ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងតូច​លង់​ទឹក​​ពាង​​ស្លាប់​​ខណៈ​កម្មករ​​​វារី​អគ្គិសនី​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​

14 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​ ៖ តាម​ការ​ផ្តល់​​ព័ត៌​មាន​​​ពី​ប៉ូលិស​​​​ខេត្ត​ពោធិ៍​សាត់​​ឱ្យ​ដឹងថា​ កាលពី​ថ្ងៃទី១៦ ឧសភា  ​វេលា​ម៉ោង​​៥​និង​​២៥​នាទី​ល្ងាច​ ក្មេង​ប្រុស​ម្នាក់​​ដែល​មាន​អាយុ​​ទើបតែ​១ឆ្នាំ​៤ខែ​ បាន​​លង់​ទឹកពាងស្លាប់​​ខណៈ​​ពេល​ម្តាយ​រវល់​​​លាង​ចាន​ ។ ករណីនេះ​​បាន​កើតឡើង​នៅភូមិ​អូរ​​ស្រាវ​ឃុំ​ព្រងិល​ ស្រុកភ្នំក្រវាញ ។

មន្ត្រី​​ប៉ូលិសឱ្យ​ដឹងថា នៅ​ថ្ងៃ​នោះ​​​ម្តាយបាន​​ប្រមូល​ចាន​​លាង​និង​បោក​ខោអាវ​​ ហើយទុក​​កូនប្រុសតូច​អាយុ​១ឆ្នាំ​៤ខែ​ឱ្យ​​ដើរលេង​តេះ​តះ​​ក្រោម​ផ្ទះ​ក្បែរ​​នោះដែរ ។  ខណៈ​ពេល​​ម្តាយ​កំពុង​លាងចាន​និង​​បោក​ខោអាវ​នោះ​ ​កូនប្រុស​​តូច​បាន​​ទៅឡើង​ធ្លាក់​​ចូល​​ក្នុង​ពាង​ទឹកមួយ​ផ្សេងទៀត​​ចម្ងាយ​ពីគ្នា​​​​ប្រហែល​​១០​ម៉ែត្រ​​ក៏​លង់​ទឹក​ស្លាប់​​បាត់ទៅ ។​ ​ប្រហែល​​​១០នាទី​​ក្រោយ​ទើប​ម្តាយ​​នឹកឃើញ​​បាត់​សំឡេង​កូន​​ក៏ដើរ​រក ស្រាប់​តែ​​​ទៅឃើញ​ក្នុង​ពាង​​​ទឹក ប៉ុន្តែ​ពេល​ស្រង់​​​ចេញមកអ្វីៗ​​ហួស​ពេល​ទៅហើយ បាន​ត្រឹម​​​តែ​ស្រែក​​យំ​បោក​ខ្លួន​​និង​​មាន​វិប្បដិសារី​​អស់មួយ​ជីវិត​ប៉ុណ្ណោះ ។​

ដោយ​ឡែក​​នៅ​ថ្ងៃទី១៧ ​ឧសភា ២០១២ វេលា​ម៉ោង​៥​និង៣០នាទីព្រឹក​​ កម្មករ​​វារី​អគ្គិសនី​​​​​ម្នាក់​នៅ​​ទំនប់​​ទី៣ ស្ថិត​ក្នុងភូមិ​​​​ឆាយលូក ឃុំ​​អូរ​សោម ស្រុក​​វាល​វែងបាន​ត្រូវ​​​​ចរន្ត​អគ្គិសនី​ឆក់​​ស្លាប់​​ខណៈ​​ពេល​​តខ្សែ​ភ្លើង​​បូមទឹក ។​ជនរង​គ្រោះ​​ដែល​ស្លាប់​​ជាជនជាតិ​ខ្មែរ ​ឈ្មោះ​​ស៊ុម​ ​ស៊ីម អាយុ​៣៦ឆ្នាំ ​មានទីលំនៅ​​ភូមិ​​​មាក់​ប្រាង ​​ឃុំ​បឹង​សាលា​ ស្រុក​កំពង់​​ត្រាច ​ខេត្ត​​កំពត មក​ធ្វើ​​កម្មករ​​វារីអគ្គិសនី​​នៅ​ស្ទឹង​អាតៃ ខេត្ត​ពោធិ៍​សាត់​ ​។ នៅព្រឹក​​ព្រលឹម​​នោះ​ ​ជនរងគ្រោះ​​បាន​​តខ្សែ​ភ្លើង​​ដើម្បី​​​​បូមទឹក​​​ ប៉ុន្តែ​មិនដឹង​ថា​តខុស​បច្ចេកទេសឬ​ក៏ភ្លាត់​​ស្នៀត​​យ៉ាង​ម៉េច​ក៏​ត្រូវ​​​​ចរន្តអគ្គិសនី​ឆក់​​ស្លាប់​​តែម្តង ។​

ការស្លាប់​​ក្មេងតូចអាយុ​១ឆ្នាំ៤ខែជាការ​ធ្វេសប្រហែស​​​របស់​​ស្ត្រីជា​ម្តាយ ឯស្លាប់​​កម្មករ​វារី​អគ្គិសនី​​ជាការ​ធ្វេស​​ប្រហែសដោយ​​ខ្លួន​ឯង៕