រាជធានីភ្នំពេញ ៖ ម៉ូតូសេ១២៥មួយគ្រឿងបើកឆ្លងផ្លូវ ត្រង់ចំណុចរបាំងថ្មទាបសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ តែឡើងមិនរួចក៏រអិលថយក្រោយវិញប៉ះម៉ូតូសង់កូរ៉េកញ្ចាស់មួយគ្រឿងដឹកកាសែតលក់តាមហាងបណ្តាលឱ្យដួលជ្រុះកាសែតរាយពេញផ្លូវ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៧ កក្កដា តាមបណ្តោយមហាវិថីព្រះមុនីរ៉េត កែងផ្លូវលេខ២៣១ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
សាក្សីឃើញហេតុការណ៍ឱ្យដឹងថា នៅចំណុចទ្រូងផ្លូវខាងលើជាកន្លែងទាបបន្តិចសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ចូលផ្សារដើមគ ខណៈនោះស្រាប់តែម៉ូតូសេ១២៥ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់តាមមហាវិថីព្រះមុនីរ៉េត បានបើកឆ្លងកាត់ត្រង់ចំណុចទ្រូងផ្លូវនោះ ពីកើតទៅលិច តែឆ្លងមិនរួចក៏រអិលថយក្រោយវិញទៅប៉ះម៉ូតូសង់កូរ៉េកញ្ចាស់ ពណ៌ក្រហមមួយគ្រឿង ជិះពីត្បូងទៅជើង មានដឹកកាសែតយកទៅលក់តាមហាង បណ្តាលឱ្យដួលជ្រុះកាសែតរាយពេញផ្លូវ និងរងរបួសជើងបន្តិច ។
ប្រភពដដែលបន្តថា ដោយសារតែអ្នកលក់កាសែតរូបនោះក្រីក្រគ្មានម៉ូតូថ្មីជិះនឹងគេ ហើយខ្លាចខាងម៉ូតូសេ១២៥ឱ្យសងទៀតនោះ ទោះបីជារងរបួស និងវៀច.កម៉ូតូក៏ដោយមិនហ៊ានហាស្តីអ្វីទេ គិតតែពីប្រមូលកាសែតរៀបចំ ចំណែកអ្នកបើកម៉ូតូសេ១២៥ឃើញដូចនេះ ក៏សួរថា មានគ្រោះថ្នាក់អ្វីទេ? ចំណែកអ្នកលក់កាសែតកំពុងភ័យផងនោះបានប្រាប់ថាមិនអីទេ រួចនាំគ្នាលើកម៉ូតូជិះចេញទៅរៀងខ្លួន ៕
ចែករំលែកព័តមាននេះ