ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​​ប្រជា​ជន​កម្ពុជា​បង្ហាញ​ពី​សក្តានុ​ពល​ដ៏​រឹង​មាំ​របស់​ខ្លួន​ (មានវីដេអូឃ្លីប)

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អនុវត្ត​តាម​ការ​កំណត់​របស់​​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) នា​ព្រឹក​ថ្ងៃទី​១៨ ឧសភា ​២០១២​ គណ​​​បក្ស​នយោបាយ​​ទាំង​១០​ដែល​ទទួល​ស្គាល់​ដោយ​​​គ.ជ.ប​​បាន​ចាប់​ផ្តើមបើក​យុទ្ធ​នា​ការ​​ឃោសនា​​​រក​សំឡេង​ឆ្នោត​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​​ទៅ​តាម​លទ្ធ​ភាព​រៀង​ៗ​ខ្លួន​ ។ នៅ​រាជ​ធានី​ភ្នំ​ពេញ ​គេ​សង្កេត​ឃើញ​គណ​បក្ស​នយោបាយ​នានា​បាន​ធ្វើ​ការ​ឃោស​នា​យ៉ាងកង​រំ​ពង​តាម​ដង​វិថី​នានា​​​​ក្នុង​នោះ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​បាន​​ជួប​ជុំ​​ និង​ចេញ​ឃោសនា​លេច​ធ្លោ​ជាង​គេ​ក្នុង​ចំណោម​គណ​បក្ស​នយោបាយ​ទាំង​​អស់​​​ ។

សមាជិក សមាជិកា​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​រាជ​ធានី​ភ្នំពេញ ដឹក​នាំ​ដោយ​លោក​កែប ជុតិមា ប្រធាន​គណៈកម្មា​ធិការ​បក្ស​​រាជធានី​​ ​បាន​​ប្រមូល​​ផ្តុំ​ ​និង​ជួប​ជុំ​គ្នា​ទ្រង់​ទ្រាយ​ធំ​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​ ដែល​មាន​សមាជិក​ សមាជិកា​មក​ពី​បណ្តា​សង្កាត់​​ ខណ្ឌ​ទូទាំង​​រាជ​ធា​នី​ប្រមាណ​១​ម៉ឺន​នាក់​​​ និង​ធ្វើ​មិទ្ទិញ​ខ្លី​មួយ ​​រួច​ដង្ហែ​ក្បួន​ចេញ  ​ពី​កោះ​ពេជ្រ​ឆ្ពោះ​ទៅ​តាម​បណ្តា​សង្កាត់​ ខណ្ឌ​រៀង​ៗ​ខ្លួន ដោយ​ប្រើ​ប្រាស់​មធ្យោ​បាយ​​រថយន្ត​ចំនួន​១៣២​គ្រឿង ម៉ូតូ​ប្រមាណ​៣​ពាន់​គ្រឿ​ង​ ​។ ចំណែក​ឯ​សមត្ថ​កិច្ច​​ជា​កង​កម្លាំង​នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​វិញ ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​សម្រួល​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវនានា​​​ឱ្យ​គ្រប់​គណ​បក្ស​ដែល​បាន​ហែ​ក្បួន​ឆ្លង​កាត់​​​ ។

តាម​ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​​ គ.ជ.ប ​​ឱ្យ​ដឹង​ថា គ.ជ​.ប បាន​ប្រកាស​ទទួល​ស្គាល់​គណ​បក្ស​នយោ​បាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​១០​ដែល​មាន​បេក្ខ​ជន​សរុប​១១១.០៥៦​នាក់​ក្នុង​​នោះ​​​ស្ត្រី​ចំនួន​២៨.៤៨១​នាក់ ចំពោះ​សន្លឹក​ឆ្នោត​មាន​១.៦៣៣​ប្រភេទ​សម្រាប់​១.៦៣៣​ឃុំ​-សង្កាត់​នៅ​ទូ​ទាំង​ប្រទេស​ ។ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៣នេះ​ ការ​ឃោសនា​មាន​រយៈ​ពេល​១៥​ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​​ទី​១៨ ឧសភា ដល់​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១២ ហើយ​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១២ ​ជា​ថ្ងៃ​បោះ​ឆ្នោត​ ។

មន្ត្រី​ គ.ជ.ប ​ដដែល​​​​បាន​បញ្ជាក់​ថា គណ​បក្ស​នយោបាយ​ទាំង​១០​នោះ​បាន​ដាក់​បេក្ខ​ជន​របស់​ខ្លួន​ចូល​រួម​ប្រកួត​ប្រជែង​យក​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​អាណត្តិ​ទី​៣ នេះ​មាន​ គណ​​បក្ស​ប្រជា​ជន​កម្ពុជា​ដាក់​នៅ​គ្រប់​ឃុំ​-សង្កាត់​​​ទូ​ទាំង​ប្រទេស​ចំនួន​១.៦៣៣​ឃុំ​-សង្កាត់ គណ​បក្ស​សម រង្ស៊ី ១.៦១៥​​ឃុំ​-សង្កាត់ គណ​បក្ស​ហ៊្វុន​ស៊ីន​ប៉ិច ​១.៤១៣​ឃុំ-​សង្កាត់​ គណ​បក្ស​នរោត្ត​ម ​រណឫទ្ធិ​ ១.០២៩​ឃុំ-​សង្កាត់ គណ​បក្ស​សិទ្ធិ​មនុស្ស​ ១.០៧០​ឃុំ​-សង្កាត់ គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិ​បតេយ្យ​១៦៤​ឃុំ​​ គណ​បក្ស​សាធារណ​រដ្ឋ​ប្រជា​ធិ​បតេយ្យ​៩​ឃុំ​ គណ​បក្ស​សញ្ជាតិ​កម្ពុជា​២២៥​ឃុំ គណបក្ស​​ចលនា​ប្រជា​ធិ​បតេយ្យ​២ឃុំ និង​គណ​បក្ស​ខ្មែរ​ឈប់​ក្រ​ ដាក់​បេក្ខ​ភាព​របស់​ខ្លួន​២៣​ឃុំ-សង្កាត់ ។

