ខេត្តកំពត ៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី១៨ ឧសភា មានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញដល់មន្ត្រីនគរបាលចរាចរក្នុងខេត្ត ដើម្បីរឹតបន្តឹងច្បាប់លើការពាក់មួកការពារសុវត្ថិភាពសម្រាប់ទោចក្រយានយន្ត និងការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនាពេលយប់ ។ វគ្គបំប៉ននេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៨ និង១៩ ឧសភា ដោយមានសិក្ខាកាមជានគរបាលចរាចរខេត្តចំនួន៧០រូបចូលរួមក្នុងនោះ មកពីខេត្តកែបចំនួន២០រូប ។
មានប្រសាសន៍នៅក្នុងឱកាសបើកវគ្គនោះ លោកវរសេនីយ៍ឯក លុយ ឈីន នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃនាយកដ្ឋានសណ្តាប់ធ្នាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងស្នងការដ្ឋាននគរបាលខេត្តកំពត ដោយមានការឧបត្ថម្ភពីអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល (GRSP) ក្រោមគម្រោងសុវត្ថិភាពចរាចរណ៍១០ប្រទេស (RS10) របស់មូលនិធិសប្បុរសប្លូ៊បឺក ។
គោលបំណងនៃការបើកវគ្គនេះ គឺដើម្បីជួយពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលចរាចរ លើការរឹតបន្តឹងច្បាប់ចរាចរណ៍ ជាពិសេសលើការពាក់មួកការពារសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនៅពេលយប់ ។ ដោយសារបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅមិនទាន់យល់ច្បាស់ពីច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ម៉្លោះហើយទើបបើកការបណ្តុះបណ្តាលនៅពេលនេះ។
ដោយឡែកមន្ត្រីនគរបាលចរាចរមួយចំនួនតូចក៏នៅមិនទាន់មានជំនាញច្បាស់លាស់ ដូច្នេះវគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនដល់មន្រ្តីនគរបាលចរាចរនូវវិធីសាស្រ្តជ្រើសរើស និងរៀបចំទីតាំងសម្រាប់ធ្វើការផាកពិន័យ ដែលប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ក្នុងវគ្គនេះដែរ ក៏មានការផ្តល់នូវបច្ចេកទេសលំអិតលើការប្រើប្រាស់ឧបករណ៍វាស់ស្ទង់កម្រិតជាតិអាល់កុលក្នុងខ្យល់ដង្ហើមរបស់អ្នកបើកបរ និងវិធីសាស្រ្តស៊ើបអង្កេតលើការពាក់មួកការពារសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនៅពេលយប់។
លោក លុយ ឈីន បានបន្តទៀតថា កាលពីឆ្នាំ២០១០-២០១១កន្លងមក តាមរយៈគម្រោងសុវត្ថិភាពចរាចរណ៍១០ប្រទេស (RS10) ការបណ្តុះបណ្តាលជំនាញបូករួមទាំងការប្រើប្រាស់ឧបករណ៍វាស់ស្ទង់កម្រិតជាតិអាល់កុលក្នុងខ្យល់ដកដង្ហើមរបស់អ្នកបើកបរ បានអនុវត្តជាដំបូងនៅក្នុងប្រទេសកម្ពុជា ក្នុងរាជធានី-ខេត្ត បានចំនួនតែបីប៉ុណ្ណោះ គឺរាជធានីភ្នំេពញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ នៅក្នុងឆ្នាំ២០១២នេះ អគ្គស្នងការដ្ឋាននគរបាលជាតិជាមួយនឹងអង្គការដៃគូ សុវត្ថិភាព ចរាចរណ៍ផ្លូវគោកសកល (GRSP) កំពុងតែបន្តបណ្តុះបណ្តាលបច្ចេកទេសជំនាញនេះដល់មន្ត្រីនគរបាលចរាចរក្នុងខេត្ត ក្រុងទាំង២១ផ្សេងទៀតដែលនៅសល់ ។ ជាក់ស្តែងក្រោយពេលបើកវគ្គបណ្តុះបណ្តាលនេះ មន្ត្រីនគរបាលចរាចរខេត្តកំពតនឹងចាប់ផ្តើមអនុវត្តរឹតបន្តឹងច្បាប់លើការពាក់មួកការពារសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ជាពិសេសពេលនៅយប់ ដោយរួមផ្សំការអប់រំ និងការផាកពិន័យ សំដៅធ្វើឱ្យការធ្វើចរាចរណ៍នៅតាមផ្លូវរបស់ប្រជាពលរដ្ឋគ្រប់រូបកាន់តែមានសុវត្ថិភាពល្អជាងមុន ។
នៅក្នុងពិធីបើកវគ្គនេះដែរ លោក ថ្លាង ភិរិន្ទ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើនគរបាលជំនាញចរាចរណ៍ផងដែរ ដោយលោកបានដាក់សំណួរទៅកាន់នគរបាលចរាចរថា តើកន្លងមកសមត្ថកិច្ចដែលមានតួនាទីជំនាញខាងចរាចរណ៍សណ្តាប់ធ្នាប់ បានធ្វើគំរូដល់ប្រជាពលរដ្ឋហើយឬនៅ? គឺម៉ូតូត្រូវមានកញ្ចក់ ស្លាកលេខ អ្នកបើកបរត្រូវពាក់មួកការពារសុវត្ថិភាពគ្រប់គ្រាន់ហើយឬនៅ? មន្ត្រីខ្លះ បើកបររថយន្តមានជាតិស្រវឹង បង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ។ ដូច្នេះមុននឹងត្រួតពិនិត្យពលរដ្ឋ ខ្លួនឯងត្រូវអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវជាមុនសិន ។ នគរបាលចរាចរខ្លះ ហៅឃាត់តែប្រជាពលរដ្ឋទេ បើឃើញសមត្ថកិច្ចដូចគ្នាធ្វើខុសមិនហៅទេ ។ យើងជានគរបាលបម្រើប្រជាពលរដ្ឋ យើងធ្វើឱ្យមានតម្លាភាពត្រឹមត្រូវ ទើបប្រជាពលរដ្ឋមានភាពកក់ក្តៅមកលើកម្លាំងសមត្ថកិច្ច ៕


ចែករំលែកព័តមាននេះ