៨៣​គ្រួសារ​ស្មើ​នឹង​​​១.៨៣៥​នាក់​ ភាគ​ច្រើន​ជា​កសិករ​​​៨០%​ និង​១២%​នេសាទ និង​​៣%​​ជា​មន្រ្តីរា​ជ​ការ​ ។​ កោះ​ទ្រង់​មាន​ដី​សម្បូរ​ទៅ​​ដោយជី​ជាតិ​ជា​អំណោយ​ផល​ដល់​វិស័យក​​សិកម្ម​ ​។ ​កោះ​នេះ​ជា​តំបន់​ដែល​មាន​សក្តា​នុ​ពល​លើ​វិស័យ​អេកូ​ទេស​ចរណ៍​​ដ៏ត្រកាល​ក្នុង​ចំណោម​​តំបន់​ជា​ច្រើន​ទៀត​របស់​ខេត្ត​ក្រចេះ ​​​។

កោះទ្រង់​មាន​ឆ្នេរ​ខ្សាច់​អម​ដោយ​ទឹក​ទន្លេ​ថ្លាយង់​នារ​ដូវប្រាំង​​ដែល​លាត​សន្ធឹង​​​តា​ម​បណ្តោយ​​កោះ​​​ផ្នែក​ខាង​កើត​ទល់​មុខ​​​ក្រុង​​ក្រចេះ​​​គួរ​ជា​ទី​គយ​គន់​ និងការ​ធ្វើ​ដំណើរ​កម្សាន្ត​ដ៏​​មនោរម្យ​របស់​ភ្ញៀវ​ទេសចរ ​​ជា​ពិសេស​គឺ​ការ​​ស្រូប​យក​ជំនោរ​ដ៏​បរិសុទ្ធ​ពី​ធម្ម​ជាតិ​​ ​។
​លោក​ប៊ុន​​ បាន​ ប្រធាន​សហ​គមន៍​ទេស​ចរ​ណ៍​​ធម្ម​ជាតិ​​កោះ​ទ្រង់​​​ឱ្យ​ដឹង​ថា​ សហគ​មន៍​​ទេ​ស​​ចរណ៍​​​ធម្ម​ជាតិ​កោះទ្រង់​គ្រប​ដណ្តប់​នៅ​លើ​កោះ​​មួយ​​ឈ្មោ​ះ​​ថា​ កោះ​ទ្រង់​ដែល​ស្ថិត​​​នៅ​​កណ្តា​ល​​ទន្លេមេគង្គ​​​ទល​់​មុខ​​ក្រុង​ក្រចេះ​ទិស​ខាង​លិច​ប្រមាណ​១គីឡូ​​ម៉ែត្រ​ ។​
លោក​​បញ្ជាក់​ថា ​សហគមន៍​​ទេស​ច​រ​ណ៍​​ធម្ម​ជា​ត​ិ​កោះ​​ទ្រង់​​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​​២៥​ ខែ​ឧសភា​ ឆ្នាំ២០០៨​ ​​ក្រោម​ការ​ជួយ​សម្រប​សម្រួល​​​​ពី​​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ​ និង​អង្គ​ការ​​កាហ្វដ​ុក​ និង​មាន​ការ​គាំ​ទ្រថវិកា​ពី​អង្គការ​មូល​និធី​ អាស៊ី​ តាម​រយៈ​អង្គការ​​អុក​​ស្វាម​អង់​គ្លេស​ ។ ​​ប្រជា​សហ​គមន៍​​ប្រកប​មុខ​របរ​មាន​ក្រុម​ដាំ​ក្រូច​ថ្លុង​ផ្អែម ​​ក្រុម​ដាំ​បន្លែ​​ និង​ក្រុម​ធ្វើ​ស្រែ​បង្ហាញ​​(បវស)​ ​មាន​រទេះ​សេះ​ រទេះ​គោ​ ម៉ូតូឌុប​​ កង់​​សម្រាប់​​ជួល​ជូន​ភ្ញៀវ​ទេសចរ​​​ជិះ​​កម្សាន្ត​ ។

