រាជធានីភ្នំពេញ ៖ ដោយសារខ្វះការយល់ដឹងក្នុងសង្គមបណ្តាលឱ្យនាងក្រមុំម្នាក់វិះនឹងធ្លាក់ចូលក្នុងក្រញាំព្រាននារីជាក្រុមជនអន្ធពាលនាំនាងយកទៅចាប់រំលោភក្នុងផ្ទះសំណាក់ តែសំណាងល្អនាងបានប្រវាយប្រតប់ជាមួយជនអន្ធពាល និងរត់ចេញក្រៅស្រែកឱ្យគេជួយ ។ នាងនិយាយទាំងស្រែកយំថា នេះគឺមកពីនាងចាញ់បោកមិត្តភក្តិស្រីដែលធ្វើការជាមួយគ្នា ឱ្យនាងជូនមករាជធានីភ្នំពេញដោយជិះរថយន្តតាក់ស៊ីពីកន្លែងធ្វើការនៅក្នុងហាងមួយក្នុងតំបន់អ្នកលឿងត្រើយខាងកើត ទីបំផុតគេបញ្ឆោតនាងឱ្យចូលក្នុងបន្ទប់ផ្ទះសំណាក់ប្រឈមនឹងការប៉ុនប៉ងចាប់រំលោភ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ឧសភា នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
នាងក្រមុំរូបនោះឈ្មោះឡាន ស្រីកា អាយុ២១ឆ្នាំ បម្រើការនៅក្នុងភោជនីយដ្ឋានអ្នកលឿង១៦៨ ក្នុងស្រុកពាមជ័រ ខេត្តព្រៃវែង និងមានស្រុកកំណើតនៅភូមិព្រែកតាសេក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។ ក្នុងទឹកមុខភ័យស្លេកស្លាំងនិងយំខ្សឹកខ្សួល នាងឡាន ស្រីកា បានរៀបរាប់ប្រាប់ពីដំណើររឿងចាញ់កលមិត្តភក្តិដែលនាំឱ្យនាងស្ទើរតែក្លាយទៅជាចំណីប្រុសព្រានថា នៅម៉ោង៣រសៀលថ្ងៃទី២០ ឧសភា នាងបានឡើងជិះតាក់ស៊ីជាមួយមិត្តភក្តិស្រីឈ្មោះស្រីនាង ជាអ្នកធ្វើការជាមួយគ្នានៅភោជនីយដ្ឋានអ្នកលឿង ដោយស្រីនាងប្រាប់ថា ជូននាងមកដើរលេងជាមួយមិត្តភកិ្តនៅរាជធានីភ្នំពេញ ។ នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល ស្រីនាងបាននាំនាងមកចាំមិត្តភក្តិនៅក្រោមស្ពានជ្រោយចង្វា ហើយក៏ជិះម៉ូតូឌុបចេញពីស្ពានជ្រោយចង្វាជាមួយគ្នាមកឈប់នៅមុខស្ថានីយទូរទស្សន៍អាសីុអាគ្នេយ៍ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជួបមនុស្សប្រុស៥នាក់ មានចិន៣នាក់ និងខ្មែរ២នាក់ ហើយនាំនាងជិះតាមម៉ូតូទៅផឹកស៊ីនៅហាងមួយដែលនាងមិនបានស្គាល់យីហោនោះទេ។
