ខេត្តកំពង់ឆ្នាំង ៖ ខ្លាត្រី១ក្បាលត្រូវបានគេសម្លាប់រួចហើយយកមកចងព្យួរតាំងលក់យ៉ាងសង្ហាជាថ្មីម្តងទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី១៧ ឧសភា ដោយគ្មានក្រែងរអែងឈឺក្បាលវិលមុខនឹងសមត្ថកិច្ចជំនាញណាឡើយ ។ នេះជាការដាក់តាំងលក់ជាលើកទី២ហើយនៅកន្លែងតែមួយ នេះដែលអ្នកយកព័ត៌មានយើងថតបានដោយចៃដន្យ ដែលកាលពីថ្ងៃទី១៧ ខែមេសា គេដាក់លក់ដល់ទៅ៣ក្បាលឯណោះ ហើយកាលនោះគេលាត់ស្បែកវា(ខ្លាត្រី)រួចជាស្រេចទៀត ។
ការចងព្យួរលក់សត្វព្រៃទាំងមូលបែបនេះ គឺមានន័យថា អ្នកលក់ ឬអាចថា ព្រានមិនបានខ្លាចសមត្ថកិច្ចជំនាញណាសូម្បីបន្តិចឡើយ ឬអាចនិយាយបានទៀតថា ប្រហែលជាគេត្រូវរ៉ូវគ្នាផងក៏មិនដឹង ព្រោះការដាក់លក់របៀបនេះគឺរាល់ថ្ងៃតែម្តង ដែលសត្វព្រៃទាំងនោះមានដូចជា ទន្សាយ ពស់ សត្វស្លាបច្រើនប្រភេទ សាច់ជ្រូកព្រៃ ឈ្លូស និងខ្លាត្រីនេះជាដើម ។ អ្នកលក់មិនព្រមផ្តល់ការសម្ភាសន៍នោះទេ គ្រាន់តែប្រាប់ថា ខ្លាត្រីមួយក្បាលនេះតម្លៃ៥ម៉ឺនរៀលតែប៉ុណ្ណោះ ។ ចំណែកប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិយាយថា នៅទីនេះមានលក់សត្វព្រៃគ្រប់ប្រភេទជារៀងរាល់ថ្ងៃ ប៉ុន្តែលក់ត្រឹមម៉ោង៨ទៅម៉ោង៩ព្រឹកគេទិញអស់ហើយ គឺអ្នកធ្វើដំណើរជាអ្នកទិញ ។
គួររំលឹកថា កន្លែងសម្បូរសាច់សត្វព្រៃលក់ច្រើនជាងគេគឺ នៅព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ត្រង់ម្តុំលក់ទំពាំងជ្រក់ច្រើន ៕
ចែករំលែកព័តមាននេះ