ខេត្តស្ទឹងត្រែង ៖ សកម្មភាពឈ្មួញកាប់ឈើ និងដឹកជញ្ជូនឈើប្រណីតក្នុងស្រុកថាឡាបរិវ៉ាត់ទៅលក់នៅព្រំដែនឡាវ-វៀតណាម និង ចែកចាយតាមរោងសិប្បកម្មកែច្នៃឆ្លងកាត់ខេត្តក្រចេះ កំពុងកើតឡើងពេញបន្ទុកនិងយ៉ាងអនាធិបតេយ្យ ដែលគេមើលឃើញថា ពុំមានការទប់ស្កាត់ពីសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលព្រៃឈើដែលគ្រប់គ្រងតាមមូលដ្ឋានរបស់ខ្លួន ឡើយ ។ បានជាហ៊ាននិយាយបែបនេះ ដោយសារតែសកម្មភាពល្មើសច្បាប់ព្រៃឈើនៅតែបន្តកើតមានគគ្រឹកគគ្រេង ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមឈ្មួញកំពុងធ្វើសកម្មភាពក្នុងតំបន់ព្រៃនៃស្រុកថា ឡាបរិវ៉ាត់ ត្រង់ចំណុចវាលដេញ និងនាំមកដាក់នៅចំណុចអូរតាឡាស់ ឃុំព្រះរំកិល រួចដឹកឆ្លងដែនទៅលក់នៅប្រទេសឡាវ និងមួយចំនួនទៀតចែកចាយតាមសិប្បកម្មក្នុងស្រុក ។ ម្យ៉ាងទៀតក្នុងភូមិសាស្ត្រព្រៃឡង់ជាប់ព្រំប្រទល់ខេត្ត៤ មានខេត្តស្ទឹងត្រែង, ក្រចេះ, កំពង់ធំ, និងព្រះវិហារ ក្រុមអ្នករកស៊ីឈើក៏បានជួលកម្មករធ្វើសកម្មភាពកាប់បំផ្លាញយ៉ាងរង្គាលផងដែរ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ក្រុមឈ្មួញបានសម្រុកកាប់ឈើក្នុងភូមិសាស្ត្រចំណុចវាលដេញរួចដឹកជញ្ជូនចេញតាមគោយន្តកន្ត្រៃ ឬតាមរថយន្តកែច្នៃទៅដាក់នៅមាត់ច្រាំងទន្លេ ក្នុងឃុំព្រះរំកិល និងដឹកបន្តតាមកាណូតចូលច្រកវ៉ឺនខាម ប្រទេសឡាវ ទាំងព្រឹកទាំងល្ងាចបានយ៉ាងងាយស្រួល ដែលសកម្មភាពនេះត្រូវបានគេសង្ស័យថាប្រហែលជាមានការបើកដៃពីមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើក្នុងតំបន់នោះ ។
ប្រភពព័ត៌មានដោយឡែកមួយទៀតបានឱ្យដឹងថា តំបន់ព្រៃឡង់ជាប់ព្រំប្រទល់ខេត្តទាំង៤ខាងលើមានការកាប់ និងដឹកជញ្ជូនឈើឥតឈប់ឈរទៅស្តុកទុកក្នុងព្រៃ និងក្នុងទឹកទន្លេភូមិកាំងចាម ភូមិក្ងោកចំណុចអូរសៀមបូក រួចក្រុមអ្នករកស៊ីឈើបន្តដឹកតាមកាណូតទៅខេត្តក្រចេះ។ ទន្ទឹមនឹងនោះ ក្រុមឈ្មួញពេលខ្លះដឹកឈើដែលបង្កប់ទុកក្នុងទឹកហើយប្រើរូបភាពដឹកទៅត្រើយម្ខាងនៃស្រុកសៀមបូក រួចលើកដាក់រថយន្តធុនធំនៅពេលយប់ និងបង្កប់ដំឡូងមីពីលើចេញតាមច្រកចំណុចភ្នំក្រហមទៅប្រទេសវៀតណាមដោយសុវត្ថិភាព ។
តាមអ្នកភូមិបានឱ្យដឹងថា ការកាប់ឈើនៅតំបន់ព្រៃឡង់នេះ ឈ្មោះសម្បត្តិ និងឈ្មោះនួន ជាមេការមកពីខេត្តក្រចេះជាអ្នកប្រមូលទិញ ហើយដឹកតាមផ្លូវទឹកនៅរដូវវស្សា និងដឹកតាមផ្លូវគោកនារដូវប្រាំងឆ្លងកាត់ខេត្តក្រចេះយកទៅលក់នៅប្រទេសវៀតណាម ។
ជុំវិញករណីខាងលើនេះ លោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ បានឱ្យអ្នកយកព័ត៌មានដឹងថា សមត្ថកិច្ចលោកគ្មានកម្លាំងទប់ស្កាត់ទេ ព្រោះលោកនៅតែម្នាក់ឯងចាំតែស្នាក់ការ ឯកម្លាំងជាប់រវល់ចេញក្រៅ ។ លោកចុះទៅធ្វើការម្នាក់ឯងពុំអាចទប់ស្កាត់បានទេ បើបង្កើតគណៈកម្មការទើបអាច ធ្វើការបង្ក្រាបបាន ។ ចំណែកលោករី រស្មី នាយសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិលបានឱ្យដឹងដែរថា លោកមិនដឹងទេចំពោះករណីខាងលើនេះ ព្រោះជាប់រវល់នៅភ្នំពេញ ចាំសួរកូនចៅសិន ។
គេនិយាយថា បើសិនជាមន្ត្រីជំនាញមិនធ្វើការទប់ស្កាត់ទាន់ពេល ហើយស្វែងរកមេឈ្មួញរកស៊ីឈើល្មើសច្បាប់មកចាត់ការតាមផ្លូវច្បាប់ទេ ព្រៃឈើនៅស្រុកថាឡាបរិវ៉ាត់ប្រាកដជាវិនាសហិនហោច ។ ម្យ៉ាងទៀត មន្ត្រីជំនាញនៅចំណុចខាងលើនោះ ចេះតែអសកម្មបណ្តោយឱ្យក្រុមរកស៊ីឈើធ្វើតាមអំពើចិត្តដែលផ្ទុយពីគោលការណ៍របស់ច្បាប់ស្តីពីព្រៃឈើ ជា ពិសេសគឺផ្ទុយពីបទបញ្ជាលេខ០១របស់ប្រមុខរាជរដ្ឋាភិបាល ៕


ចែករំលែកព័តមាននេះ