ខេត្តបាត់ដំបង ៖ ពលករខ្មែរធ្វើចំណាកស្រុក ដែលកំពុងស្វែងរកការងារធ្វើនៅតាមតំបន់ព្រំដែន ត្រូវគេរាយការណ៍ថា នៅតែបន្តឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់នៅប្រទេសសៀមមិនថមថយឡើយ ដោយមានការឃុបឃិតបើកផ្លូវពីសំណាក់សមត្ថកិច្ចការពារព្រំដែនសើ្ទរគ្រប់ស្ថាប័នជាថ្នូរនឹងការបង់ប្រាក់សំណូក ។
ស្រុកសំពៅលូនត្រូវគេកត់សម្គាល់ថា ជាកន្លែងសម្បូរច្រកឆ្លងដែនលួចលាក់ចេញទៅប្រទេសសៀមច្រើនជាងគេ ក្នុងចំណោមស្រុកចំនួន៣ របស់ខេត្តបាត់ដំបង ដែលនៅជាប់ព្រំដែនប្រទេសសៀម ។ តាមការផ្តល់ចម្លើយនាពេលកន្លងមកពីក្រុមមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ថា សមត្ថកិច្ចនៅព្រំដែនស្ទើរគ្រប់ស្ថាប័ន បានឃុបឃិតក្នុងការបើកផ្លូវឱ្យមានការនាំមនុស្សឆ្លងដែននេះ ជាថ្នូរនឹងការបង់ប្រាក់សំណូក ។
កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនកន្លងមកធ្លាប់បានចុះទប់ស្កាត់និងបង្ក្រាបក្រុមមេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ ។ ប៉ុន្តែពួកគេនៅតែព្យាយាមលួចឆ្លងដែនបានដដែល ដោយសារតែមានការឃុបឃិតពីស្ថាប័នសមត្ថកិច្ចការពារព្រំដែនមួយចំនួន ។
ជាក់ស្តែងកាលពីចុងសប្តាហ៍មុននេះ ជនចំណាកស្រុកមួយក្រុមត្រូវបានគេប្រទះឃើញកំពុងជួបជុំគ្នានៅក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនមួយកន្លែងក្នុងឃុំសិរីមានជ័យ ស្រុកសំពៅលូន ដែលតាមប្រភពព័ត៌មានរាយការណ៍ថា ការប្រមូលផ្តុំនោះគឺ សមត្ថកិច្ចការពារព្រំដែនកំពុងរាប់ចំនួនមនុស្សយកលុយមុនពេលឆ្លងដែន ។ ប្រភពដដែលបានឱ្យដឹងថា មេខ្យល់បានយកប្រាក់ពីពលករក្នុងម្នាក់ពី២.០០០បាតដល់៣.០០០បាត ហើយមេខ្យល់យកប្រាក់នេះទៅបង់បន្តឱ្យប៉ុស្តិ៍នគរបាលព្រំដែនក្នុងម្នាក់ចំនួន៣០០បាត ដែលប៉ុស្តិ៍នគរបាលនេះយកទៅចែករំលែកបន្តឱ្យសមត្ថកិច្ចចំនួន៥ស្ថាប័នទៀតដែលពាក់ព័ន្ធ ដើម្បីបាននាំពលករទាំងនោះឆ្លងដែនចូលប្រទេសសៀម តែក៏ត្រូវបង់ឱ្យភាគីសៀមថែមមួយតង់ទៀតដែរ ។
ជុំវិញករណីនេះ កោះសន្តិភាពមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកស្រី សុខុន ប្រធានវរការពារព្រំដែនលេខ៨១៧ ដែលឈរជើងនៅតំបន់នោះបានទេ កាលពីព្រឹកថ្ងៃទី១៨ ឧសភា ។ រីឯលោកពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន ក៏មិនអាចសុំការបំភ្លឺបានដែរក្នុងពេលជាមួយគ្នានេះ ដោយលោកមិនបានលើកទូរស័ព្ទ ។ ប៉ុន្តែលោកអធិការរូបនេះ ធ្លាប់បានប្រាប់កោះសន្តិភាពថា លោកស្នងការខេត្តបានបញ្ជាឱ្យសមត្ថកិច្ចរបស់លោកគ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ក្នុងមូលដ្ឋាន ឱ្យតាមឃ្លាំមើលជាប្រចាំ ដើម្បីទប់ស្កាត់ និងបង្ក្រាបចំពោះមេខ្យល់ដែលព្យាយាមនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចូលប្រទេសសៀម ហើយកន្លងមកកម្លាំងលោកក៏បានបង្ក្រាបមេខ្យល់ និងទប់ស្កាត់ពលករខ្មែរធ្វើចំណាកស្រុកបានជាច្រើនករណីផងដែរ ។
ពលករខ្មែរដែលធ្វើចំណាកស្រុកឆ្លងដែនដោយខុសច្បាប់ចូលទៅធ្វើការនៅប្រទេសសៀម បាននិងកំពុងប្រឈមមុខនឹងបញ្ហាគ្រប់បែបយ៉ាងនៅក្នុងប្រទេសនេះ ដោយសារតែការស្នាក់នៅរបស់ពួកគេមិនស្របច្បាប់ ។ ការប្រឈមមុខធ្ងន់់ធ្ងរបំផុតរបស់ពួកគេគឺមេខ្យល់ល្បួងយកទៅលក់កម្លាំងពលកម្មបន្តនៅលើទូកនេសាទ ដែលខ្លះត្រូវគេលក់ទៅឱ្យទូកនេសាទប្រទេសម៉ាឡេស៊ីទៀតផង ។ ពលករខ្មែរទាំងនេះ ត្រូវគេធ្វើទារុណកម្ម ឬសម្លាប់ចោលក៏មាន ។ អ្នកខ្លះត្រូវថៅកែទូកនេសាទបង្ខាំងឱ្យធ្វើកម្មករលើទូករាប់ឆ្នាំទម្រាំគេអនុញ្ញាតឱ្យត្រឡប់មកកាន់ស្រុកកំណើតវិញ ដោយគ្មានប្រាក់មួយសេនជាប់នឹងខ្លួនផង ។
បញ្ហានេះបើអាជ្ញាធរ ឬសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធនៅតាមតំបន់ព្រំដែនមិនទប់ស្កាត់ទេ ប្រជាពលរដ្ឋខ្មែរនៅតែបន្តរងគ្រោះកាន់តែច្រើនឡើងៗ ដោយសារជនទុច្ចរិតនាំយកទៅលក់កម្លាំងពលកម្មនៅឯបរទេស ៕



ចែករំលែកព័តមាននេះ