ខេត្តពោធិ៍សាត់ ៖ ប្តីប្រពន្ធពីរនាក់បានជិះម៉ូតូបុកគោយន្តដួលលើថ្នល់ បណ្តាលឱ្យប្តីបាក់ជើងម្ខាង ឯប្រពន្ធត្រូវរថយន្តមួយគ្រឿងមកពីមុខបុកជាប់កាងអូសលើផ្លូវកៅស៊ូចម្ងាយប្រហែល១.០០០ម៉ែត្រ ទើបធ្លាក់ បណ្តាលឱ្យដាច់រយះសាច់ ដាច់ឆ្អឹងជំនីរ ធ្លាយពោះវៀនចេញមកក្រៅស្លាប់ភ្លាមៗនៅនឹងកន្លែង ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងលើផ្លូវកៅស៊ូទៅស្រុកភ្នំក្រវាញ ត្រង់ចំណុចភូមិទួលក្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ កាលពីថ្ងៃទី១៨ កក្កដា ២០១២ វេលាម៉ោង៧និង២០នាទីយប់ ។
ប៉ូលិសចរាចរក្រុងពោធិ៍សាត់ ឱ្យដឹងថា ជនរងគ្រោះជាប្រពន្ធដែលស្លាប់ឈ្មោះតូច សុខជា អាយុ៣០ឆ្នាំ មានផ្ទៃពោះ ឯប្តីឈ្មោះយីម អាយុ៣១ឆ្នាំ បាក់ជើងម្ខាងរបួសយ៉ាងធ្ងន់ធ្ងរ។ ទាំងពីរនាក់រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ជិះម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