នៅក្នុងដំណើរទស្សនកិច្ចសង្កេតទិដ្ឋភាពសង្គម និងព័ត៌មានរបស់អ្នកកាសែតកម្ពុជា៦នាក់ ដែលបានទៅដល់ប្រទេសទួរគី កាលពីថ្ងៃទី៥ មិថុនា ២០១២ តាមការអញ្ជើ្របស់សាកលវិទ្យាល័យហ្សាមែន ដែលមានទីតាំងធំមួយក្នុងប្រទេសកម្ពុជានោះ អ្នកកាសែត៦នាក់របស់កម្ពុជា ក្នុងនោះមានអ្នកកាសែតកោះសន្តិភាពមួយរូបផងដែរ បានប្រាកដខ្លួននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ជាទីក្រុងសេដ្ឋកិច្ច ពាណិជ្ជកម្មដ៏ស៊ីវិល័យមួយ ខណទីនោះបានរៀបចំពិធីតាំងពិព័រណ៍អន្តរជាតិ Tuskon ស្តីពីការរីកចម្រើននៃសម្ភារសំណង់។
ជាការពិតណាស់ ការអញ្ជើញអ្នកកាសែតកម្ពុជា៦នាក់ ដែលមកពីស្ថាប័នព័ត៌មានឯកជនធំៗរបស់សាកលវិទ្យាល័យហ្សាមែន នាពេលនេះ គឺគោលបំណងចង់ឱ្យអ្នកកាសែតកម្ពុជាស្វែងយល់អំពីប្រទេសទួរគី និងការរីកចម្រើន ព្រមទាំងធ្វើយ៉ាងណាជួយផ្សព្វផ្សាយបន្តអំពីការទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងទួរគី និងអន្តរជាតិ ។ ជាពិសេសស្វែងយល់អំពីទេសចរណ៍ពាណិជ្ជកម្ម ការរីកចម្រើនផ្សេងៗ និងវប្បធម៌ដែលប្រទេសទួរគី ជាអតីតចក្រភពមួយក្នុងពិភពលោក រួមមានទីក្រុងធំៗ២ គឺអ៊ីស្តង់ប៊ុល និងរដ្ឋធានីអង់ការ៉ា ។
ការតាំងពិព័រណ៍អន្តរជាតិ Tuskon ស្តីពីសម្ភារសំណង់នេះ បានធ្វើឡើងនៅបរិវេណសណ្ឋាគារលំដាប់ផ្កាយ៥ មួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល គឺជាការបង្ហាញពីមោទនភាពនូវការរីកចម្រើនគ្រឿងសំណង់ ជ័រ ដែក ឈើប្រណីត អាលុយលីញ៉ូម អ៊ីណុក និងថ្មម៉ាប ព្រមទាំងគ្រឿងសង្ហារិមជាច្រើនប្រភេទ ។ ការតាំងពិព័រណ៍អន្តរជាតិមួយនេះបានធ្វើឱ្យអ្នកទស្សនាទាំងឡាយរមែងនឹកដល់ ឬចង់ស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗ នៅក្នុងប្រទេសទួរគី ជាពិសេសទីក្រុងស៊ីវិល័យ អ៊ីស្តង់ប៊ុលនេះតែម្តង ដែលប្រមូលផ្តុំទៅដោយធនាគារ ឧស្សាហកម្ម សំណង់ អចលនទ្រព្យ ទេសចរណ៍ ប្រេង បច្ចេកវិទ្យា និងវាយនភណ្ឌ ។
បន្ទាប់ពីទស្សនាការតាំងពិព័រណ៍រួចមក អ្នកកាសែតកោះសន្តិភាព និងអ្នកកាសែតនៃស្ថាប័នផ្សេងទៀតមកពីកម្ពុជាត្រូវបានគេនាំទៅទស្សនាអគារវប្បធម៌ដ៏ចំណាស់ចំនួន២ គឺ Mosque Haj Sophia និង Blue Mosque ដែលជាវិហារអ៊ិស្លាមល្បីល្បាញច្រើនសតវត្សបង្ហាញពីការកើតមានសាសនាអ៊ិស្លាម និងការទទួលសាសនាផ្សេងៗទៀត ។