ស្រីកា បន្តថា ក្រោយពីផឹកស៊ីនៅហាងនោះជាច្រើនម៉ោង ក្រុមមិត្តភក្តិស្រីនាង ដែលសុទ្ធតែប្រុសៗនោះតែងតែបង្ខំឱ្យនាងផឹកស្រា តែនាងប្រាប់ថាមិនចេះផឹកទេ ហើយក្រុមបុរសទាំងនោះបាននាំនាងមកចូលផឹកស៊ីបន្តនៅក្នុងក្លឹបមួយមិនស្គាល់យីហោ ដោយគ្រាន់តែមិត្តភក្តិប្រាប់ថា នៅម្តុំផ្សារដីហុយ។ ពេលផឹកស៊ី រាំលេងនៅក្នុងក្លឹបនោះជាច្រើនម៉ោងទៀត ក្រុមមិត្តភក្តិស្រីនាង តែងតែបង្ខំនាងឱ្យផឹកស្រាទៀត ប៉ុន្តែនាងនៅតែបដិសេធដោយមិនព្រមផឹកស្រាទេ ។ ក្រោយពីផឹកស៊ីរាំរែកនៅក្នុងក្លឹបនោះអស់ចិត្ត ក៏ចេញទៅដើរលេងខាងក្រៅបន្ត ដោយនាងជិះម៉ូតូជាមួយមនុស្សប្រុសម្នាក់ រីឯស្រីនាងជិះម៉ូតូជាមួយមនុស្សប្រុសផ្សេងម្នាក់ទៀត ស្រាប់តែស្រីនាងជិះម៉ូតូជាមួយមិត្តប្រុសនោះគេចទៅបាត់ ដែលឃើញបែបនេះនាងបានទូរស័ព្ទទៅស្រីនាង តែទូរស័ព្ទត្រូវបានបិទ។
ស្រីកា រៀបរាប់ទៀតថា នាងត្រូវបានបុរសនោះនាំចូលផ្ទះសំណាក់មួយកន្លែង តែនាងមិនព្រមចូលទេ ដោយរត់ចេញមកវិញ ឃើញបែបនេះបុរសនោះក៏ឌុបនាងទៅផ្ទះរបស់គេនៅម្តុំផ្សារដីហុយ ដោយគំរាមបង្ខំឱ្យនាងចូលបន្ទប់ ហើយធ្វើការចាប់រំលោភនាងតែម្តង ។ ប៉ុន្តែនាងតដៃប្រវាយប្រតប់ជាមួយប្រុសព្រាននោះ និងបានរត់ចេញពីក្នុងបន្ទប់មកខាងក្រៅផ្ទះ ហើយជួបអ្នករត់ម៉ូតូឌុបឱ្យជូននាងចេញផុតពីក្រញាំបិសាចនេះ ។ ក្រោយពីនាងរត់ចេញដោយជិះម៉ូតូឌុបនោះ ប្រុសព្រាននេះក៏បានជិះម៉ូតូតាមនាងពីក្រោយ តែដោយសារអ្នករត់ម៉ូតូឌុបគេចចុះគេចឡើងក៏មកឈប់នៅគល់ស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ដោយសារតែការព្យាយាមរត់គេច ប៉ូលិសប៉ុស្តិ៍ទឹកថ្លាក៏បានចុះមកជួយអន្តរាគមន៍ ដោយនាំនាងទៅសាកសួរនៅប៉ុស្តិ៍ ។
លោកសុខ សុផល នាយរងប៉ុស្តិ៍រដ្ឋបាលទឹកថ្លាទទួលបន្ទុកផ្នែកយុត្តិធម៌ បានសាកសួរនាងពីហេតុការណ៍ដែលកើតឡើង និងថែមទាំងឱ្យជូនទៅរកទីតាំងដែលនាងត្រូវប្រុសព្រាននាំទៅចាប់រំលោភ តែនាងវង្វេងមិនស្គាល់ច្បាស់ទេ ទើបបានត្រឹមតែទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះតែប៉ុណ្ណោះ ។ នេះជារឿងរ៉ាមួយដែលនារីខ្លះបានក្លាយជាចំណីប្រុសព្រានដោយសារតែមានការទុកចិត្តមិត្តភក្តិស្រីរបស់ខ្លួនដូចនាងស្រីកានេះជាដើម តែប្រការដែលអាចការពារខ្លួននាងបាននោះ គឺនាងប្រកាន់ជំហរមិនផឹកស្រា ឬភេសជ្ជៈផ្តេសផ្តាស ។ រឿងរ៉ាវនេះ មានតែការចាប់ខ្លួនមិត្តស្រីម្នាក់ឈ្មោះស្រីនាងនោះទេ ទើបអាចរកមុខក្រុមប្រុសព្រានអន្ធពាលឃើញ ហើយដឹងពីការប៉ុនប៉ងលក់ព្រហ្មចារីរបស់នាងបាន ៕
ចែករំលែកព័តមាននេះ