ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​តាម​ព្រំ​ដែន​នៅ​តែ​បើក​ផ្លូវ​ឱ្យ​ពល​ករ​ចូល​ទៅ​ថៃ​ជា​ថ្នូរ​នឹង​ការ​ទទួល​សំណូក​

14 ឆ្នាំ មុន

ខេត្ត​​បាត់​ដំបង​​​ ៖ ពលករ​​ខ្មែរ​​​ធ្វើ​ចំណាក​ស្រុក​ ដែលកំពុង​​ស្វែងរក​​​ការងារ​ធ្វើ​​​នៅតាម​​តំបន់​​​ព្រំ​ដែន​​​ ត្រូវ​គេ​​​​​​​រាយ​ការណ៍​​​ថា នៅតែ​បន្ត​​​ឆ្លង​ដែន​​ទៅរក​កា​រងារ​ធ្វើ​​​ដោយ​ខុស​ច្បាប់​​​នៅ​​ប្រទេស​​​សៀម​មិន​​ថម​ថយ​​ឡើយ ដោយ​មាន​​​កា​រ​ឃុប​ឃិត​​​បើក​ផ្លូវ​​​ពីសំណាក់​​សមត្ថ​កិច្ច​​​​​ការ​ពារ​ព្រំ​ដែន​​​សើ្ទ​​​រគ្រប់​​ស្ថាប័នជាថ្នូរ​​នឹង​​ការបង់​ប្រាក់​សំណូក​​ ។

ស្រុក​សំពៅ​លូន​​​ត្រូវ​គេ​កត់​សម្គាល់​​ថា ជា​កន្លែង​​សម្បូរ​​ច្រក​ឆ្លង​ដែន​​​លួច​លាក់​​​ចេញ​ទៅ​​​ប្រទេស​​សៀម​​​​​ច្រើន​​ជាង​​គេ​ ក្នុង​ចំណោម​​​ស្រុក​​ចំនួន​​​​​៣ របស់​ខេត្ត​​បាត់​ដំបង​ ដែលនៅ​ជាប់​​​ព្រំ​ដែន​​​ប្រទេស​សៀម​​ ។​ តាម​​កា​រផ្តល់​​​ចម្លើយ​​នា​ពេល​​កន្លង​​​មក​ពីក្រុម​មេ​ខ្យល់​​​នាំមនុស្ស​​​​​​​ឆ្លង​ដែន​​​ខុស​ច្បាប់​​​ថា សមត្ថ​កិច្ច​​​នៅ​ព្រំដែន​​​ស្ទើរ​គ្រប់​​​ស្ថាប័ន​​ បាន​ឃុប​ឃិត​​​ក្នុង​ការបើក​ផ្លូវ​​​ឱ្យ​មាន​​​​ការ​​នាំមនុស្ស​​​ឆ្លង​ដែន​នេះ​ ជាថ្នូរ​​​នឹង​កា​របង់​ប្រាក់​​​សំណូក ។

កម្លាំ​ងអធិ​ការដ្ឋាន​នគរបាល​​​​​​​ស្រុក​សំពៅ​​​លូន​​​កន្លង​មក​​​​​ធ្លាប់​បាន​​​ចុះ​ទប់​ស្កាត់​​និង​បង្ក្រាប​​ក្រុម​មេ​ខ្យល់​​​នាំពលករ​​​ខ្មែរ​​​ឆ្លង​ដែន​ខុស​​ច្បាប់​​​ជា​បន្ត​បន្ទាប់​​ ។ ប៉ុន្តែ​​ពួក​គេ​​​នៅ​តែ​ព្យាយាម​​​លួច​ឆ្លង​​​ដែន​​​បាន​ដដែល​​​ ដោយ​សារ​តែ​​​មាន​ការ​ឃុប​ឃិត​​​ពីស្ថា​ប័ន​​​សមត្ថ​កិច្ច​​​ការពារ​ព្រំដែន​​មួយ​
ចំនួន​​ ។​​