ចំណែក​​បទ​បញ្ជា​ផ្ទៃ​ក្នុង ​ក្នុង​​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នេះ​​ គ.ជ.ប បាន​ធ្វើ​ការ​ណែ​នាំ​ដល់​គណ​បក្ស​នយោបាយ​​ទាំង​អស់ ​ហាម​ប្រើ​ប្រាស់​មធ្យោ​បាយ​ដឹក​ជញ្ជូន​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ដើម្បី​ធ្វើ​ការ​ឃោសនា​​ ហាម​ប្រើ​ឯក​សណ្ឋាន​ការ​ងារ​ធ្វើ​យុទ្ធ​នាការ​ ហាម​ប្រើ​ប្រាស់​ឧបករណ៍​បំពង​សំឡេង​ចាប់​ពី​ម៉ោ​១២​ថ្ងៃ​ត្រង់​ដល់​​ម៉ោង​២​រសៀល​ជា​ដើម ។

នៅ​ក្នុង​ពិធី​បើក​យុទ្ធ​នា​ការ​ហែ​ក្បួនរបស់​​​គណ​​បក្ស​ប្រជា​ជន​រាជធានី​ភ្នំ​ពេញ​​​ លោក​កែប ជុតិមា​ប្រធាន​គណៈ​​កម្មា​ធិ​ការ​​បក្ស​​ដែល​ដឹក​នាំ​ហែ​ក្បួន​​​បាន​លើក​ឡើង​ថា ជាង​៣៣​ឆ្នាំ​មក​នេះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដឹក​នាំ​ដោយ​សម្តេច​ទាំង​បី​​​​បាន​ផ្សារ​ភ្ជាប់​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​ប្រជា​ជន​​ជា​និច្ច​នៅ​គ្រប់​កាលៈ​ទេសៈ​ ពុះ​ពារ​ដឹក​នាំ​ឆ្លង​កាត់​រាល់​ឧបសគ្គ​ និង​ការ​លំបាក​សព្វ​បែប​យ៉ាង​តាំង​ពី​ដំណាក់​កាល​សង្គ្រោះ​​ជាតិ​ ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត ចេញ​ពី​ចំណុច​សូន្យ ​កសាង​ទឹក​ដី​ឡើង​វិញ រហូត​ដល់​ដំណាក់​កាល​សន្តិភាព​បង្រួប​បង្រួម​ជាតិ​ប្រជា​ធិបតេយ្យ​និង​អភិវឌ្ឍន៍​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ។ ​​មិន​តែ​ប៉ុណ្ណោះ​សម្តេច​តេជោ ហ៊ុន សែន​ ​បាន​លើក​ស្ទួយ​កិត្យា​នុភាព​ប្រទេស​ជាតិ​ និង​ប្រជា​ជន​កម្ពុជា​ឱ្យ​មាន​ភាព​ល្បី​រន្ទឺ​​រុង​រឿង​នៅ​លើ​ឆាក​អន្តរ​ជាតិ​ទៀត ​ផង​ ។

​ដោយឡែក​​គណបក្ស​​ប្រជាជន​កម្ពុជា​​ខណ្ឌ​ប្ញស្សីកែវ​​​ បន្ទាប់​​ពី​ជួប​ជុំ​​គ្នា​នៅ​​កោះពេជ្រ​ ក៏​បាន​ដង្ហែ​​ជាក្បួន​នៅតាម​​មូល​ដ្ឋាន​​របស់ខ្លួន​​​ ដើម្បី​ស្វែង​រក​​សំឡេង​គាំទ្រ​ ដោយ​មាន​​សមា​ជិក​​​សមា​ជិកា​​បក្ស​ចូល​រួម​​​​ប្រមាណ​​​​១.៦០០​​នាក់​​ ​​​ក្នុង​នោះ​មាន​​​រថយន្ត​ចំនួន​​​​៦០​គ្រឿង​ និង​ម៉ូតូ​​​ចំនួន​​​​៥០០​គ្រឿង​​ ដែល​​​​ដឹក​នាំ​​ដោយលោក​ឃ្លាំង​ ហួត ប្រធាន​​​គណៈ​កម្មាធិការ​​បក្ស​ខណ្ឌ​​ប្ញស្សីកែវ លោក​​ស្រី​​ទូច សារ៉ុម អនុ​ប្រធាន​​ក្រុម​​ការងារ​​ចុះ​ជួយ​​ខណ្ឌ​ប្ញស្សីកែវ និង​​លោក​ឧកញ៉ា​​​​​​​​​អូស្មាន​ ហាស្សាន់ អនុប្រធាន​​ក្រុម​ការងារ​​ចុះ​ជួយ​​ខណ្ឌ​ប្ញស្សី​កែវ​​ ព្រមទាំង​​ក្រុម​ការងារ​​​ជា​ច្រើន​​​រូប​ទៀត។

