រាជធានីភ្នំពេញ ៖ ព្រះសង្ឃមួយអង្គគង់នៅវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតក្នុងភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ បានសុគតនៅក្នុងកុដិហើយធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី២៨ វិច្ឆិកា ២០១២ បន្ទាប់ពីបាត់ព្រះកាយមិនបានមកឆាន់បាយពេលព្រឹក និងពេលថ្ងៃត្រង់ ។ ទាក់ទិននឹងការសុគតនេះត្រូវប៉ូលិសឱ្យដឹងថា ដោយសារតែគាំងបេះដូង ។
ព្រះសង្ឃដែលសុគតនោះព្រះនាមឡោ ចាន់ល័ក្ខ ព្រះជន្ម២៥ឆ្នាំ មានទីលំនៅភូមិកងត្រង់ណឹង ឃុំកងត្រង់ណឹង ស្រុកកងមាស ខេត្តកំពង់ចាម បានសិងសុគតលើគ្រែក្នុងកុដិ តែគេពុំដឹងថា សុគតតាំងពីពេលណានោះឡើយ ។
តាមមន្ត្រីប៉ូលិសឱ្យដឹងថា ព្រះសង្ឃបានបាត់ព្រះកាយមិនឃើញមកឆាន់បាយតាំងពីព្រឹករហូតដល់ថ្ងៃ តែពុំមានកូនសិស្សចាប់អារម្មណ៍ឡើយ ។ លុះពេលរសៀលថ្ងៃទី២៨ វិច្ឆិកា ២០១២ ទើបកូនសិស្សមានការសង្ស័យបានទាក់ទងទៅមិត្តភក្តិនាំគ្នាទៅកុដិមើល ក៏ឃើញបន្ទប់ចាក់គន្លឹសពីក្នុង ហើយព្រះសង្ឃនិងកូនសិស្សបាននាំគ្នារុញទម្លាយទ្វារ ស្រាប់តែឃើញព្រះសង្ឃអង្គនោះសិងសុគតបាត់ទៅហើយ ។ នៅវេលាយប់ប៉ូលិសមូលដ្ឋាន និងប៉ូលិសបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងពេទ្យតុលាការបានចុះទៅពិនិត្យសព និងធ្វើការសន្និដ្ឋានថា ព្រះសង្ឃអង្គនោះគាំងបេះដូងស្លាប់ ៕
ចែករំលែកព័តមាននេះ