លោកនុត ណារ៉ាង ត្រូវបានតែងតាំងជាឯកអគ្គរាជទូតនៅអង្គការយូណេស្កូ
ដោយ ៖ អប្សរា
ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៤:១២
រាជធានីភ្នំពេញ ៖ កម្ពុជា បានផ្លាស់ប្តូរឯកអគ្គរាជទូតប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅប្រទេសបារាំង ដោយតែងតាំងលោកនុត ណារ៉ាង ជំនួសលោកជំទាវ ខែក ស៊ីសូដា ដែលបញ្ចប់អាណត្តិ ។ លោកនុត ណារ៉ាង ត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពថ្មីនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការយូណេស្កូ ជំនួសលោកជំទាវ ខែក ស៊ីសូដា ។ លោកនុត ណារ៉ាង នឹងត្រូវចេញដំណើរក្នុងពេលឆាប់ៗនេះ ដើម្បីទៅបំពេញបេសកកម្មក្នុងតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូ ក្នុងអាណត្តិរយៈពេល៣ឆ្នាំ ។
លោកនុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចូលជួបសំដែងការគួរសម និងជំរាបលាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៦ កញ្ញា ឆ្នាំ២០១០ នៅវិមានរដ្ឋសភា ។ សម្តេចហេង សំរិន បានមានប្រសាសន៍ផ្តល់នូវអនុសាសន៍ដល់លោកឯកអគ្គរាជទូតថ្មីរបស់កម្ពុជា ប្រចាំអង្គការយូណេស្កូ ត្រូវធ្វើការបកស្រាយឱ្យទាន់ពេលវេលារាល់ព័ត៌មានដែលមួលបង្កាច់ពីប្រទេសកម្ពុជា ពិសេសគឺប្រាប់បណ្តាប្រទេសជាមិត្ត និងអង្គទូតនានា ពីការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា ក្រោយពេលដែលប្រាសាទព្រះវិហារ ត្រូវបានបញ្ចូលជាបេតិកភណ្ឌពិភពលោក ។
លោកគាំម កុសល នាយកឧទ្ទកាល័យសម្តេចហេង សំរិន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីជំនួបនោះថា សម្តេចហេង សំរិន បានផ្តាំផ្ញើដល់លោកនុត ណារ៉ាង ថាព្រឹត្តិការណ៍សំខាន់នៃការទៅធ្វើជាទូតនៅអង្គការយូណេស្កូ គឺធ្វើយ៉ាងណាត្រូវទប់ទល់បញ្ហាថៃឈ្លានពានលើកម្ពុជា ដោយត្រូវខិតខំវាយបកឱ្យទាន់ពេលវេលា ហើយផ្សព្វផ្សាយជាមួយបណ្តាប្រទេសជាសមាជិក និងរាល់បណ្តាទូតរបស់អង្កការយូណេស្កូ ។
លោកគាំម កុសល បានបន្តថា កម្ពុជាត្រៀមគ្រប់មធ្យោបាយដោយយកច្បាប់ជាមូលដ្ឋាន ក្នុងនោះជំហររបស់កម្ពុជា គឺគោរពធម្មនុញ្ញអាស៊ាន អង្គការសហប្រជាជាតិ និងច្បាប់នានា ជាគោល ដោយមិនមែនដូចថៃដែលចេះតែគូសផែនទី ហើយចង្អុលចូលមក (ក្នុងទឹកដីកម្ពុជា) នោះទេ ។ លោកនុត ណារ៉ាង ដែលត្រូវចេញទៅបំពេញបេសកកម្មការទូតនៅអង្គការយូណេស្កូ បានទទួលយកអនុសាសន៍របស់សម្តេចហេង សំរិន ហើយបេ្តជ្ញាថា នឹងខិតខំប្រឹងប្រែងដើម្បីបំពេញទួនាទីជាឯកអគ្គរាជទូតរបស់កម្ពុជាក្នុងវិស័យវប្បធម៌ នៅអង្គការយូណេស្កូ ឱ្យទទួលបានជោគជ័យ ។
លោកនុត ណារ៉ាង បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចការនេះ ចាំបាច់ត្រូវពន្យល់ឱ្យគេយល់ច្បាស់ពីអតីតកាលរបស់ទឹកដីកម្ពុជាប៉ុនណា? ហើយយើងនៅសល់សព្វថ្ងៃប៉ុណ្ណឹង ក្នុងនោះប្រាសាទនានា នៅជុំវិញប្រទេសកម្ពុជា ពិសេសប្រាសាទនៅថៃ សុទ្ធតែជារបស់ខ្មែរ ។ លោកនុត ណារ៉ាង គូសបញ្ជាក់ថា ការកសាងប្រាសាទព្រះ វិហារជានិមិត្តរូប ដើម្បីចងភ្ជាប់ដែនដីអាណាចក្រខ្មែរពីខាងត្បូងទៅខាងជើង ។ ម្យ៉ាងទៀត ប្រាសាទព្រះវិហារបានកើតឡើងមុនការកកើតប្រទេសថៃទៅទៀត ។ លោកបានបញ្ជាក់ទៀតថា ផ្អែកតាមប្រវត្តិសាស្ត្រយើងត្រូវពន្យល់ឱ្យគេយល់ពីសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា ហើយត្រូវខិតខំការពារចំពោះបញ្ហាផ្សេងទៀត ដែលថៃបានកេងបន្លំលើវិស័យវប្បធម៌របស់កម្ពុជាយើងជាច្រើន ហើយថៃចេះតែនិយាយផ្តេសផ្តាស ៕