ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រី​​5​នាក់​​​ពីបទ​ចែក​ចាយគ្រឿង​ញៀន​

14 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​​ ៖ ​​នគរបាល​ក្រុង​សិរីសោ​ភ័ណ​ សហការ​ជាមួយ​​​នគរបាល​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន បាន​ចុះប្រតិ​បត្តិ​ការ​បង្រ្កាប​ករណីចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស​-ស្រី​ចំនួន​៥នាក់ កាល​ពីវេលា​ម៉ោង៤​និង​៤៥​​នាទី​ល្ងាច​ថ្ងៃ​ទី១៥ ឧសភា ឆ្នាំ២០១២ នៅ​ចំណុច​ភូមិ​សែ​សិន​​ សង្កាត់អូរ​អំបិល ក្រុង​សិរី​សោ​ភ័ណ ​ខេត្ត​បន្ទាយ​​មានជ័យ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​ចាត់ការ​តាមច្បាប់​​​។ ក្នុង​ការ​ចុះបង្ក្រាបនេះ ​មាន​ការ​​សម្រប​សម្រួល​​​ពីលោក​ស្រីកែវ សុគន្ធា ព្រះ​​រាជ​អាជ្ញា​​រងអម​សាលា​ដំបូង​ខេត្ត​​ ។

​លោក​រ៉ែម វីរៈ អធិការនគរ​បាល​ក្រុង​សិរី​សោ​ភ័ណ​បាន​ឲ្យដឹងថា ជនសង្ស័យ​ទាំង៥​នាក់ ដែល​​ជាប់ចោទ​ពី​បទ​ចែកចាយ​​ និង​ប្រើ​​ប្រាស់​គ្រឿង​​ញៀន ​ហើយ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួននេះ​​​១-ឈ្មោះ​យ៉ន ស្រីណុច ភេទស្រី​ អាយុ​៣៣​ឆ្នាំ ជា​​អ្នក​លក់ផ្លែ​ឈើ នៅ​ភូមិសែ​សិន​ សង្កាត់​អូរ​​​អំបិល​ ២-ឈ្មោះ​វិន ផាវី ភេទស្រី​អាយុ​២៩ឆ្នាំ ជា​អ្នក​​លក់ផ្លែ​ឈើ ​នៅភូមិ​សាម​គ្គី ខេត្ត​បាត់​​ដំបង ៣-ឈ្មោះ​គឹម ពៅ ភេទស្រី អាយុ​២៥ឆ្នាំ មុខរបរ​និងទីលំ​នៅមិន​ពិត​ប្រាកដ ​៤-​ឈ្មោះ​ស៊ូ ចន្ថា ហៅឌ្រិត ភេទប្រុស​ អាយុ​២៧​ឆ្នាំ ជា​កម្មករ និង​៥-​ឈ្មោះ​ហ៊ឹម ស៊ីឌី ភេទប្រុស​អាយុ​២៦ឆ្នាំជា​កម្មករ​ ទាំង២នាក់ រស់​នៅភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែង ស្រុកមង្គលបុរី​ ។ ក្នុង​ការ​ចុះ​បង្រ្កាប​នេះ​​កម្លាំងសមត្ថកិច្ច​បានធ្វើការ​ស្រាវ​ជ្រាវ ​និង​ដក​ហូត​បានវត្ថុ​តាង​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតា​មីន​ ពណ៌ក្រហម មានអក្សរ WY ច្រក​ក្នុង​បំពង់​បឺត ចំនួន៧​គ្រាប់​ និង​​ឧបក​រណ៍​​​សម្រាប់​ជក់​មួយចំនួន​ទៀត ។

លោក​អធិការ​បានបញ្ជាក់​ថា ក្នុងការ​ចុះប្រតិ​បត្តិការ​ទទួល​បានលទ្ធ​ផល​នេះ​ ដោយ​មាន​បទ ​បញ្ជា​យ៉ាងម៉ឺងម៉ាត់​ពីលោក​ឧត្តមសេ​នីយ៍ស្នង​ការ​នគរ​បាលខេត្ត​ បានឲ្យគ្រប់​កម្លាំង​នគរ​បាល​ស្រុក-ក្រុង ត្រូវតែ​បង្រ្កាប​ឲ្យ​ខាងតែ​បាន​ចំពោះ​​មុខសញ្ញា​ជួញ​ដូរ ​​និង​ចែក​ចាយគ្រឿង​​ញៀន​ឲ្យ​ដូច​ជាភ្លៀង​រលឹម ចំពោះ​​​កន្លែង​​ដែល​ធ្លាប់​បង្រ្កាប​ហើយមិនឲ្យងើប​ក្បាល​ឡើង​វិញ​បាន​ទេ ​ហើយ​មន្ត្រី​នគរ​បាល​​ក៏មិនត្រូវ​នៅពី​ក្រោយ​​ខ្នងនៃបទល្មើស​នោះដែរ ។ 

ទាក់ទិន​ទៅនឹងការ​បង្រ្កាប​ករណី​គ្រឿង​ញៀន​នេះ​ដែរ កាលពី​វេលាម៉ោង​៤ល្ងាចថ្ងៃទី​១៥ ​ឧសភា មានពលរដ្ឋខ្មែរម្នាក់នៅភូមិ​សិលា​ខ្មែរ​ ឃុំអូរបី​ជាន់ ស្រុកអូរ​ជ្រៅ ត្រូវជាប់​ចោទ​ពី​​បទ​ជួញដូរ​គ្រឿង​ញៀន​​ ហើយ​ត្រូវ​បាន​ទា​ហាន​​ថៃ​ចាប់​ឃាត់ខ្លួន​នៅក្នុងទឹក​ដីថៃ ​ក្នុង​ភូមិ​ល្អាង​សិលា​ ឃុំគោកធ្យូង ស្រុក​​អារញ្ញ ខេត្ត​ស្រះ​កែវ​។ ក្នុងការ​ចាប់ឃាត់​ខ្លួននេះសមត្ថ​កិច្ច​ថៃ​បាន​​ឆែក​ឆេរ​រក​ឃើញថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​​តាមីន​ចំនួន១១៥​គ្រាប់។ នេះបើ​យោង​តាម​របាយ​ការណ៍របស់អធិការ​ដ្ឋាននគរ​បាល​ស្រុក​អូរ​ជ្រៅ​បានឲ្យ​ដឹង​កាល​ពីល្ងាច​ថ្ងៃទី១៦​ ​ឧសភា​៕