​ក្បួន​​គណបក្ស​​ប្រជា​ជន​កម្ពុជា​​​ខណ្ឌ​​ បាន​ដង្ហែចេញ​ពី​កោះ​ពេជ្រ​​ឆ្ពោះ​​មក​​​​​ផ្លូវជាតិលេខ​​​៥ ​ឆ្លង​កាត់​តាម​​សង្កាត់នានា​​រហូត​​​​ដល់​ស្ពាន​ព្រែក​​ព្នៅ​ និង​ត្រឡប់​​មក​វិញ​​តាម​ផ្លូវ​​​​​​​លេខ​​​៥៩៨​ មក​អង់​តែនទូរទស្សន៍​ជាតិ​ ហើយ​ឆ្លង​កាត់​តាម​ផ្លូវ​លំ​នានា​ក្នុង​សង្កាត់​​ទួលសង្កែ​ ​និង​​បាន​​បំបែកគ្នា​​​នៅ​វេលា​ម៉ោង​​​​១១ព្រឹក​​នៅ​តាម​​ផ្លូវ​ជាតិ​​​​លេខ​​៥ ។ នៅ​​ក្នុង​​ការ​ដង្ហែ​​​ជាក្បួន ​​​ក៏​មាន​រថយន្ត​​​ប្រគំ​តន្ត្រី​​​អម​​ដំណើរ​​​​​​​ក្បួន​​​តាម​ដងផ្លូវ​​​ និង​មាន​​​សមាជិក​សមាជិកា​​​​​​ប្រគំតន្ត្រី​​​ និង​អប​​អរ​សាទរ​​យ៉ាង​​សប្បាយ​​​រីក​រាយ​នៅតាម​ដង​ផ្លូវ​​ ហើយ​​ឮ​​សូរ​​តែ​សំឡេង​​ទះ​ដៃ​​​ហ៊ោ​កញ្ច្រៀវស្វាគមន៍​អប​អរ​សា​ទរ​ ។

ដោយ​ឡែក​​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​​វិញ​ គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​ខណ្ឌ​ ​​​ក៏​បាន​បើក​យុទ្ធ​នាការ​​​ឃោ​សនា​​​ដូច​គ្នា​​នេះ​ដែរ ។ គណៈ​កម្មា​ធិការ​​បក្ស​​ខណ្ឌ​ទួល​គោក​​​បាន​ដង្ហែ​​ជា​ក្បួន​​ឃោស​នា​​ដោយ​មាន​សមាជិក​​សមាជិកា​​ចូលរួម​ចំនួន​​​៧២០​នាក់​​​មក​ពី​សង្កាត់​​ទាំង​​១០​ ​​ក្នុង​នោះ​​មាន​រថយន្ត​​​ចំនួន​​​២៤​គ្រឿង និង​ម៉ូតូ​​​២១០គ្រឿង ។ ​ក្រៅពី​នេះ​ ក៏​មាន​សមាជិក​​សមាជិកា​ចំនួន​ជាង​១.០០០​នាក់​ចូល​​រូម​​​គាំ​ទ្រ​​​តាម​​ដងផ្លូវ​​នៅតាម​សង្កាត់​​ ដោយ​បែង​ចែក​ជា​​​២​គោលដៅ និង​មាន​​ការ​ប្រគំ​តន្ត្រី​​កំដរ​​​​​ចំនួន​​​២​គោល​ដៅ​​​គឺ​នៅមុខ​​អង់តែន​​ទូរ​ទស្សន៍​​​​ជាតិ និង​នៅមុខ​​វិទ្យាល័យ​​​ជា ស៊ីម​ សាម​គ្គី ។ ការ​ដង្ហែ​​ជាក្បួន​​​របស់សមាជិក សមា​ជិកា​គណ​បក្ស​​​​ប្រជា​ជន​កម្ពុជា​ខណ្ឌ​ទួល​គោក​​​​​​​​​នេះ​​​ ដឹក​នាំ​​ដោយ​លោក​​ឧត្តម​សេនីយ៍​​​នាង​ ផាត ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​​ខណ្ឌ​ទួល​គោក​ និង​លោក​​​សេង រតនៈ ប្រធាន​​គណៈ​កម្មា​ធិការ​បក្ស​ខណ្ឌ​ទួលគោក​​​​។

ចំពោះ​គណ​បក្ស​ សម ​រង្ស៊ី​ នៅរាជធានី​ភ្នំពេញ​ក៏​មាន​បើក​យុទ្ធ​នាការ​គគ្រឹក​គគ្រេង​​ដែ​រ​ ប៉ុន្តែ​មិន​ធំដុំ​ប៉ុន្មាន​ទេ​ ​បើប្រៀបធៀប​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ។ រី​ឯ​គណ​បក្ស​សិទ្ធិ​មនុស្ស​ក៏​មាន​ក្បួន​ដង្ហែ​បង្ហាញ​ឥទ្ធិពល​ដូចគេ​ដែ​រ​ ដោយ​​មាន​ទ្រង់​ទ្រាយ​តូចល្មម​សម​តាម​មាឌ​ មិន​គគ្រឹក​គគ្រេង​​​ពេក​ទេ​ ដោយ​ហែ​ចេញ​ពី​តំបន់​ត្រឡោក​បែក​កាត់​តាម​វិថី​នានា​ ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ការបើក​យុទ្ធ​នាការឃោសនា​សម្តែង​ឫទ្ធា​នុ​ភាព​ថ្ងៃ​​ទី​១​នេះ​នៅរាជធានី​ មិនឃើញ​មាន​បាតុ​ភាព​ហឹង្សា​ណាមួយ​កើត​មាន​ទេ​ ​ហើយ​ក៏​អត់​មាន​បង្ក​ឱ្យស្ទះ​ចរាចរណ៍​​គួរ​ឱ្យ​កត់​សម្គាល់​ដែរ​ ព្រោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​របស់​លោក​កែប​ ជុតិមា​ ត្រៀម​កម្លាំង​រួច​ជា​ស្រេច​ ​ធ្វើ​ឱ្យ​បរិយា​កាស​នៃ​យុទ្ធ​នាការ​របស់​គណ​បក្ស​ទាំង​៣​ប្រព្រឹត្ត​​ យ៉ាងទៅ​​រលូន​​ ។