សូមបញ្ជាក់ថា ប្រទេសទួរគីមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋទួរគី ស្ថិតលើទឹកដីជាប់គ្នារវាងទ្វីបអាស៊ី និងអឺរ៉ុប មានព្រំប្រទល់ជាប់នឹងប្រទេសចំនួន៩ គឺប្រទេសប៊ុលហ្ការី ក្រិក ចចជៀ អាមីនី អាហ្សៃបៃហ្សង់ អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និងប្រទេសសាយព្រើស និងផ្លូវទឹកជាប់សមុទ្រម៉េឌីទ័ររ៉ាណេ សមុទ្រខ្មៅ និងសមុទ្រអាហ្សេ ។ ប្រទេសទួរគីមានផ្ទៃដីទំហំ៧៨៣.៥៦២ គីឡូម៉ែត្រក្រឡា មានប្រជាជនជាង៧៤លាន នាក់ (ឆ្នាំ២០១១) ។ ទួរគីចូលជាសមាជិកអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៤៥ ។
ទួរគីជាប្រទេសឈរលំដាប់ទី១៥របស់ពិភពលោកដែលប្រជាពលរដ្ឋមានប្រាក់ចំណូលប្រចំាឆ្នាំខ្ពស់ GDP ១៤.៥១៧ដុល្លារ (ឆ្នាំ២០១១ ) និងស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទំាង២០លើពិភពលោក (G20) ។ទួរគីជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ចំណែកវិស័យទេសចរណ៍ ក៏មានកំណើន និងការរីកលូតលាស់យ៉ាងខ្លាំង ក្នុងនោះកាលពីឆ្នាំ២០០៨ មានភ្ញៀវទេសចរអន្តរជាតិចូលទៅកម្សាន្តសរុប៣១លាននាក់ ។ ឆ្នាំ២០០៧ សេដ្ឋកិច្ចរបស់ប្រទេសទួរគីបានឈរនៅលំដាប់លេខ៤លើពិភពលោក នៅពីលើប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសជប៉ុន ។
ស្តីពីទំនាក់ទំនងការទូតរវាងកម្ពុជា និងទួរគី វិញ គឺបានកើតឡើងតំាងពីឆ្នាំ១៩៧០ មកម្ល៉េះដែលការទំនាក់ទំនងនេះ គឺថ្នាក់ឯកអគ្គរាជទូត និងរដ្ឋទូត ប៉ុន្តែទួរគីពុំទាន់មានស្ថានឯកអគ្គរដ្ឋទុតនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ដោយប្រើប្រាស់និវេសនដ្ឋានឯកអគ្គរដ្ឋទូតនៅទីក្រុងបាងកក ប្រទេសថៃ ។ វិស័យពាណិជ្ជកម្មកម្ពុជានំាចូលទៅកាន់ប្រទេសទួរគី១២លានដុល្លារ ។ ចំណែកទួរគីនំាចូលមកកម្ពុជាវិញ៥,៣លានដុល្លារ ។
ក្រៅពីការបង្កើតសាកលវិទ្យាល័យហ្សាមែន នៅកម្ពុជា (Zaman Turkish) ដ៏ល្បីនោះ ទួរគីក៏ធ្វើការវិនិយោគមួយចំនួនទៀតដូចជា Starcell Mobile Telephone Operation បានដាក់ទុនវិនិយោគកាលពីឆ្នាំ២០០៧ ។ ជាមួយគ្នានេះដែរកម្ពុជាក៏បានបោះឆ្នោតគំាទ្រប្រទេសទួរគីជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០០៩-២០១០កន្លងមក៕
ចែករំលែកព័តមាននេះ