ជាក់ស្តែង​​​កាល​ពី​ចុង​​​សប្តាហ៍​​មុន​នេះ​ ជន​​ចំណាក​ស្រុក​​​មួ​យក្រុម​​​ត្រូវ​បាន​​គេ​ប្រទះ​​ឃើញ​​កំពុង​​​ជួប​ជុំ​គ្នា​​​នៅក្បែរ​​​ប៉ុស្តិ៍​​​នគរបាល​​​​ការពារ​ព្រំដែន​​​មួយ​កន្លែង​​​ក្នុង​ឃុំ​​​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ដែល​តាម​​ប្រភព​​ព័ត៌​មាន​​​​​រាយ​ការណ៍​​​ថា ការ​ប្រមូល​​​ផ្តុំ​នោះ​​​គឺ សមត្ថកិច្ច​​​ការពារ​ព្រំ​ដែន​​​កំពុង​​​រាប់​ចំនួន​​មនុស្ស​​​យក​លុយ​​មុន​ពេល​​​ឆ្លង​ដែន​​​ ។ ប្រភព​​ដដែល​បាន​​ឱ្យដឹង​​ថា មេខ្យល់​​​បានយក​ប្រាក់​​​ពីពលករ​​​ក្នុ​ង​ម្នាក់​​​​ពី​​២.០០​០​បាត​ដល់​​​​​៣.០០០​បាត​​ ហើយ​មេខ្យល់​​​​​​យក​ប្រាក់​នេះ​​​ទៅបង់​បន្ត​​​ឱ្យ​ប៉ុស្តិ៍​​​​នគរបាល​​​​​ព្រំ​ដែន​​​ក្នុង​ម្នាក់​​​ចំនួន​​​​៣០​០​បាត​​ ដែល​ប៉ុស្តិ៍​​​​នគរបាល​នេះ​​យក​ទៅ​​ចែក​រំលែក​​បន្ត​ឱ្យ​​សមត្ថកិច្ច​​​ចំនួន​​៥​ស្ថាប័ន​​​ទៀត​ដែល​​​ពាក់​ព័ន្ធ​​ ដើម្បី​បាន​​នាំ​ពលករ​​​ទាំង​នោះ​​​ឆ្លង​ដែន​​​ចូល​ប្រទេស​​​សៀម​​ តែក៏ត្រូវ​​​បង់​​ឱ្យ​ភាគី​​​សៀម​ថែម​មួយ​តង់​​​​ទៀត​​ដែរ ។

ជុំ​វិញ​​​​​​ករណីនេះ​​​ កោះ​សន្តិភាព​​​មិន​អាច​​ទំនាក់​​ទំនង​​​សុំ​ការ​បំភ្លឺ​​​​ពីលោក​ស្រី សុខុន ប្រធាន​​​វរ​ការ​ពារ​​ព្រំ​ដែន​​​លេខ​​​៨១៧​​ ដែល​ឈរ​ជើង​​​នៅតំបន់​​​​​នោះ​បាន​ទេ កាល​ពី​​​ព្រឹក​ថ្ងៃទី​​​​​១៨ ឧសភា ​។ រី​​ឯ​​លោ​ក​ពេជ្រ​ សារ៉ែន​ អធិការ​​​​នគរ​បាល​​​ស្រុក​សំពៅ​លូន​​​ ក៏​មិន​​​អាច​សុំ​​កា​របំភ្លឺ​​​​​បាន​ដែរក្នុង​​​ពេល​ជាមួយ​​គ្នា​នេះ ដោយ​លោក​​​មិន​​បាន​លើក​ទូរស័ព្ទ​​​ ។ ប៉ុន្តែ​​​លោក​អធិ​ការ​រូប​នេះ​ ធ្លាប់​បាន​​​ប្រាប់​កោះ​សន្តិ​ភាព​​​ថា លោក​​​ស្នង​ការ​​ខេត្ត​បាន​​​បញ្ជា​​ឱ្យ​សមត្ថ​កិច្ច​​​របស់លោក​​​គ្រប់​​បណ្តា​ប៉ុស្តិ៍​​ទាំង​អស់​ក្នុង​មូល​ដ្ឋាន ​​​ឱ្យ​តាម​ឃ្លាំ​មើល​​​ជា​ប្រចាំ​​ ដើម្បី​​​ទប់​ស្កាត់​​ និង​បង្ក្រាប​​ចំពោះ​​​មេ​ខ្យល់​​ដែល​ព្យាយាម​​​នាំពលករ​​ខ្មែរ​ឆ្លង​ដែន​​​ខុស​ច្បាប់​​​ចូលប្រទេស​សៀម​​​ ហើយ​កន្ល​ង​មក​​កម្លាំង​​លោក​ក៏​បាន​​បង្ក្រាប​​មេ​ខ្យល់​​ និង​ទប់​ស្កាត់​​ពលករ​​ខ្មែរ​​ធ្វើ​ចំណាក​ស្រុក​​បាន​ជាច្រើន​ករណី​​ផង​ដែរ ។