សមាជិក​ សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំង១១សង្កាត់​ នៅ​ក្នុង​​ខណ្ឌ​ដូន​ពេញ បាន​បើកយុទ្ធ​នា​​ការឃោស​នារក​សំឡេង​ឆ្នោត​ដឹកនាំដោយ​លោកសុខ​ សម្បត្តិ ប្រធាន​គណៈ​កម្មាធិការ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ខណ្ឌ​ដូន​ពេញ​ កាលពីព្រឹក​ថ្ងៃទី​១៨​ ឧសភា ឆ្នាំ​២០១២ ។

លោកសុខ សម្បត្តិ ​បានមាន​ប្រ​សាសន៍ថា នៅក្នុងយុទ្ធ​នា​ការ​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោតក្រុម​ប្រឹក្សា​សង្កាត់​ ​ដែលជា​ថ្ងៃដំ​បូង​នេះ​ មានសមា​ជិក ​សមាជិកា​ចំនួន​១.០០០​នាក់​ចូល​រួម​ឃោសនា​ និង​៤៥០នាក់​ទៀតឈរ​តាម​ដង​វិថីចំនួន​៦ទីតាំង​​ដើម្បីអបអរសាទ​រដោយ​មាន​រថយន្ត​១៣០​គ្រឿងព្រម​ទាំង​ម៉ូតូ​៥០០​គ្រឿង​អម​ដំណើរ​ផងដែរ ​។ ​លោកប្រធាន​គណបក្ស​ខណ្ឌ​ដូនពេញ​ក្រៅពីលើក​ឡើង​នូវស្នា​ដៃ​ជា​ច្រើន​និ​ងសមិទ្ធ​ផលនានា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​​បាន​អំពាវ​នាវ​ឲ្យសមាជិក សមាជិកាទាំង​អស់ទៅ​ចូលរួម​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ។

លោក​គួច ចំរើន​ ​ប្រធាន​​​គណៈ​កម្មា​ធិការ​គណបក្ស​​ប្រជា​ជន​កម្ពុជា​ខណ្ឌមាន​ជ័យ ​ក៏​បាន​​​ចូល​រួម​ដង្ហែក្បួន​​​ឃោសនា​​​ទៅជួបជុំ​គ្នា​​នៅមជ្ឈ​មណ្ឌល​​កោះ​ពេជ្រ រួចត្រឡប់​​​មក​​ក្នុង​មូល​​ដ្ឋាន​វិញ តាម​បណ្តោយ​​​ផ្លូវ​ជាតិ​លេខ​២ ។ ពេល​ដង្ហែ​ក្បួន​នោះ​បាន​​​ជួបគ្នា​​ជាមួយក្បួន​​ឃោសនា​របស់​គណបក្ស​សម រង្ស៊ី​​​ដែល​​ហែ​​ត្រឡប់​មក​ពីក្រុង​តាខ្មៅ​វិញ​​​ក្នុង​ទិសដៅ​ពីត្បូងទៅ​ជើង ហើយ​ក្បួន​គណបក្ស​ប្រជាជន​កម្ពុជា​ហែ​ឃោសនា​​លើ​ផ្លូវ​ជាតិ​លេខ២ក្នុង​ទិសដៅ​ពីជើង​ទៅត្បូង​ម្ខាង​ម្នាក់ ។ ប៉ុន្តែ​​អ្វីជាការ​​កត់សម្គាល់​​​នោះ​​ គឺ​​គណបក្ស​​ធំទាំង២​មិន​​បាន​ធ្វើ​​អ្វី​ឱ្យ​​រំខាន​ដល់​ក្បួន​​​ឃោសនា​​របស់​គណបក្ស​​ផ្សេង​ឡើយ ។​

លោកគួច ចំរើន ​​​​និង​សមាជិក​ សមាជិកា​ទាំងអស់​​បាន​ស្រែក​ជយឃោស​ក្នុង​​​ការ​ដណ្តើម​​ជ័យជម្នះ​​​នា​ថ្ងៃ​​បោះឆ្នោត​​​ខាង​មុខ ។ លើស​ពីនេះ​​ទៀត​សមាជិក សមាជិកា​ទាំងអស់​​បាន​សម្តែង​ការ​គាំ​ទ្រ​​បេក្ខភាពសម្តេច​តេជោ​ហ៊ុន សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​​​ក្នុង​អាណត្តិ​​ថ្មី​​បន្ត​ទៀត។

