ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា និងថៃ ដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំសាងាំ ស្ថិតនៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង កំពុងកើតមានស្ថានភាពស្មុគស្មាញ ដោយសារតែសមត្ថកិច្ចទាំងពីរប្រទេសបានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក ។ កងកម្លាំងទាហានឈុតខ្មៅសៀមជាង១០នាក់កាលពីព្រឹកថ្ងៃទី១១ សីហា បានចូលមករារាំងសមត្ថកិច្ចកម្ពុជាមិនឱ្យសង់រោងធ្វើការងារ លុះព្រឹកថ្ងៃទី១២សីហា ខាងសមត្ថកិច្ចកម្ពុជាក៏បានហាមឃាត់រារាំងមិនឱ្យខាងភាគីថៃដំឡើងរូបសញ្ញាព្រះរាជវាំងថៃ និងដាក់ទង់ជាតិរបស់ខ្លួននៅក្បែរមាត់ច្រកទ្វារ អន្តរជាតិដែរ ព្រោះតែព្រំដែនចំណុចនេះមិនទាន់បានកំណត់ច្បាស់លាស់ថាកន្លែងណាជាទឹកដីថៃ កន្លែងណាជាទឹកដីកម្ពុជានៅឡើយ ។ សូមបញ្ជាក់ថា កាលពីខែមេសាកន្លងទៅខាងភាគីថៃបានទាមទារឱ្យកម្ពុជាដកទង់ជាតិចេញពីតាមរបងព្រំដែន តែពេលនេះសៀមខ្លួនឯងមកដាក់ទង់ជាតិនៅជាប់របងព្រំដែនតែម្តង ។
សមត្ថកិច្ចនិងមន្ត្រីកម្ពុជានៅមាត់ច្រកទ្វារអន្តរជាតិជាំសាងាំ បានឱ្យដឹងថា កន្លងមកកម្ពុជាយើងមានការអត់ធ្មត់ណាស់ សូម្បីខាងភាគីថៃសាងសង់អ្វីបន្តិចបន្តួចគឺខាងកម្ពុជាមិនដែលជំទាស់និងរារាំងទេ តែខាងភាគីថៃកន្លងមកសូម្បីតែប្រជាពលរដ្ឋខ្មែរដាក់ស្លាកផ្ទះសំណាក់និងកងកម្លាំងទាហានកម្ពុជាដាក់ទង់ជាតិនៅមុខបន្ទាយដែលមានចម្ងាយពីបារ៉ាស់ប្រមាណ១០០ម៉ែត្រសម្រាប់ទទួលបុណ្យចូលឆ្នាំថ្មីជាប្រពៃណីជាតិខ្មែរ ក៏ក្រុមទាហានឈុតខ្មៅសៀមចូលមកធ្វើការរារាំងដែរ ។ បន្ទាប់មកទៀត សមត្ថកិច្ចទាំងពីរប្រទេសបានផ្លាស់ប្តូរមាត់ច្រកទ្វារចាស់មកដាក់ទីតាំងនៅមាត់ច្រកទ្វារថ្មី ចំណែកខាងភាគីថៃបានស្ទូចអូស្កូមកដាក់នៅលើផ្លូវកៅស៊ូដែលស្ថិតនៅក្បែរមាត់ច្រកទ្វារសម្រាប់បម្រើការងារ ។ រីឯខាងកម្ពុជាវិញ សូម្បីតែសាងសង់រោងសម្រាប់បម្រើការងារទាំង៤ស្ថាប័ន ក៏ខាងភាគីថៃរារាំងដែរ តែបើចង់កសាងគឺត្រូវថយចេញពីបារ៉ាស់ចម្ងាយពី១៥០ទៅ២០០ម៉ែត្រ ទើបសាងសង់បាន ។ ដូច្នេះសមត្ថកិច្ចកម្ពុជាសុខចិត្តធ្វើរោងតូចមួយនៅជាប់បារ៉ាស់ធ្វើការរួមគ្នាទាំង៤ស្ថាប័នតែម្តង ដោយមិនថយតាមការកំណត់របស់សៀមនោះទេ ។
