ខេត្តក្រចេះ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ផ្កាប់មុខលើចិញ្ចើមផ្លូវជាតិលេខ៧៦A កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២០ កក្កដា ស្ថិតនៅក្នុងភូមិគ្រញូងសែនជ័យ ឃុំ២ធ្នូ ស្រុកស្នូល ជាប់ព្រំប្រទល់ជាមួយស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសរូបនេះទើបតែមកស្នាក់នៅធ្វើជាកម្មករដាំដំឡូងមីបានបួនថ្ងៃប៉ុណ្ណោះ ដោយស្នាក់នៅជាមួយគ្រូបង្រៀនម្នាក់នៅភូមិ-ឃុំខាងលើ ។ បុរសរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះរឹទ្ធ អាយុប្រហែលជិត៤០ឆ្នាំ មានស្រុកកំណើតនៅស្រុកពញាក្រែក ខេត្តកំពង់ចាម ។ លោកឡុង សាវេត នាយកសាលាបឋមសិក្សាឆ្នែង បានឱ្យដឹងថា ជនរងគ្រោះខាងលើជាមនុស្សធ្លាប់ស្គាល់គ្នា ហើយបានមកសុំគាត់ស្នាក់នៅបណ្តោះអាសន្នដើម្បីស៊ីឈ្នួលធ្វើជាកម្មករចម្ការដំឡូងមី ។ គាត់បន្តថា នៅវេលាម៉ោងប្រហែលជា៧យប់ថ្ងៃទី១៩ កក្កដា មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយឮជនរងគ្រោះប្រាប់ថា ទៅរកទិញទៀនដើម្បីអុជបំភ្លឺ តែរហូតមកដល់ពេលព្រឹកបន្ទាប់ ស្រាប់តែមានគេមកប្រាប់គាត់ថា ឈ្មោះរឹទ្ធ បានស្លាប់បាត់ទៅហើយ។
លោកអ៊ុច សុផាន់ណា នាយផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ បានឱ្យដឹងថា ករណីខាងលើនេះជាករណីគ្រោះថ្នាក់ចរាចរណ៍ ។ ពេលនេះលោកកំពុងធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើដើម្បីស្វែងរកជនបង្ក ចំណែកសពត្រូវបានយកទៅតម្កល់ទុកនៅវត្តគ្រញូងសែនជ័យ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ៕
ចែករំលែកព័តមាននេះ