នៅខណ្ឌ​​៧​មករា ​ក៏​​មានការ​​​​ជួប​ជុំ​​​គ្នា​នៅ​ទី​ស្នាក់​ការ​គណបក្ស​​​​ប្រជាជនដែរ​ ​​ដោយ​មាន​ រថយន្ត​​​​តុប​តែង​​​សម្រាប់​​ឃោស​នារក​សំឡេង​ឆ្នោត​​​​​ចំនួន​១០គ្រឿង​​​ និង​រថយន្ត​​​មិន​តុប​តែង​​​​មួយ​ចំនួន​​​ទៀត ម៉ូតូ​​អម​ដំណើរ​​​ចំនួន​​២៤០គ្រឿង​​​ ​ក្នុង​នោះ​​មក​ពីក្រុម​​​ការងារ​បក្ស​​​​​១សង្កាត់​​៣០០​គ្រឿង​​ និង​មាន​សមា​ជិ​ក​ សមាជិកា​ចូល​រួម​​​៦៣០នាក់​ ​។ ក្បួន​បាន​​ដង្ហែ​​ចេញពី​​​ទី​ស្នាក់​​ការ​គណបក្ស​​​​ក្នុង​សង្កាត់​​​បឹង​ព្រលឹត​​​តាម​បណ្តោយ​​​​មហាវិថី​​​​ព្រះមុនី​រ៉េត ​ដល់​ស្ពាន​​​ស្ទឹង​មានជ័យ​​​​ ទើប​ត្រឡប់​​ទៅ​​មូល​ដ្ឋាន​របស់​ខ្លួន​វិញ ​​​ហើយ​​​​បាន​រំសាយ​​នៅផ្លូវ​​​ហ្សាលដឺ​ហ្គោល​ ។​

​ពិធី​​​​នោះ​ដឹកនាំ​ដោយលោក ​​សោម ​សុវណ្ណ ​​គណៈ​​អភិបាល​​ខណ្ឌ​៧​មករា​ ​​ព្រមទាំង​​​​សាខា​​គណៈ​ពង្រឹង​​បក្ស​ប្រជា​ជន​កម្ពុជា ​សង្កាត់​ ខណ្ឌ ទាំង​មូល ។

ខេត្ត​កំពង់​ចាម​៖យុទ្ធនា​ការឃោស​នារក​សំឡេង​​ឆ្នោត​​របស់​ក្រុម​ប្រឹក្សាឃុំ-​សង្កាត់ ​ដែលបាន​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃទី​១៨ ឧសភា ២០១២ ​គេ​សង្កេត​ឃើញ​​​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ដង្ហែក្បួន​តាម​​ម៉ូតូ​និងរថយន្ត​តាមផ្លូវ​សំខាន់ៗ​នានា​ក្នុង​ក្រុង​កំពង់​ចាម និង​មាន​ភាព​អធិកអធម​ជាង​គេក្នុង​ចំណោម​​គណ​បក្សផ្សេង​ៗ​ទៀត។ ជាមួយ​នោះ​ដែរ​ កម្លាំង​​សមត្ថ​កិច្ច​ត្រូវ​បាន​​ដាក់​ពង្រាយ​ពីកន្លែង​មួយ​ទៅ​​កន្លែង​មួយ ដើម្បី​​ការ​ពារ​ និងសម្រួល​​ដល់​ការ​ដង្ហែ​ក្បួន​របស់​គណបក្ស​មិន​ឲ្យមាន​​ការ​កក​ស្ទះ​ដោយ​ប្រការ​ណា​មួយ​នោះ​ទេ ហើយ​ក៏មិន​មាន​លេចឮ​មាន​បញ្ហាអ្វី​កើតឡើងដែរ ។

តាម​លោក​ចេង សុខា ប្រធាន​គណៈកម្មា​ធិការ​​បក្សប្រជាជន​កម្ពុជា​សង្កាត់​វាល​វង់​ មាន​ប្រសាសន៍​​​ថា​ កាលពី​វេលា​ម៉ោង៧ព្រឹក​ថ្ងៃ​ខាងលើ​ សមាជិក ​និងសកម្ម​ជន​យុវជន​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​​ប្រមាណ​ជិត​៨០០​នាក់​ ​បាន​មក​ជួប​ជុំ​គ្នានៅ​ស្នាក់ការ​គណ​បក្សប្រជា​ជនវាលវង់ រួច​បានដង្ហែ​ចេញ​ទៅ​ជួប​ជុំគ្នានៅ​ទីលាន​សាធារណៈ​ ស្ថិត​នៅក្បែរ​គរុកោ​សល្យ​ខេត្ត ដោយមាន​ការ​ចូល​រួម​ពី​សមាជិក​ សមា​ជិកា​សង្កាត់​កំពង់​ចាម សង្កាត់បឹងកុក សង្កាត់​សំបួរ​មាស​​ សរុប​ទាំងអស់​ប្រហែល​ជា​២.០០០​នាក់ ​។

​លោក​វរសេនីយ៍​ត្រី​សំ ផាត អធិការ​នគរ​បាល​ក្រុង​កំពង់​ចាម មានប្រសាសន៍​​​ថា​ នៅ​ក្នុង​យុទ្ធនា​ការ​ឃោស​នារក​សំឡេង​ឆ្នោត​ សម្រាប់​ថ្ងៃ​ដំ​បូង​​នេះ ឃើញមាន​១-គណបក្ស​ប្រជា​ជន​មកពី​បណ្តាសង្កាត់​ទាំង​៤​មាន​សមាជិក​​​ចូល​រួម​ដង្ហែ​​រហូត​ដល់​ទៅ​២០០០​នាក់​​ ២-គណ​បក្ស​នរោត្តម​​ រណ​ឫទ្ធិ ​មាន​គ្នា​តែ​៥នាក់ ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​​១គ្រឿង​ ៣-​គណបក្ស​សិទ្ធិ​មនុស្ស​មាន​ចំនួន​​២០​នាក់ ៤-គណ​បក្ស​ហ៊្វុនស៊ិនប៉ិច មាន​រឺុម៉ក​ម៉ូតូ​​​​១គ្រឿង​ដែរ​។ មិនមាន​សភាព​ការណ៍អ្វី​កើត​ឡើង​នោះ​ទេ ដោយ​មានកម្លាំង​នគរ​បាល​​​​បាន​ដាក់ពង្រាយ​នៅតាម​គោលដៅ​ផ្លូវសំខាន់​ៗ​​ក្នុង​ក្រុងកំពង់​ចាម​ ។

