ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​​ធនាគារ​​ជាង​​៥​​ម៉ឺន​​ដុល្លារ នាំ​​ខ្លួន​​ជន​​៦​​នាក់​ទេ​​ឡី​ង​​តុលា​ការ​​និង​​តាម​​ចាប់​ខ្លួន​​ជន​​ទី​៧​​ជា​ប្អូន​​មេ​ខ្លោង

11 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​នៅថ្ងៃ​ទី​២៥ មករា ​សមត្ថកិច្ច​​ប៉ូលិស​ខេត្តកំពង់​ចាម​បាន​នាំ​ខ្លួន​​ក្រុម​​​ជន​រៀបចំ​គម្រោងការ​ប្លន់ធនាគារ​អេស៊ីលី​ដា​​សាខា​ស្រុក​ស្ទឹង​ត្រង់ ឡើង​​​តុលាការ​​ទៅ​​តាម​នីតី​វិធី​ច្បាប់​​ តែ​ថា​​ការសាកសួរ​ទំនង​មិន​អាច​ចប់​​​​នៅ​ថ្ងៃ​ដដែល​នេះ​ទេ គឺ​​​អាច​បន្ត​ទៅ​ថ្ងៃទី​២៦ មករា ​ទៀត ហើយ​ពិត​ណាស់​ពួកគេ​នឹង​ទទួល​ការ​ចោទ​ប្រកាន់​និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ ។

ខេត្តកំពង់ចាម ៖ ​នៅថ្ងៃ​ទី​២៥ មករា ​សមត្ថកិច្ច​​ប៉ូលិស​ខេត្តកំពង់​ចាម​បាន​នាំ​ខ្លួន​​ក្រុម​​​ជន​រៀបចំ​គម្រោងការ​ប្លន់ធនាគារ​អេស៊ីលី​ដា​​សាខា​ស្រុក​ស្ទឹង​ត្រង់ ឡើង​​​តុលាការ​​ទៅ​​តាម​នីតី​វិធី​ច្បាប់​​ តែ​ថា​​ការសាកសួរ​ទំនង​មិន​អាច​ចប់​​​​នៅ​ថ្ងៃ​ដដែល​នេះ​ទេ គឺ​​​អាច​បន្ត​ទៅ​ថ្ងៃទី​២៦ មករា ​ទៀត ហើយ​ពិត​ណាស់​ពួកគេ​នឹង​ទទួល​ការ​ចោទ​ប្រកាន់​និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ ។

លោក​វរសេនីយ៍​ឯក​ជឹម ​សេងហុង ស្នងការ​​រង​​នគរបា​ល​ខេត្តទទួល​ផែន​យុត្តិ​ធម៌​​​អះ​អាង​​ថា ចំពោះ​ប្រាក់​ខ្មែរ​និង​ប្រាក់​ដុល្លារ​សរុប​ទាំងអស់​មាន​ជាង​៥​ម៉ឺន​ដុល្លារ ​ត្រូវ​​បាត់​បង់​នៅ​ក្នុង​ហេតុ​ការណ៍​ដែល​បាន​កើតឡើង​តាំងពី​ល្ងាច​ថ្ងៃទី​២២ មករា ​ក្នុងគម្រោង​​​ការ​ប្លន់​ធនាគារ​ ។ សកម្ម​ភាព​នេះ​​​បង្ក​​ឡើង​​ដោយ​មេខ្លោង​ជា​អ្នក​កាន់​​បេឡា​ធនាគារ​អេស៊ី​លីដាប្រចាំ​ភូមិបែក​អន្លូង ឃុំ​អារក្ស​ត្នោត ​ស្រុក​ស្ទឹង​ត្រង់ ​ឈ្មោះ​ស៊ឹម ​គឹម​ថាត ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​រួម​ជា​មួយ​នឹង​បុគ្គ​លិក​របស់ខ្លួន​ចំនួន​៤​នាក់ ​និងមេ​ខ្លោង​មក​ពីខាង​ក្រៅ​ម្នាក់​ទៀត​ ប្រើ​ល្បិច​ប្លន់​យក​លុយ​ទាំង​នេះ ហើ​យ​ក្លែង​បន្លំ​​​​​​ធ្វើ​ជា​ចំណាប់ខ្មាំង​ទៅ​វិញ។