ពលករ​ខ្មែរ​​ដែលធ្វើ​ចំណាក​ស្រុក​​​ឆ្លង​ដែន​​ដោយ​ខុស​ច្បាប់​​ចូលទៅ​ធ្វើ​ការ​​នៅប្រទេស​សៀម​ ​​បាននិ​​ង​​កំពុង​​ប្រឈម​មុខ​​នឹង​បញ្ហា​​​​គ្រប់​បែប​យ៉ាង​​​នៅ​ក្នុងប្រទេស​​នេះ ដោយសារតែ​​​ការ​ស្នាក់​​នៅ​របស់​​​ពួ​ក​គេ​មិន​ស្រប​ច្បាប់​​ ។ ការ​ប្រឈម​​​​​មុខធ្ងន់់​​ធ្ងរ​បំផុត​​​​របស់ពួ​​ក​​​គេគឺ​​​មេខ្យល់​​ល្បួង​​យក​ទៅ​លក់​​កម្លាំង​​ពលកម្ម​​​​បន្ត​នៅ​​លើ​ទូក​នេសាទ​ ដែលខ្លះ​​​ត្រូវ​គេ​លក់​​​ទៅ​​ឱ្យ​ទូក​នេសាទ​​​​ប្រទេស​ម៉ាឡេ​ស៊ី​​​ទៀត​ផង ។ ពលករ​​​ខ្មែរទាំង​នេះ​​​ ត្រូវគេ​​​​ធ្វើ​​ទារុណកម្ម​​​​​​ ឬសម្លាប់​​ចោលក៏​មាន ។ អ្នក​ខ្លះ​ត្រូវ​ថៅកែ​​​ទូក​នេសាទ​​​បង្ខាំង​​​ឱ្យ​ធ្វើ​​កម្ម​​ករ​លើ​​​ទូក​​រាប់​​ឆ្នាំ​​​ទម្រាំ​​​គេ​អនុញ្ញាត​​​ឱ្យ​ត្រឡប់​​មក​កាន់​​​ស្រុ​​ក​កំណើត​​​វិញ ដោយគ្មាន​​ប្រាក់​មួយ​​សេន​​​​​ជាប់​នឹង​ខ្លួន​​ផង ។​ បញ្ហា​នេះ​​បើ​អាជ្ញាធរ​​ ឬ​សមត្ថកិច្ច​​គ្រប់​​ស្ថា​ប័ន​​ពាក់​ព័ន្ធ​​​​​នៅ​​តាម​​តំបន់​​ព្រំដែន​​មិន​​ទប់​ស្កាត់​ទេ​​ ប្រជាពលរដ្ឋ​​​ខ្មែរ​​​នៅ​តែ​បន្ត​រងគ្រោះ​​​កាន់​តែ​​ច្រើន​ឡើង​ៗ ដោយ​សារ​ជន​​​ទុច្ច​រិត​​នាំ​យកទៅ​​លក់​កម្លាំង​​ពលកម្ម​​​នៅឯ​បរទេស​ ៕