ខេត្តព្រះវិហារ ៖ រសៀលថ្ងៃទី១៧ ឧសភា នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនកងរាជអាវុធហត្ថខេត្ត វគ្គទី១ ឆ្នាំ២០១២ និងផ្សព្វផ្សាយក្រមសីលធម៌ ជំហាន១ ជំហាន២ នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីមេបញ្ជាការរង នាយ ពល អាវុធហត្ថ ទូទាំងខេត្តសរុបប្រមាណ៨០នាក់ ។
អង្គពិធីបានស្តាប់របាយការណ៍ស្តីពី លទ្ធផលនៃការបិទវគ្គ បន្ទាប់ពីមានការហ្វឹកហ្វឺនដល់សិក្ខាកាមអស់រយៈពេល១៥ថ្ងៃរួមមក ទាក់ទងនឹងក្រមសីលធម៌របស់កងរាជអាវុធហត្ថ ជាមន្ត្រីយុតិ្តធម៌ នៅក្នុងការអនុវត្តច្បាប់ការពារផលប្រយោជន៍សង្គម និងពលរដ្ឋ ដែលសិក្ខាកាមរៀនសូត្រ ក្នុងរយៈពេល១៥ថ្ងៃនោះ ទទួលបានលទ្ធផលល្អ ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មានមតិសំណេះសំណាលទៅកាន់ នាយ ពល អាវុធហត្ថ ដោយបានកោតសរសើរដល់កងរាជអាវុធហត្ថ ដែលបានខិតខំត្រងត្រាប់ស្តាប់គ្រូបង្វឹក ដើម្បីយកទៅអនុវត្តតាមភារកិច្ចរៀងៗខ្លួន ។ ឆ្លៀតក្នុងឱកាសនោះ លោកមេបញ្ជាការអាវុធហត្ថខេត្តក៏បានសង្កត់ធ្ងន់ដល់ នាយ ពល អាវុធហត្ថ ត្រូវយកស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៣ មិថុនា ខាងមុខនេះ និងមិនត្រូវប្រព្រឹត្តជាដាច់ខាតនូវរាល់ទង្វើទាំងឡាយណា ដែលធ្វើឱ្យប្រាសចាកក្រមសីលធម៌ ក្នុងនាមជាកងរាជអាវុធហត្ថ ជាមន្ត្រីយុតិ្តធម៌ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់ រាល់បទបញ្ជានិងវិន័យយោធា ។
បន្ទាប់ពីកិច្ចសំណេះសំណាល លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានផ្តល់អំណោយជាសម្លៀកបំពាក់ប្រតិបត្តិការដល់ នាយ ពល អាវុធហត្ថ ដែលជាអំណោយផ្ទាល់របស់លោកជូនដល់សិក្ខាកាមក្នុងម្នាក់១កំប្លេផងដែរ ៕



ចែករំលែកព័តមាននេះ