រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងទាំងព្រឹករវាងរថយន្តឆ្លាម និងបាឡែនបុកគ្នានៅចំណុចកែងផ្លូវលេខ៩០និង៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៥ សីហា ២០១២ បណ្តាលឱ្យស្ត្រីម្នាក់រងរបួសជើង និងខូចខាតរថយន្ត ។
ប្រភពព័ត៌មានឱ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន បើកតាមបណ្តោយផ្លូវលេខ៦១ ឆ្ពោះទៅទិសខាងជើង លុះមកដល់កែងផ្លូវលេខ៩០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ស្រាប់តែមានរថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ដែលបើកក្នុងល្បឿនលឿនលើកំណាត់ផ្លូវលេខ៩០ បុកចំហៀងកង់ខាងឆ្វេងពេញទំហឹង បណ្តាលឱ្យរថយន្តបាឡែនជ្រុលឡើងទៅលើចិញ្ចើមផ្លូវមុខហាងលក់គុយទាវ រីឯរថយន្តកាមរីឆ្លាមវិញ បែរក្បាលទៅទិសខាងជើង និងខូចខាតផ្នែកខាងមុខធ្ងន់ ហើយក្នុងហេតុការណ៍នេះ បណ្តាលឱ្យស្ត្រីម្នាក់ដើរលក់វែនតារងរបួសជើងខាងស្តាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ ។ នគរបាលប៉ុស្តិ៍រដ្ឋបាលបាននិយាយថា អត្តសញ្ញាណម្ចាស់រថយន្តទាំងពីរមិនត្រូវបានគេបង្ហាញឱ្យស្គាល់នោះទេ ហើយភាគីខាងរថយន្តឆ្លាមបានអះអាងថា រូបគេបើកបររថយន្តលឿនបន្តិចដោយប្រញាប់ជូនកូនទៅមន្ទីរពេទ្យគន្ធបុប្ផា ព្រោះកូនមានជំងឺចម្លែកហើយម្ចាស់រថយន្តនេះបានយល់ព្រមចេញសំណងឱ្យម្ចាស់រថយន្តបាឡែនចំនួន៣០០ដុល្លារ និងសងដល់ស្ត្រីម្នាក់ដែលរងរបួសជើងទៀតផង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