​ សូម​បញ្ជាក់ផងដែរ ការដង្ហែក្បួនឃោសនា​រកសំឡេង​ឆ្នោតរបស់គណបក្សនៅក្នុងខេត្តព្រះ​វិហារនាអាណត្តិនេះមានចំនួន៥ ក្នុងនោះរួម​មាន គណបក្សប្រជាជនកម្ពុជា គណបក្សសិទ្ធិមនុស្ស គណបក្សសម រង្ស៊ី គណបក្សហ្វុ៊នស៊ិនប៉ិច និង​គណបក្សនរោត្តម រណឫទ្ធិ ។ ចំណែកឯសកម្ម​ភាព​ឃោសនារកសំឡេងឆ្នោតរបស់​គណ​បក្ស​នីមួយៗនៅទូទាំងខេត្តព្រះវិហារ​​ ​នា​​ថ្ងៃ​ដំបូង​នេះ​មិន​មាន​ផ្ទុះ​អំពើ​ហិង្សាអ្វីឡើយ ។​

ខេត្ត​បាត់​ដំបង​ ៖ ក្បួន​ដង្ហែ​​​ឃោស​នា​រក​សំឡេង​ឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុងស្រុក​សង្កែ​​មាន​សមាជិក​ សមាជិកា​ចូល​រួម​ជាង​៣​ពាន់​នាក់​ ​​ដឹ​ក​នាំ​ដោយ​លោក​ឡោក​ ​ហ៊ួរ​ ​​​​។ ក្រោយ​ពី​ក្បួន​ដង្ហែ​របស់​គណបក្ស​ប្រជា​ជនបាន​ត្រឡប់​វិញ​​ប្រហែល​កន្លះម៉ោង​ ក្បួន​គណបក្ស​សម​រង្ស៊ី​មាន​មនុស្ស​ប្រហែល​៣រយ​នាក់​បានដង្ហែ​ពីផ្សារ​មក​កាត់តាម​តាដំបង​គ្រញូង​ដោយ​ឃើញ​មាន​លោក​ស្រីមូ​រ​ សុខហួ ​ឈរនៅ​លើរថយន្ត​លើកដៃ​សំពះ​ប្រជា​ពលរដ្ឋ​ជាផង​ដែរ​ ​។ ​

ក្នុងក្បួន​ដង្ហែ​ប្រហែល​ជាងមួយ​ម៉ោង​នេះគេឃើញ​មាន​ប៉ូលិស​​ ប៉េ​អឹម​​ ជួយ​រៀបចំ​​សណ្តាប់​ធ្នាប់​តាម​ផ្លូវ​កុំ​ឲ្យ​មាន​​ការកក​ស្ទះ​​។ ​ដោយ​​ឡែកគណបក្ស​ហ្វុនស៊ិនប៉ិច​មានទី​ស្នាក់​ការ​នៅខាងត្បូង​តាដំបង​គ្រញូង​នោះ​ គ្មាន​មនុស្ស​មកចូល​រួមឡើយ ហើយក៏​គ្មាន​សកម្មភាព​អ្វី
ដែរ​ ។

​ខេត្ត​កំពង់​ស្ពឺ ៖  លោក​ធម្ម​ គីម អនុ​ប្រធាន​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​ ​បាន​ឱ្យ​ដឹង​ថា គណ​បក្ស​ដែល​ចុះ​ឈ្មោះ​ចូល​រួម​​​បោះ​ឆ្នោត​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​​មាន​ចំនួន​៨​គណ​បក្ស​​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​-គឺ​១-​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​  ២-​គណ​បក្ស​សម រង្ស៊ី ៣-​គណ​បក្ស​សិទ្ធិ​មនុស្ស ៤-​គណ​បក្ស​នរោត្ត​ម​ រណ​ឫទ្ធិ ៥-​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច ៦-​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិ​បតេយ្យ ៧-​គណ​បក្ស​សញ្ជាតិ​​កម្ពុជា ៨-​គណ​បក្ស​ខ្មែរ​ឈប់​ក្រ ។ លោក​បន្ត​ថា នៅ​វេលា​​ព្រឹក​​ថ្ងៃ​ដំបូង​នៃ​យុទ្ធ​នា​ការ​ឃោ​សនា​រកសំឡេង​​ឆ្នោត​នេះ​ គេ​សង្កេត​​ឃើញ​មាន​តែ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទេ​ និង​​ចេញ​ក្បួន​ដង្ហែ​​តាម​គ្រប់​​​​ស្រុក​​-ក្រុង​ក្នុង​ខេត្ត​​ ។ ចំណែក​​គណ​បក្ស​ផ្សេងៗ​ពុំ​ទាន់​ឃើញ​ចេញ​ឃោសនា​បាន​ខ្លាំង​​ក្លា​នៅ​ឡើយ​ទេ ។

