ខេត្តពោធិ៍សាត់ ៖ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មួយថ្ងៃ គឺថ្ងៃទី១៧ ឧសភា លោកជំទាវជា ខេង ភរិយាលោករដ្ឋមន្ត្រីស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ រួមដំណើរដោយលោកជំទាវប៊ុនចន្ទ្រា ទីនរិន្ទ លោកជា ប៉េងឈាង និងលោកជំទាវ ខ្លូត ទងផ្កា បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ និងប្រជាពលរដ្ឋភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ។
លោកជំទាវ ជា ខេង ស៊ុយ សែម ជំនួសមុខលោករដ្ឋមន្ត្រីស៊ុយ សែម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាទាំង៣ ក៏ដូចជាលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចនិងលោកជំទាវ បានរួមសុខទុក្ខជាមួយបងប្អូនតាំងពីដើមមក ទាំងពេលលំបាក និងភាពងាយស្រួល ។ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ប្រទេសជាតិពុំមានអ្វីទាំងអស់ ប៉ុន្តែមកដល់ពេលនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យអ្វីៗកើតមានឡើងវិញក្នុងនោះរាប់ទាំងវិស័យសាសនាផងដែរ ។
លោកជំទាវមានប្រសាសន៍ថា ឥឡូវនេះនៅ គ្រប់មូលដ្ឋានភូមិ-ឃុំមានផ្លូវ ប្រឡាយ ប្រព័ន្ធធារាសាស្រ្ត សាលារៀន មណ្ឌលសុខភាព ស្ពាន អណ្តូងទឹក បង្គន់អនាម័យ និងការបង្ហាត់បង្ហាញបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៀតផង ។ ដូច្នេះ សូមប្រជាពលរដ្ឋខិតខំធ្វើស្រែដាំដំណាំ បន្លែបង្ការ និងចិញ្ចឹមសត្វឱ្យបានច្រើនដើម្បីទុកហូប និងលក់ដូរ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានការធូរធារពីមួយឆ្នាំទៅមួយឆ្នាំ ។ ជាមួយគ្នានេះ ត្រូវជំរុញកូនគ្រប់អាយុឱ្យទៅចុះឈ្មោះចូលរៀន ដើម្បីចៀសផុតពីគ្រោះអវិជ្ជា ដែលជាមូលហេតុធ្វើឱ្យយើងក្រ និងរាំស្ទះដល់ដំណើរការអភិវឌ្ឍន៍ ព្រោះថាប្រទេសជាតិរីកចម្រើន និងមានការអភិវឌ្ឍន៍នោះ គឺអាស្រ័យលើធនធានមនុស្សជាកត្តាចម្បង ។ ម្យ៉ាងវិញទៀត សូមកុំធ្វើចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ព្រោះអ្នកដែលទៅនោះ កន្លងមកពុំទទួលបានផលអ្វីជាដុំកំភួនទេ មានតែព្រាត់ប្រាសប្តីប្រពន្ធ បងប្អូន កូនចៅ ខ្លះត្រូវគេប្រើនិងវាយធ្វើបាប ពិសេសញៀនថ្នាំគ្មានអនាគត និងមានជំងឺទៀតផង ។
លោកជំទាវមានប្រសាសន៍ទៀតថា នៅខេត្តពោធិ៍សាត់ ឬនៅភ្នំពេញ ក្រុមហ៊ុន និងរោងចក្រមួយចំនួនគេត្រូវការកម្មករបម្រើការងារច្រើនណាស់មិនចាំបាច់ឆ្លងដែនទៅប្រទេសគេនោះទេ ហើយធានាសុវត្ថិភាពទៀតផង ។ នៅថ្ងៃទី៣ មិថុនា ឆ្នាំ២០១២ ខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ ដូច្នេះសូមបងប្អូនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីគាំទ្រគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ។
នៅក្នុងឱកាសនោះ លោកជំទាវជា ខេង ស៊ុយ សែម លោកជំទាវប៊ុនចន្ទ្រា ទីនរិន្ទ លោកជា ប៉េងឈាង និងលោកជំទាវ ខ្លូត ទងផ្កា បានចែកអំណោយដល់ប្រជាពលរដ្ឋស្រុកភំ្នក្រវាញចំនួន៦០០នាក់ ក្នុងម្នាក់ៗទទួលបានអាហារបំប៉ន៣កញ្ចាប់ សាប៊ូម្ស៉ៅ១កញ្ចប់ ថ្នាំ១បន្ទះ ប្រហុកកន្លះគីឡូ និងថវិកា៥.០០០រៀល ។ ប្រជាពលរដ្ឋភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ៩៧០នាក់ ក្នុងម្នាក់ៗអាហារបំប៉ន៣កញ្ចប់ សាប៊ូម្ស៉ៅ១កញ្ចប់ និងតាយាយចាស់ជរា៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០.០០០
រៀល ៕




ចែករំលែកព័តមាននេះ