ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការដល់អធិការដ្ឋានស្រុក-ក្រុង និងប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍ក្នុងការការពារសន្តិសុខ សុវត្ថិភាពដល់គណបក្សនយោបាយពេលឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ កាលពីរសៀលថ្ងៃទី១៧ ឧសភា ។
លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង មានប្រសាសន៍ផ្តាំផ្ញើដល់អស់លោកអធិការស្រុក ក្រុង និងមេប៉ុស្តិ៍រដ្ឋបាលនៅទូទាំងខេត្តថា នគរបាលត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់ដល់គណបក្សនយោបាយទាំងអស់ឱ្យបានហ្មត់ចត់បំផុតនាអំឡុងពេលឃោសនារកសំឡេងឆ្នោតដោយមិនប្រកាន់គណបក្សនយោបាយឡើយ និងមិនត្រូវស្លៀកពាក់ជាឯកសណ្ឋានពេលចូលរួមហែក្បួនឃោសនារបស់គណបក្សនយោបាយណាមួយទេ។ គ្រប់អធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលទាំងអស់នៅតាមចំណុចរបស់ខ្លួនគ្រប់គ្រងត្រូវតែផ្លាស់ប្តូរវេនគ្នាប្រចាំការជាប្រចាំងាយស្រួលនៅពេលមានហេតុការណ៍អ្វីកើតឡើងនៅក្នុងតំបន់របស់យើងគ្រប់គ្រង យើងចុះទៅទាន់ហេតុការណ៍ និងគ្រប់គ្រងសភាពការណ៍បានទាន់ពេលវេលា ។
លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តមានប្រសាសន៍បន្តទៀតថា បទបញ្ជាក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមយើងទាំងអស់គ្នាជាមន្ត្រីនគរបាលជាតិ យើងត្រូវអនុវត្តការការពារសន្តិសុខ សណ្តាប់ធ្នាប់ដល់គណបក្សនយោបាយពេលឃោសនាបោះឆ្នោត មិនឱ្យមានបញ្ហាអ្វីកើតឡើង ព្រោះបញ្ហានេះជាបញ្ហាសំខាន់សម្រាប់មន្ត្រីនគរបាលទាំងអស់ក្នុងការងារការពារសន្តិសុខជូនជាតិ និងប្រជាពលរដ្ឋ ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្ត បានពាំនាំសម្ភាររបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិជូនដល់នគរបាលគ្រប់ស្រុក-ក្រុង ដោយក្នុង៩ស្រុក និង១ក្រុង ទទួលបានថវិកា ២០ម៉ឺនរៀល មី២កេស ដំបងបញ្ជាចរាចរណ៍៤ អាវចំណាំងភ្លើង៦ ។ចំពោះប៉ុស្តិ៍រដ្ឋបាលទាំង១០០ ក្នុង១ប៉ុស្តិ៍ទទួលបានមី៣កេស ប្រេងសាំង១០លីត្រ បន្ថែមពីលើប្រេងសាំងប្រចាំខែ២០លីត្រ ៕


ចែករំលែកព័តមាននេះ