លោក​វរសេនីយ៍​ទោ ​សាន សុភា ​នាយ​ការិ​យា​ល័យ​​នគរបាល​​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​​​​ឱ្យ​ដឹង​ដែរថា ​ក្រោយ​​ពី​​កើតមាន​ព្រឹត្តការណ៍​ភ្ញាក់​ផ្អើល​ពេញ​ស្រុក​ស្ទឹង​ត្រង់​​ ដែល​ដំបូង​​ឡើយ​ល្បី​ថា​​មាន​ចោរ​ញៀនថ្នាំ​ចូល​ទៅចាប់​បុគ្គ​លិក​​របស់​ធនាគារអេស៊ីលីដា ​នៅឃុំ​អារក្ស​ត្នោត​នោះ​ ត្រូវ​បាន​លោក​ឧត្តម​សេនីយ៍​ត្រី​ឆាយ គឹមសុន ស្នង​ការ​នគរបា​លខេត្ត ​​បញ្ជា​ឱ្យ​​រូប​លោក​និង​សហ​​​ការី​ចុះ​ទៅ​កន្លែងកើតហេតុ​ជា​បន្ទាន់​ដើម្បី​ឡោម​ព័ទ្ធ​ធនាគារ​ និង​រៀបចំ​យុទ្ធ​សាស្ត្រ​ ដើម្បី​រំដោះ​ចំណាប់ខ្មាំង​ចំនួន​២​នាក់ ​ដែល​កំពុងស្ថិត​នៅ​ក្នុង​បន្ទប់​បេឡា​ជាន់ខាង​ក្រោម ។ លោក​វរសេនីយ៍​ទោ នាយ​ការិយាល័យ​​​បន្តថា ​ប្រជាពលរដ្ឋ​រស់​នៅ​​ក្នុង​ទី​ប្រជុំ​ជន​ផ្សារ​បែក​អន្លូង​រាប់រយ​នាក់ ​នាំគ្នា​ឈរ​មើល​ពីចម្ងាយ​សំដៅ​ទៅ​​ធនាគារ​អេស៊ី​លី​ដា ​ហើយ​សូម្បី​តែអាជីវ​ករ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​ក៏​​​បាន​បិទ​តូប​នាំគ្នា​សម្ងំ​នៅ​ក្នុង​ផ្ទះ​រៀងៗ​ខ្លួន​ ​ដែរ ចំណែក​នៅខាង​មុខ​​អគារ​​ធនាគារ​​​​វិញ ​ដែល​មាន​ស្ថានីយលក់ប្រេង​ឥន្ធនៈ​មួយ​នោះ​ ក៏​​បាន​បិទ​​ដោយ​របង​លួសសំណាញ់​ និងមា​ន​បំពង់​ពន្លត់​អគ្គិ​ភ័យ​ទុក​ជា​ស្រេច ក្រែង​មាន​ហេតុ​ការណ៍​​ណា​មួយ​កើតឡើង​ជា​យថា​ហេតុ​ ។

​​ក្នុង​ហេតុការណ៍​ដែល​មិន​ធ្លាប់​កើត​មាន​ទាល់​តែសោះ​នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម​​នេះ នា​ព្រឹក​ព្រលឹម​ថ្ងៃទី​២៣ មករា ​កម្លាំង​​នគរ​បាល​ កង​រាជ​អាវុធ​ហត្ថ​ ទាហាន ​​និង​នគរបាល​អន្តរាគមន៍​​របស់​អគ្គស្នង​ការ​ដ្ឋាន​នគរបា​ល​ជាតិ​រាប់រយ​នាក់ ​បាន​រៀបចំ​ផែនការ​រំដោះ​ចំណាប់ខ្មាំង​ចំនួន​២​នាក់​​ក្នុងនោះ​មាន​ឈ្មោះ​ស៊ឹម ​គឹម​ថាត ​និងឈ្មោះ​ទឹម ​គុយ​ហេង ​តែ​មិនបាន​ប្រើកម្លាំង​សម្រុក​ចូល​ទៅ​ក្នុង​ធនាគារ​ឡើយ ព្រោះ​​ខ្លាច​​​មាន​គ្រោះ​ថ្នាក់​​​ដល់ចំណាប់​ខ្មាំង។​ ក្នុងពេល​នោះ​ឧក្រិដ្ឋ​ជន​បាន​ទាម​ទារ​យក​ថ្នាំ​ញៀន​រហូតដល់​ទៅ​២​លើក ​លុះ​ដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃដដែល​មាន​​ម៉ូតូ​២គ្រឿង​​បាន​ជិះ​ចេញពី​ក្នុងធនាគារ​ ព្រម​ទាំង​មាន​មនុស្ស​៣​នាក់​ជិះ​ផងដែរ ​ដោយ​ក្នុង​នោះ​១គ្រឿង​ជិះ​គ្នា​២​នាក់ ​ប៉ុន្តែ​ពេល​ជិះ​ចេញ​គេច​​ខ្លួន​មិន​បាន​ប៉ុន្មានម៉ោង​ផង ​ក៏​ត្រូវ​ចាប់​​ខ្លួន​បាន​៣នាក់ ​គឺមាន​ចំណាប់ខ្មាំង​២​នាក់​ និង​ឈ្មោះ​ស៊ិន ​តុលា​ ផងដែរ ​។ ​​ក្រោយ​មក​ក៏​​បាន​ចាប់ខ្លួន​​​​​​ជា​បន្ត​បន្ទាប់​​សរុប​រហូត​ដល់​ទៅ​៦​នាក់​ក្នុងនោះ​មាន​បុគ្គលិក​ធនាគារ​៥នាក់ ​ទើប​ដឹង​ថា​សុទ្ធ​តែ​ជាការ​រៀប​ចំ​ឆាក​ដោយ​បុគ្គ​លិក​ធនាគារ​ដែល​ចាយ​​លុយ​ធនាគារ​អស់​ក៏​បែក​គំនិត​រៀបចំ​គម្រោង​ប្លន់​លុយ​ធនាគារ ។ បន្ទាប់​ពីការ​ចាប់​ខ្លួន​បញ្ជូន​មកកាន់ស្នងការ​ដា្ន​នគរបាល​ខេត្ត ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៥ មករា ​ជន​ទាំង​នេះ​ត្រូវ​​បាន​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ។