នៅ​ឯ​ស្រុក​សំរោង​ទង លោក​ហង្ស សុភាព ប្រធាន​​ដឹក​នាំ​ក្បួន​ដង្ហែ​​ឃោសនា​នា​របស់​គណ​បក្ស​ប្រជាជន​​ព្រឹក​នោះ​​បាន​ឱ្យ​ដឹង​ថា ក្នុង​ស្រុក​សំរោង​ទង​យុទ្ធ​នា​ការ​ដង្ហែ​ក្បួន​ឃោសនា​ថ្ងៃ​ដំបូង​មានសមាជិក​ សមាជិកា​ចូលរួម​ចំនួន​១.២០០​នាក់​​ មាន​រថយន្ត​ដង្ហែ​​៨៥​​គ្រឿង​​ ម៉ូតូ​​២២៥​គ្រឿង​ និង​មី​ក្រូ​​​១៧​គ្រឿង ។

ខេត្ត​ពោធិ៍​សាត់​​ ៖ សមាជិកសមាជិកា​គណបក្ស​​ប្រជា​ជន​កម្ពុជ​ា​ខេត្ត​ពោធិ៍​សាត់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​ បាន​មក​ចូល​រួម​ក្នុង​ពិធី​​ដង្ហែ​ក្បួន​យុទ្ធនាការ​​ឃោសនា​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​​​ឃុំ-​សង្កាត់​អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ២០១២ ​ដែល​ប្រារព្ធ​​​ធ្វើ​នៅ​ស្នាក់​ការ​​ធំ​គណបក្ស​​ប្រជា​ជន​កម្ពុជា​​ខេត្ត​ ក្រោម​អធិបតី​ភាព​​លោក​ស៊ុយ សែម សមាជិក​គណៈកម្មា​ធិការ​កណ្តាលគណបក្ស​​ប្រជា​ជន​កម្ពុជា និង​​ជា​ប្រធាន​ក្រុម​​ការងារ​​ចុះ​ជួយ​ខេត្ត​ពោធិ៍​សាត់ និង​លោក​ជំទាវ ។

លោក​ខូយ​ សុខា ​អនុ​ប្រធាន​​គណៈកម្មា​ធិការ​​បក្ស​​ប្រជា​ជន​​កម្ពុជា​ខេត្ត​បាន​ជម្រាប​ជូន​ថា សមាជិក​សមាជិកា​​ដែល​មក​ចូល​រួម​ថ្ងៃ​នេះ​មាន​ចំនួន​​៧.៥៦០​នាក់​​ មក​ពី​ក្រុង​ពោធិ៍​សាត់ ​ស្រុក​ក្រគរ​ ​ស្រុក​កណ្តៀង​ ស្រុក​បាកាន​ និង​ស្រុក​ភ្នំ​ក្រវាញ លើក​លែង​តែ​ស្រុក​វាល​វែង​​មួយ​នៅ​ឆ្ងាយ​​ គឺ​រៀប​​ចំ​ធ្វើ​​នៅ​ទី​នោះ​តែ​ម្តង ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​​នេះ​ដែរ ។

បន្ទាប់​ពី​ពិធី​បង្ហោះ​ប៉េង​ប៉ោង​រួច​មក ក្បួន​រថយន្ត​ទាំង​តូច​ទាំង​ធំ​ជា​ង​៣០០​គ្រឿង​​ដោយ​មាន​បិទ​បដា​​ពាក្យ​ស្លោក​​រូប​សញ្ញា​គណបក្ស​ រូប​សម្តេច​ជាស៊ីម សម្តេច​ហេង សំរិន  និង​សម្តេច​​ហ៊ុន សែន ដែល​ជា​មេដឹក​នាំ​​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​ បាន​ចាប់​ផ្តើម​ដង្ហែ​ចេញ​ពី​កន្លែង​​ប្រារព្ធ​​ពិធី​ឡើង​​មក​​ផ្លូវ​ជាតិ​លេខ​​​​៥​ឆ្ពោះ​ទៅ​​​​​ទី​រួម​ខេត្ត​​យ៉ាង​មាន​របៀប​រៀប​រយ ​ដោយ​សមាជិក​សមាជិកានីមួយៗ ពាក់​អាវ និង​មួក​ពណ៌​​ផ្កាឈូក​​មាន​រូប​សញ្ញា​​ទេវតា​បាច​ផ្កា និង​សរសេរ​អក្ស​រ​ដាក់​ថា​ គណបក្ស​ប្រ​ជា​ជន​កម្ពុជា ។