មន្ត្រីកម្ពុជាបានបញ្ជាក់ពីការដើរខ្សែលើនិងជាឥរិយាបថផ្គើនរបស់ថៃថា នាព្រឹកថ្ងៃទី១០ សីហា កម្ពុជាយើងបានឃើញខាងភាគីថៃសាងសង់រោងធ្វើទិវាដាំកូនឈើដែលស្ថិតនៅក្បែរព្រំដែនជាប់នឹងបារ៉ាស់ ហើយកម្ពុជាបានធ្វើការរារាំង ពេលនោះគឺថៃយល់ព្រម តែការយល់ព្រមនោះប្រៀបដូចជាសម្តីកូនក្មេង ព្រោះតែយកកូនឈើមកដាំនៅជាប់នឹងបារ៉ាស់ដដែល ។ បន្ទាប់មក លោកឧត្តមសេនីយ៍ទោ នួន នៅ មេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទិសស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ បានចុះទៅដល់ដោយតម្រូវឱ្យភាគីថៃដកកូនឈើចេញពីបារ៉ាស់ព្រំដែនឱ្យអស់ និងអាចឱ្យដាំបាននៅចម្ងាយ២០០ម៉ែត្រពីបារ៉ាស់ ហើយខាងភាគីថៃបានដកចេញមែន តែពេលកម្ពុជាដើរចេញមកវិញខាងថៃបានដាំវិញ ដែលទង្វើបែបនេះគឺភាគីថៃមាក់ងាយកម្ពុជាទាំងស្រុង ។
ដោយឃើញទង្វើថៃបែបនេះ ខាងកម្ពុជាក៏បាននាំគ្នាសង់កូនរោងតូចមួយក្បែរបារ៉ាស់ ដោយប្រក់តង់នាព្រឹកថ្ងៃទី១១ សីហា ស្រាប់តែមានក្រុមទាហានឈុតខ្មៅថៃចូលមករារាំង ហើយខាងភាគីកម្ពុជាបានឆ្លើយតបវិញថា កូនរោងនេះខាងកម្ពុជារុះរើវិញបាន តែសុំឱ្យខាងភាគីថៃដកកូនឈើដែលដាំនៅក្បែរមាត់ច្រកទ្វារនេះឱ្យអស់សិន ទើបកម្ពុជារុះរើរោងនេះវិញ ។ លុះព្រឹកថ្ងៃទី១២សីហា ស្រាប់តែខាងថៃដំឡើងរូបសញ្ញាព្រះរាជវាំងនិងដាក់ទង់ជាតិរបស់ខ្លួនដោយចាត់ទុកថា ចំណុចព្រំដែននេះបានកំណត់ច្បាស់លាស់ហើយ ។
មន្ត្រីទាហាន សមត្ថកិច្ច និងមន្ត្រីកម្ពុជា ដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំសាងាំ បានស្នើដល់គណៈកម្មាធិការព្រំដែនទាំងពីរប្រទេស បើមិនឆាប់ដោះស្រាយបញ្ហាព្រំដែននេះទេគឺព្រំដែននេះនឹងឡើងកម្តៅនាពេលខាងមុខជាមិនខាន ព្រមទាំងអាចប្រឈមមុខដាក់គ្នាដោយអាវុធទៀតផង ។ លោកឧត្តមសេនីយ៍ទោ នួន នៅ បានឱ្យដឹងថា ហេតុការណ៍នេះលោកកំពុងតែធ្វើការដោះស្រាយជាមួយខាងភាគីថៃហើយ តែមិនទាន់ចេញជាលទ្ធផលអ្វីនៅឡើយទេ ៕
ចែករំលែកព័តមាននេះ