សហគមន៍​បាន​បង្កើត​តំបន់​សម្រាប់​ភ្ញៀវ​ទេសចរ​​ដាំ​កូន​ឈើទ​ំហំ៣,៥​ហិកតា​ ដែល​​ជា​​ដ៏​​​សម្បទាន​​ពីក្រុម​ប្រឹ​ក្សា​​សង្កាត់ ។ ​
​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ប្រធាន​សហគមន៍​ថា ភ្ញៀវទេសចរ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំ​ង​ក្នុង​ការ​ចូល​រួម​ដាំ​កូន​ឈើ​​​​ ហើយ​សរុប​មកដ​ល់​សព្វ​ថ្ងៃ​នេះ​កូនឈើដែ​ល​បាន​ដាំ​រួច​មាន​ចំនួន​៤.៦៥៩​ដើម​ ។​ ជា​គោល​ការណ៍​ការ​ដាំ​ ដើម​ឈើនៅកោះ​ទ្រង់​ សហគមន៍​បាន​កំណត់​ឲ្យ​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ត្រូវ​ចូល​រួម​បង់​​៥​ដុល្លារ​ និង​ភ្ញៀវ​ជាតិ​តាម​​ការ​ស្ម័គ្រ​ចិត្ត​​ ។ ​ថវិកា​​ដែល​​បាន​​មក​​​​​ត្រូវ​​បែង​​ចែក​​ដូច​​ជា​​២០%​​សម្រាប​់​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ចាស់​ជរា​ ​ស្រ្តី​ងាយ​រង​គ្រោ​ះ ២០%​​សម្រាប់​ចូល​រួម​បដិ​ភាគ​ក្នុង​ការ​សាង​សង់​ ឬ​ជួស​ជុល​ហេដ្ឋ​ា​រចនា​សម័្ពន្ធ​​ ​២០%​​ឧបត្ថ​ម្ភ​ដល់​គណៈ​កម្មការ​សហគមន៍​ដែល​ជួយ​ថែ​ទាំ​កូន​ឈើ​ ៤០%​សម្រាប់​​​ធ្វើ​ស្លាក​ឈ្មោះ​អ្នក​ដាំ​​ និង​​ការ​​ស្រោច​ស្រព​​កូន​ឈើ​នៅ​រដូវ​ប្រាំង ។

​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ត​ និង​លំហែនៅកោះ​ទ្រង់​មាន​ការ​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ជាក់​ស្តែង​ឆ្នាំ​២០១១​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​១.៧២២​នាក់​ និង​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ដែល​​ទៅកម្សាន្ត​​ និង​ស្នាក់​នៅ​ចំនួន​១.៦៥២​នាក់​ សរុប​រួម​ចំនួន​៣.៣៧៤​នាក​់ ។​​ ឆ្នាំ២០១២​ មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​ ១.៩៧៨​​នាក់​​​ បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នា​ំ២០១១​​ មាន​​ការ​​កើន​​ឡើង​​ចំនួន​២៥៦​​នាក់​​ស្មើ​នឹង​១៤,៨៦% ​ឆ្នាំ២០១២​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​​ដែល​ទៅ​​កម្សាន្ត​ និង​ស្នាក់​នៅ​ចំនួន​២.២៤១​​​នាក់ បើប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នា​ំ២០១១​ មាន​ការ​កើន​ឡើង​ចំនួន​៥៨៩​នាក់​​ស្មើនឹង​៣៥,៦៥​​%​ ។

