រាជធានីភ្នំពេញ ៖ ពិធីប្រកាសផ្លាស់ប្តូរជាផ្លូវការនូវមុខតំណែងស្នងការ, ស្នងការរង និងមន្ត្រីថ្នាក់ការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាច្រើនរូបបានត្រូវធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី៣ តុលា ២០១២ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ហើយពិធី គឺធ្វើនៅសាលប្រជុំស្នងការដ្ឋានតែម្តង ។
យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ត្រូវបានក្រសួងមហាផ្ទៃផ្លាស់ឲ្យទៅកាន់តំណែងជាប្រធាននាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃជំនួសលោឧត្តមសេនីយ៍ ជិន សារឿន បន្ទាប់ពីលោកទូច ណារ៉ុថ បានផ្ទេរពីស្នងការនគរបាលខេត្តកំពង់ឆ្នាំង មកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញរយៈពេល៧ឆ្នាំកន្លងមក ។
ប្រភពបានឲ្យដឹងទៀតថា តំណែងស្នងការនគរបាលបណ្តោះរាជធានីភ្នំពេញ ត្រូវគ្រប់គ្រងដោយលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បន្ថែមលើតួនាទីបច្ចុប្បន្នរបស់លោកជាអគ្គស្នងការរងនគរបាលជាតិ ។ ពិធីផ្ទេរតំណែងខាងលើនឹងត្រូវធ្វើ បន្ទាប់ពីព្រះមហាក្សត្រកម្ពុជាឡាយព្រះហស្ថលេខាដំឡើងឋានន្តរស័ក្តិលោកទូច ណារ៉ុថ ជាឧត្តមសេនីយ៍ទោរួចរាល់សិន ។ ក្រៅពីនេះ នៅមានការផ្លាស់ប្តូរមុខនាទីមន្ត្រីជាច្រើនរូបទៀតនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដូចជាលោកប៉ុល ភិធេយ្យ ស្នងការរងត្រូវដំឡើងទៅកាន់ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ, លោកជួន ណារិន្ទ បច្ចុប្បន្នប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ត្រូវឡើងទៅកាន់ជាស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលនគរបាលយុត្តិធម៌ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា លោកវរសេនីយ៍ឯកយឹម សំណាង ស្នងការរងទទួលបន្ទុកជាប្រធានការិយាល័យកណ្តាលនគរបាលមធ្យោបាយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវឡើងធ្វើជាប្រធាននាយកដ្ឋានប៉ុស្តិ៍រដ្ឋបាលនៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃវិញ និងត្រូវដំឡើងឋានន្ទរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ។ កៅអីលោកយឹម សំណាង ត្រូវបានដាក់ជំនួសដោយលោកវរសេនីយ៍ទោបេដា ណារ៉ា ដែលបច្ចុប្បន្នជាប្រធានការិយាល័យគណនេយ្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ដោយឡែកនៅក្រសួងមហាផ្ទៃវិញ ក៏បានលេចឮព័ត៌មានថា លោកឧត្តមសេនីយ៍ត្រីសុខ ខេមរិន បច្ចុប្បន្នជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ត្រូវបានឡើងជាឧត្តមសេនីយ៍ទោ និងបានផ្ទេរភារកិច្ចទៅកាន់ប្រធាននាយកដ្ឋានតម្រួតបទបញ្ជាជំនួសលោកឧត្តមសេនីយ៍គឹម សាម៉ន ត្រូវចូលនិវត្តន៍ ។ ទាក់ទិនលេចឮព័ត៌មានដោះដូរមន្ត្រីនគរបាលជាតិនៅរាជធានីភ្នំពេញ ថ្នាក់ស្នងការ ស្នងការរង និងប្រធានការិយាល័យខាងលើនេះ នៅមានមន្ត្រីនគរបាលជាតិថ្នាក់ក្រោមជាច្រើននាក់ទៀត ក៏ត្រូវបានដោះដូរដែរ ហើយការដោះដូរនោះនឹងអាចធ្វើនៅចុងសបា្តហ៍នេះ ។
ទោះជាយ៉ាងណា កោះសន្តិភាពបានព្យាយាមទាក់ទងទៅសាមីជនមានឈ្មោះដែលគេនិយាយតៗគ្នា នៅថ្ងៃទី៣០ កញ្ញា ២០១២ លោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការរាជធានីភ្នំពេញ ទូរស័ព្ទមិនអាចទាក់ទងបានទេ ដោយមន្ត្រីស្និទ្ធនឹងលោកប្រាប់ថា ជាប់បំពេញការងារនៅប្រទេសវៀតណាម ។ លោកឧត្តមសេនីយ៍ត្រីប៉ុល ភិធេយ្យ បានមានប្រសាសន៍តាមទូរស័ព្ទទាំងទឹកចិត្តសប្បាយរីករាយលេងសើចផងថា មកដល់ពេលនេះឃើញសារព័ត៌មានចុះផ្សាយពេញទឹកពេញដីថា មានការដោះដូររូបលោក ក៏ប៉ុន្តែលោកផ្ទាល់តែម្តង មិនទាន់ទទួលអ្វីទាំងអស់ ដូចដែលកាសែតបានផ្សាយនោះទេ ៕
ចែករំលែកព័តមាននេះ