រាជធានីភ្នំពេញ ៖ ភ្នាក់ងារសន្តិសុខឯកជនម្នាក់ដែលបានទៅរកពួកនាងៗនៅទំនប់ទួលគោក(ផ្លូវលេខ៧០) បានធ្លាក់ក្នុងអន្លង់ស្នេហ៍ឱបថើបរបស់នាងៗ២នាក់ដែលឆក់ឱកាសបន្លំយកកាបូបលុយរួចរត់គេចខ្លួនបាត់ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ផងដែរនោះ គឺនៅពេលដែលភ្នាក់ងារសន្តិសុខរូបនេះ រត់ដេញតាមចាប់ស្រ្តីឆក់កាបូបនោះ ជនម្នាក់ដែលគេអះអាងថា ជាក្រុមកាងស្រីក៏បានលួចយកម៉ូតូម៉ាកគុបមូលកញ្ចាស់មួយគ្រឿងបណ្តើររត់ចូលទៅលាក់ទុកនៅក្នុងបន្ទប់ ។ ទោះបីជាយ៉ាងណា ត្រូវប្រជាពលរដ្ឋនាំគ្នាស្រែកថា ចោរៗ និងមានអន្តរាគមន៍ពីប៉ូលិសផង ក៏ដេញចាប់បានជាមួយម៉ូតូដែលប្រុងលួច ។
ហេតុការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ វិច្ឆិកា នៅតាមផ្លូវលេខ៧០ ក្បែរផ្លូវរថភ្លើង ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។ ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះបាន ណារ័ត្ន អាយុ២៦ឆ្នាំ ស្នាកនៅផ្ទះជួលតាមផ្លូវរថភ្លើងក្បែរកន្លែងកើតហេតុ ។ ចំណែកភ្នាក់ងារសន្តិសុខជាម្ចាស់ម៉ូតូឈ្មោះសំ កំសាន្ត អាយុ៣៧ឆ្នាំ មានទីលំនៅក្បែរវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមសមត្ថកិច្ចឱ្យដឹងថា នៅវេលាទៀបភ្លឺនោះបន្ទាប់ពីផឹកស្រវឹង ឈ្មោះសំ កំសាន្ត បានជិះម៉ូតូម៉ាកគុបមូលសេ៥០ ពណ៌ស្លែមួយគ្រឿង តែម្នាក់ឯងមករកស្រីរកស៊ីឱបថើបនៅលើទំនប់ទួលគោក ដើម្បីឡើងឋានសួគ៌ ។ ខណៈនោះ គេបានជួបស្រីចំនួន២នាក់ ដែលកំពុងឈររបោយដៃហៅម៉ូយតាមផ្លូវលេខ៧០ ក៏ឈប់ម៉ូតូចរចាថ្លៃគ្នា ។ ទន្ទឹមនឹងនោះ ស្រីពីរនាក់នេះបានចាប់រូបគេឱបថើប ហើយបន្លំលូកយកកាបូបដែលមានប្រាក់ចំនួន៩ម៉ឺនរៀលរួចរត់គេចខ្លួនបាត់ ។
មន្ត្រីសមត្ថកិច្ចបន្តថា នៅពេលនោះភ្នាក់ងារសន្តិសុខរូបនេះបានរត់ដេញតាមចាប់ស្រី្តពីរនាក់នោះ ហើយជនសង្ស័យឆ្លៀតឱកាសមកលួចម៉ូតូបណ្តើរយកទៅទុកក្នុងបន្ទប់ជួល តែត្រូវប្រជាពលរដ្ឋឃើញក៏នាំគ្នាស្រែកថា ចោរៗ និងដេញចាប់ជាមួយម្ចាស់ម៉ូតូ ។ គាប់ជួនពេលនោះប៉ូលិសល្បាតនៅក្បែរនោះ ឃើញហេតុការណ៍ក៏ជួយអន្តរាគមន៍ចាប់បាន ព្រមទាំងដកហូតម៉ូតូមកវិញ ។ ចំណែកស្ត្រី២នាក់នោះបានគេចខ្លួនបាត់ ។
គួរបញ្ជាក់ថា នៅលើទំនប់ទួលគោក(ផ្លូវលេខ៧០) និងលេខ២៧៣ ពេលយប់ជាកន្លែងដែលស្ត្រីរកស៊ីផ្លូវភេទ និងជនខិលខូចដែលគេអះអាងថា ជាជើងកាងជាសង្សារស្រ្តីរកសីុផ្លូវភេទចេញមកបោយដៃហៅម៉ូយ ហើយឆ្លៀតប្រើវិធីគ្រប់រូបភាពដើម្បីធ្វើសកម្មភាពលួច ឬប្លន់អ្នកដែលទៅរកស្រី ។ កន្លងមក មានបុរសជាច្រើននាក់ដែលខ្លះជានិស្សិត និងខ្លះទៀតជាមន្ត្រីរាជការក៏បានលង់ស្នេហ៍ស្ត្រីរកស៊ីផ្លូវភេទ អស់ទាំងប្រាក់ និងម៉ូតូ ហើយខ្លះមិនហ៊ានទៅប្តឹងប៉ូលិសផង ព្រោះខ្លាចខ្មាសគេ ។ នេះព្រោះតែសម្រស់ស្ត្រីរកស៊ីផ្លូវភេទ។ ទោះបីជាយ៉ាងណាគេសង្ស័យថា ស្រ្តីរកស៊ីផ្លូវភេទ និងជនសង្ស័យជាបក្សពួកតែមួយ ៕
ចែករំលែកព័តមាននេះ