លោក​ថោង​ ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​មាន​ប្រសាសន៍​ថា​ យើង​ត្រូវ​ចាត់​ទុ​ក​ភូមិ​​ភាគឦ​សាន​​ជា​តំបន់​​ទេសចរណ៍​អាទិភាព​មួយ​ដែល​ផ្តោត​ជា​សំខាន់​លើ​ការ​អភិវឌ្ឍ​វិស័យ​អេកូ​ទេស​ចរណ៍​ ។ សហ​គមន៍​ទេស​ចរណ៍​​អាស្រ័យ​លើ​សក្តា​នុពល​ដ៏​ធំធេង​នៃ​សម្បត្តិ​វប្ប​ធម៌​ក្នុង​នោះ​​​មាន​​វប្បធម៌​ចម្រុះ​នៃជន​ជាតិ​ដើម​ភាគ​តិច ​និង​ធន​ធាន​​ធម្ម​ជាតិ ។​ ដូច្នេ​ះ​យើង​ត្រូវ​ជំរុញ​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​នានា​​ដើម្បី​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​​​ទេស​ចរណ៍​ដូច​ជា​ បុណ្យ​ទន្លេ ​បុណ្យ​ដំរី​​ព្រឹត្តិការណ៍​កីឡា​កានូ ម៉ារ៉ាតុង​តាម​ដង​ទន្លេជា​ដើម​។​ ​
ការ​អភិវឌ្ឍ​ទេសចរណ៍​នៅ​ភូមិ​ភាគឦ​សាន​​ត្រូវ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​អភិវឌ្ឍ​តំបន់​អាទិ​ភាព​ផ្សេងៗ​ ពិសេ​សតំបន់​អង្គរ​ និង​រាជ​ធានី​ភ្នំពេញ​​ដោយ​ភ្ជាប​់​ការ​ទាក់​ទង​គ្ន​ាតាម​បណ្តាញ​ផ្លូវ​គោក​ ផ្លូវ​ទឹក​ និង​ផ្លូវ​អាកាស ​។​ ម្យ៉ាង​ទៀត​តំបន់​ឦសាន​ ក៏​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​អភិ​វឌ្ឍន៍​​កម្ពុជា​-ឡាវ​-វៀត​ណាម​ ដែល​បាន​និង​កំពុង​ជំរុញ​​អភិវឌ្ឍ​យ៉ាង​ខ្លាំ​ង​ដោយ​ការ​ភ្ជាប់​គ្នា​ក្នុង​ចំណោម​ប្រទេស​ទាំងបី​។​ណែ​នាំ​ដល់​ប្រជា​សហគមន៍​ចូល​រួម​អភិវឌ្ឍ​សហគមន៍​ ជំរុញ​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ ដល់​ការ​បង្កើន​ការ​ដាំ​ដុះ​ផ្កា​ បន្លែ​ ផ្លែ​ឈើ​ ការ​ចិញ្ចឹម​សត្វ​ ។ល។​ដើម្បី​​​​ផ្គត់​ផ្គង់​តម្រូវ​ការ​ទេស​ចរណ៍​ ​ដែល​កាន់​តែ​​កើន​​ច្រើន​ឡើងៗ ។​

កសិដ្ឋាន​​ទាំង​នោះ​ នឹង​អាច​ក្លាយ​ជា​រមណីយ​ដ្ឋាន​កសិ-​ទេស​ចរណ៍​សម្រាប់​ទាក់ទាញភ្ញៀវ​ថែម​ទៀត​ ។​ ការ​ដោះ​ស្រាយ​បាន​បែប​​នេះ​​គឺ​កាត់​បន្ថយ​បាន​នូវ​ការ​នាំចូល​ពី​បរ​ទេស​ ​បង្កើន​ចំណូល​​ និង​ឱកាស​ការ​ងារ​ក្នុង​ស្រុក ​និង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​​កិច្ច​សង្គម​កម្ពុជា​ ព្រម​ទាំង​​ទាក់​ទាញ​ភ្ញៀវ​ទេសច​រ​​ប​រទេ​ស​ឱ្យ​ទៅ​ទស្សនា​ទី​នោះ​​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ ៕