រាជធានីភ្នំពេញ ៖ វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣១ កក្កដា ត្រង់ចំណុចក្រោយមណ្ឌលសុខភាពផ្សារដើមថ្កូវ តាមផ្លូវលេខ៤៣០ ក្រុម១៩ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើងស្មានតែគ្រាប់បែកផ្ទុះ ខណៈពេលរថយន្តដឹកដែកម៉ាក FUSO បែកកង់ផ្ទុះផ្អើលអ្នកកំពុងអង្គុយហូបមីឆានៅជិតកន្លែងកើតហេតុនាំគ្នារត់ជាន់ជើងគ្នា ។
បើតាមអ្នកបើករថយន្ត FUSO ចំណុះ៥តោន ពណ៌ផ្ទៃមេឃ សុំមិនបញ្ចេញឈ្មោះឱ្យដឹងថា រថយន្តនេះដឹកដែកសរសៃទម្ងន់១៥តោនចេញពីឃ្លាំងដឹកទៅខេត្តកំពង់ចាម លុះដឹកមកដល់ចំណុចខាងលើ រថយន្តធូរកង់ទើបបណ្តាលឱ្យបែកកង់ក្រោយខាងឆ្វេងផ្ទុះរយះសំបកកៅស៊ូ។ ហេតុការណ៍ផ្ទុះកង់រថយន្តដូចស្នូរផ្ទុះគ្រាប់បែកនោះមិនត្រឹមតែផ្អើលប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុនាំគ្នារត់ជាន់ជើងគ្នាប៉ុណ្ណោះទេ ថែមទាំងផ្អើលអស់សមត្ថកិច្ចមូលដ្ឋាននាំគ្នារត់ទៅមើលភ័យស្លន់ស្លោផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