លោក​វរ​សេនីយ៍​ឯក​ជឹម​ សេងហុង​ ស្នង​ការ​រង​នគរ​បាល​ខេត្ត​ មានប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា​ នេះ​ជា​ការ​រៀបចំ​គម្រោង​ប្លន់​លុយ​ធនាគារ​អេស៊ី​លីដា​ ដោយ​មេ​ខ្លោង​​ឈ្មោះ​ ស៊ឹម​ គឹមថាត​ ជា​អ្នក​កាន់​បេឡា​ ហើយបាន​​រៀបចំ​ឆាក​ថា​ខ្លួន​ជា​ចំណាប់​​ខ្មាំង​រង​គ្រោះ ។​ លោក​ស្នង​ការ​រង​នគរ​បាល​ខេត្ត​​​បញ្ជាក់​ថា​ ក្រៅ​ពី​ជន​ទាំង​៦​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​បាន​នោះ​ ​ជន​ទី​៧​ ឈ្មោះ​ ស៊ឹម គឹម​ថុល​ ត្រូវ​ជា​ប្អូន​របស់​អ្នក​កាន់​បេឡា​ធនាគារ​ ដែល​បាន​វេច​លុយ​រត់​គេច​ខ្លួន​បាត់​ ក៏​កំពុង​ត្រូវ​បាន​ស្វែង​រក​ចាប់​​ខ្លួនដែរ​ ។​ ដោយ​ឡែក​ ចំពោះ​ស្ត្រី​ឈ្មោះ​ ឡេង ស៊ីថុន​ អាយុ​៣៦​ឆ្នាំ​ ត្រូវ​ជា​ប្រពន្ធ​របស់​​អ្នក​កាន់​បេឡា​​រូប​នេះ​ ដំបូង​ត្រូវ​បាន​សង្ស័យ​ថា​មាន​ការ​ពាក់​ព័ន្ធ​ តែ​​ក្រោយ​ពី​សមត្ថ​កិច្ច​ហៅ​មក​សួរ​នាំ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ មករា​ មិន​មាន​ការ​ពាក់​ព័ន្ធ​ ក៏​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ។​

និយោជក​ធនាគារ​បាន​ឱ្យ​ដឹង​ថា​ ​ ខាង​ធនា​​​​​គារ​បាន​បណ្តេញ​បុគ្គលិក​ទាំង​៥​នាក់​នោះ​ហើយ​ និង​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​តាម​ច្បាប់ ។​ ជាមួយគ្នា​នេះ​ រាល់​ទង្វើ​របស់​ពួក​គេ​ ក៏​ជា​​មេរៀន​មួយ​ដែល​ធនាគារ​ចាំបាច់​​ត្រូវ​ពង្រឹង​ការ​ធ្វើ​សវនកម្ម​ផ្ទៃ​ក្នុង​ឱ្យ​បាន​ល្អ​ជាង​មុន​ផង​ដែរ ៕​