ខេត្ត​រតនគិរី​​​ ៖ ក្នុង​ការ​​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់​​លើក​នេះ​ មាន​​​​គណបក្ស​ចំនួន​​៣​ចូល​រួម​​ និង​បាន​​ចាប់​ផ្តើម​​ឃោសនា​ដោយ​ដង្ហែក្បួន​ និង​​ប្រមូល​ផ្តុំ​​នៅ​ព្រឹក​​ថ្ងៃ​ទី​​១៨ ឧសភា។ សមាជិកសមាជិកា​របស់​គណបក្ស​នីមួយៗ មាន​កាន់​បដា​ និង​ឯក​សណ្ឋាន​សម្គាល់​​របស់​គណបក្ស​​រៀង​ៗ​ខ្លួន ។ ក្បួន​ដង្ហែ​របស់​គណបក្ស​​ប្រជា​ជន​កម្ពុជា​ មានសមាជិក​​សមាជិកា​​ចូល​រួម​​ច្រើន​ជាង​​គេ និង​បាន​ធ្វើ​​ពិធី​​ដង្ហែ​​ក្បួន​យ៉ាង​​អធិក​អធម​មានចាក់​បទ​​ចម្រៀង​​ឃោសនា និង​សិល្បៈ​​រាំ​ច្រៀង​​អម​ជ​ា​មួយ​ផង​ដែរ ។ គណបក្ស​​​​​ដែល​​​ឈរ​​​​ឈ្មោះ​នៅ​​ខេត្ត​រតនគិរី​ មាន១ ​-គណបក្ស​​ប្រជា​ជន​​កម្ពុជា​​​​​​​ មាន​រថយន្ត​​ចំនួន​១០៧​គ្រឿង ​ម៉ូតូ​​៧០គ្រឿង​​ ​សមាជិកសមាជិកា​​​​​ចូលរួម​​​​​ចំនួន​​៨០០នាក់​​ ​​​ធ្វើ​​ការ​ដង្ហែ​​ក្បួនតាម​សង្កាត់​​​ទាំង​​៤ ក្នុង​​​​​ក្រុង​​បាន​លុង​ ។ ២-​គណបក្ស​​​សម​រង្ស៊ី​ ​​មាន​រថយន្ត​​​១គ្រឿង​ ​និង​ម៉ូតូ​​​៥គ្រឿង​ ​សមាជិក​​​​សមាជិកា​ចំនួន​​​​១៥នាក់​​ ដង្ហែ​​​​ចេញពី​​​ទីស្នាក់​​​​​ការ​គណបក្ស​​​​​សម​រង្ស៊ី​ ​​ ស្ថិត​នៅ​​​ក្នុងភូមិ​​​​​៧មករា​ ​​​ក្នុង​​សង្កាត់​​​ឡាបាន​សៀក ​​​ក្រុង​​​បានលុង​ ឆ្ពោះ​​​​ទៅ​ជុំ​​វិញ​​​​ក្រុង​​​បាលុងដោយ​​​​មាន​បាច​ខិត្ត​ប័ណ្ណ​​​​​​​ឃោសនា​​របស់​​គណបក្ស​​ ។ ៣-គណបក្ស​​ហ៊្វុនស៊ិនប៉ិច​​​ ​បាន​​ធ្វើ​​​ការ​ជួប​ជុំ​​គ្នា​នៅ​​ក្នុងភូមិ​​​​អភិវឌ្ឍន៍​​​​ ដោយ​ដាក់​​​​តុ​អង្គុយ​​​​​ប្រមូល​​​​​ផ្តុំ​​​​គ្នា​​​ចាក់​មី​ក្រូ​​ឃោស​នា​មួយ​កន្លែង​​​​ពុំ​​​បាន​ធ្វើ​​ការ​​ដង្ហែ​​ក្បួន​​​ ​ ដែល​​មាន​សមាជិ​កសមាជិកា​​​ចូលរួម​​ចំនួន​​១០​នាក់។

ខេត្ត​កំពត ៖ តាម​ក្រុម​មន្ត្រី​ឱ្យ​ដឹងថា មាន​គណ​បក្ស​​នយោ​បាយ​ចំនួន​​​៨​​​ឈរ​ឈ្មោះ​បោះ​ឆ្នោត​​​​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់​​​អាណត្តិ​​​ទី​៣​នេះនៅ​ខេត្ត​កំពត ។ ដោ​យឡែក​​​នៅ​​​ក្រុង​កំពត​​ មាន​គណ​បក្ស​​នយោ​បាយ​​​​​ឃោស​នា​​​រក​សំឡេង​ឆ្នោត​តែ​៥​ទេ ។ ​​តាម​​ការ​ពិនិត្យជា​រួម​​ នៅ​ក្នុង​​​ក្រុង​​កំពត​​​​ នៅ​ក្នុង​យុទ្ធ​នា​ការ​​​ឃោស​នា​​បោះ​ឆ្នោត​​​ក្រុម​ប្រឹក្សា​​​​ឃុំ​​-សង្កាត់ នា​ថ្ងៃ​ទី​​​១នេះ​ ​ពុំ​​ទាន់​​ឃើញ​​គណ​បក្ស​​​នយោ​បាយ​​​ណា​មួយ​​​ បើ​​ក​យុទ្ធ​នាការ​​​​​ដ​ង្ហែ​ក្បួន​​តាម​រថ​យន្ត​​​​ ឬ​ដើរ​​​ដង្ហែក្បួន​នៅ​ឡើយទេ​  គឺ​គណ​បក្ស​នី​មួយ​ៗ​​​ គ្រាន់​តែ​​​ចាក់​មី​ក្រូ​​​ឃោសនា​​នៅ​តាម​​​ទី​ស្នាក់​ការ​​​របស់​គណ​បក្ស​​​​​ខ្លួន​ប៉ុណ្ណោះ​ ។

ដោយ​ឡែក​​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ នៅ​ព្រឹក​​ថ្ងៃ​ទី​​១៨ ​ឧសភា នោះ​​ គេ​ឃើញ​​​មាន​សមាជិក​​សមាជិកា​ជា​ច្រើន​​​បាន​មក​ជួប​ជុំ​គ្នា​​អស់​រយៈ​ពេល​​ជាង​មួយ​ម៉ោង​​​​នៅ​ក្នុង​​​បរិ​វេណ​មុខ​វេទិកា​រង្វង់​មូល​​​ទុរេនកំពត ដើម្បី​ស្តាប់​​មតិ​​​សំណេះ​សំណាល​​ពី​អ្នក​​​​​​តំណាង​រាស្ត្រ​​​មណ្ឌល​​កំពត៕