គ្រួសារមួយនៅអង់គ្លេសចិញ្ចឹមជ្រូកទុកជាសមាជិកមួយដែរ ដោយវាមានទម្ងន់ប្រហែល១៦០គីឡូក្រាម និងដេកលើសាឡុងក្នុងផ្ទះជាមួយម្ចាស់ ។កាលពី១៩ខែមុនជ្រូកនោះដែលមានឈ្មោះ«បេប»មានរូបរាងគួរឱ្យស្រឡាញ់ និងមានខ្នាតតូច ។ លោក ខូលីន វ៉េប បានទិញជ្រូក ពណ៌ស៊ីជម្ពូនោះតាមប្រព័ន្ធវេបសាយក្នុងតម្លៃ២៥០ផោន សម្រាប់ជារង្វាន់លើកទឹកចិត្តដល់លោកស្រីស៊ូស៊ី ប្រពន្ធរបស់ខ្លួន ។
ជ្រូកចិញ្ចឹមកម្សាន្តរបស់នាងប៉ារីស ហ៊ីលតុន និងនាងវិកតូរីយា៉ បេកខាំ មានកំពស់មិនលើសពី៣៥សង្ទីម៉ែត្រ និងទម្ងន់ប្រហែល២៨គីឡូក្រាម ប៉ុន្តែសម្រាប់ជ្រូក«បេប»មានកម្ពស់៩០សង្ទីម៉ែត្រ និងទម្ងន់ជាង១៥៨គីឡូក្រាម ហើយវានៅធំធាត់បន្តទៀត ដោយសារស៊ីសាច់ជ្រូក ចេក ស្ត្រ័រប៊ើរី និងខ្លាញ់ត្រី ។ ម្ចាស់ផ្តល់ឱ្យវាស៊ីចំណីទាំងនោះជារៀងរាល់ថ្ងៃដើម្បីជួយទ្រទ្រង់សន្លាក់ជើង ។
ទំហំខ្លួនរបស់«បេប»ក្នុងពេលបច្ចុប្បន្នមិនអាចចូលទៅបន្ទប់បាយ និងថែមទាំងមិនអាចឡើងលើជណ្តើរទៅដេកនៅចុងគ្រែរបស់ម្ចាស់បានទេ ។ កន្លែងដេករបស់វាគឺនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ដោយលោកខូលីនយកឈើរនាបរឹងសម្រាប់ទ្រនៅពីក្រោមសាឡុងដើម្បីទប់ទម្ងន់របស់វា ។ លោកខូលីន បញ្ជាក់ថា«កាលពីមុនខ្ញុំធ្លាប់នាំវាទៅដើរកម្សាន្ត ព្រោះមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ។ បច្ចុប្បន្នកន្លែងដេករបស់វានៅបរិវេណលើសាឡុងខាងមុខទូរទស្សន៍ក្នុងបន្ទប់ទទួលភ្ញៀវ» ៕
ចែករំលែកព័តមាននេះ