រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកំណើនភ្ញៀវទេសចរបរទេសដែលមកចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនាឆ្នាំ២០១២ នេះ ។
ជួបសម្ភាសន៍ជាមួយកោះសន្តិភាពកាលពីពេលថ្មីៗនេះ លោករស់ រ៉េន រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ អ្វីដែលធ្វើឲ្យយើងចាប់អារម្មណ៍មែនទែននោះ គឺកំណើនភ្ញៀវទេសចរបរទេសតែម្តង ព្រោះថារាល់ឆ្នាំភ្ញៀវទេសចរបរទេសមិនដល់១០០នាក់ទេ ដែលចូលរួមទស្សនា និងផ្តិតយកទិដ្ឋភាពក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប៉ុន្តែឆ្នាំនេះយើងសង្កេតឃើញថា ចំនួនភ្ញៀវបរទេសបានកើនរហូតដល់ជិត៤០០នាក់ឯណោះ។ លោករំពឹងថា ឆ្នាំក្រោយចំនួនភ្ញៀវទេសចរបរទេសនឹងកាន់តែមានការកើនឡើងច្រើនទៀត ។
លោករស់ រ៉េន បានលើកឡើងថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល បាននិងកំពុងធ្វើឲ្យភ្ញៀវទេសចរបរទេសចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះនៅលើសាកលលោកពុំមានប្រទេសណាមួយរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនេះឡើយ ។ លោកអះអាងថា ការលើកឡើងដូច្នេះមិនមែនជាការវាយតម្លៃផ្ទាល់ខ្លួននោះទេ ប៉ុន្តែយើងស្រង់បាននូវការនិយាយផ្ទាល់ពីភ្ញៀវបរទេស ដែលមកចូលរួមក្នុងពិធីនេះ។ តាមលោករដ្ឋលេខាធិការ ភ្ញៀវបរទេសភាគច្រើននិយាយថា ឆ្នាំក្រោយគេនឹងមកលេងស្រុកខ្មែរឲ្យចំថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះតែម្តង ហើយពួកគេក៏នឹងផ្សព្វផ្សាយអំពីបុណ្យដ៏អស្ចារ្យនេះដល់ជនជាតិរបស់គេបន្តទៀត ។
លោករដ្ឋលេខាធិការបានបន្ថែមថា ភ្ញៀវភាគច្រើនដែលមកទស្សនាព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ គឺមកពីតំបន់អឺរ៉ុប និងអាមេរិក ចំណែកតំបន់អាស៊ីមានតិចតួចទេ ។ តាមការវាយតម្លៃរបស់លោក អ្វីដែលធ្វើឲ្យភ្ញៀវមានការកើនឡើងខ្ពស់ដូច្នេះក៏ព្រោះតែប្រទេសយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន ។ ទន្ទឹមនោះ គឺការរៀបចំពិធីបុណ្យរបស់យើងដែលកាន់តែល្អទាំងសោភ័ណភាព និងកម្មវិធីបុណ្យ ដែលអាចទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរទាំងអស់នោះ ។
ចំណែកលោកជា គៀន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានទទួលស្គាល់ថា ឆ្នាំនេះពិតជាមានភ្ញៀវបរទេសចូលរួមទស្សនាព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លច្រើនខុសពីឆ្នាំមុនៗប្រាកដមែន ហើយក៏មានភ្ញៀវទេសចរមួយចំនួនធំដែលពុំមានកន្លែងអង្គុយស្រួលបួលនោះដែរ ខណៈពេលការប៉ាន់ស្មានរបស់យើងមិនត្រូវនឹងចំនួនដែលភ្ញៀវបរទេសចូលរួមនាំឲ្យការរៀបចំកៅអីមិនគ្រប់ចំនួនភ្ញៀវ ។
លោកជា គៀន ថ្លែងថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ យើងរៀបចំបានល្អជាងបណ្តាឆ្នាំកន្លងមកទាំងការងារសន្តិសុខសណ្តាប់ធ្នាប់ និងកម្មវិធីផ្សេងៗទៀតដែលមើលទៅគួរឲ្យទាក់ទាញ និងចាប់អារម្មណ៍បំផុត ពិសេសគឺភ្ញៀវទេសចរតែម្តង។ លោកគិតថា នេះជាបទពិសោធន៍របស់យើងសម្រាប់ការរៀបចំនៅបណ្តាឆ្នាំខាងមុខៗទៀត ដើម្បីជាការអូសទាញកំណើនភ្ញៀវទេសចរបរទេស ។
គួររំលឹកថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធិជាតិដ៏ធំមួយនាសម័យសង្គមរាស្រ្តនិយមដឹកនាំដោយសម្តេចឪព្រះមហាវីរក្សត្រ ។ ពិធីបុណ្យនេះមិនចាញ់ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែឡើយ ក្នុងការអូសទាញប្រជាពលរដ្ឋចូលរួម ។ កាលពីសម័យនោះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លត្រូវបានរៀបចំរយៈពេលបីថ្ងៃ ហើយប្រជាពលរដ្ឋក្នុងទូទាំងប្រទេសបានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ ៕


ចែករំលែកព័តមាននេះ