ក្រុងប៉ោយប៉ែត ៖ ជាងជួសជុលទូរស័ព្ទនិងអាយកូមត្រូវមន្រ្តីប៉ូលិសក្រុងប៉ោយប៉ែតម្នាក់ប្រើហិង្សាដោយវាយមួយអាយកូមត្រូវចំក្បាលផ្នែកខាងក្រោយបណ្តាលឱ្យពកជាំ ព្រោះតែខឹងជាងរូបនោះជួសជុលអាយកូមរបស់ខ្លួនមិនកើត ។ ហេតុការណ៍មិនគប្បីនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣៤នាទីព្រឹក ថ្ងៃទី១៧ ឧសភា នៅក្នុងហាងជួសជុលទូរស័ព្ទយីហោសាំងបូរី ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ ហាន ហ៊ាង ភេទប្រុស អាយុ២០ឆ្នាំ ជាជាងជួសជុលទូរស័ព្ទ និងអាយកូមបានប្រាប់កោះសន្តិភាពថា មុនពេលកើតហេតុ ខ្លួនបានទទួលធ្វើអាយកូមពីជាងម្នាក់ផ្សេងទៀតដែលយកមកឱ្យខ្លួនធ្វើបន្ត ព្រោះជាងរូបនោះជួសជុលមិនកើត ។ ក្រោយពេលជួសជុលអាយកូមនោះរួចហើយស្រាប់តែមានប៉ូលិសម្នាក់ឈ្មោះ គក់ បានចូលមកក្នុងហាងហើយស្រែកសួររកមុខជាង ។
ពេលនោះជនរងគ្រោះបាននិយាយថា ខ្ញុំជាអ្នកធ្វើគ្រាន់តែឮដូច្នោះស្រាប់តែ ប៉ូលិសមា្នក់នោះទាញអាយកូមមកវាយក្បាលជាងនោះមួយអាយកូមតែម្តង ដោយគ្មានការសួរនាំរកហេតុផលអ្វីឡើយ ។ ជុំវិញបញ្ហាខាងលើនេះ ភាគីខាងជនរងគ្រោះកំពុងតែពិចារណាក្នុងការប្តឹងផ្តល់ដើម្បីឱ្យច្បាប់ជួយរកយុត្តិធម៌ដល់ខ្លួន តែនៅមិនទាន់ហ៊ានសម្រេចចិត្ត ព្រោះខ្លាចអំណាចប៉ូលិសថ្មីម្នាក់នោះ ។
ទាក់ទងករណីនេះ លោកប៉ូលិសទើបនឹងចូលថ្មីឈ្មោះ គក់ បានបំភ្លឺស្រដៀងគ្នានេះតាមទូរស័ព្ទឱ្យដឹងថា ខ្លួនពុំបានប្រើអំពើហិង្សាទៅលើរូបជាងនោះ ឡើយដោយគ្រាន់តែយកអាយកូមគោះក្បាលបន្តិចតែប៉ុណ្ណោះ ដោយសារតែខឹងជាងនោះដូរអាយកូមដែលខូចយកមកឱ្យ ខ្លួន ។
លោក អ៊ុំ សុផល បានឱ្យដឹងថា ចំពោះជាងជួសជុលទូរស័ព្ទខាងលើ លោកនឹងចាត់ចែងកម្លាំងឱ្យកោះហៅមកសួរនាំនៅអធិការដ្ឋានក្រុងប៉ោយបែ៉តដើម្បីកុំឱ្យពួកជាងទាំងនោះលួចដោះដូររបស់គេតាមអំពើចិត្ត ដែលអាចចោទបានថា ជាបទរំលោភលើសេចក្តីទុកចិត្ត ។
ទោះបីជាមានការអះអាងយ៉ាងណាក៏ដោយក្រោយពេលធ្វើសកម្មភាពរួចម្ចាស់ហាងជួសជុលទូរស័ព្ទខាងលើ បានផ្តិតរូបភាពខ្សែវីដេអូរឃ្លីបដែលបំពាក់ដោយកាំមេរ៉ាសុវត្ថិភាពបង្ហាញឱ្យឃើញពីអំពើព្រៃផ្សៃយ៉ាងច្បាស់ក្រឡែតថា ប៉ូលិសឈ្មោះ គក់ នោះ ពិតជាបានប្រើហិង្សាមកលើជនរងគ្រោះប្រាកដមែន ៕
ចែករំលែកព័តមាននេះ