រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ម្នាក់បានលេបថ្នាំងងុយដេកអស់១០គ្រាប់ក្នុងចេតនាសម្លាប់ខ្លួន ត្រូវបានគេដឹកតាមរ៉ឺម៉កម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១៧ ឧសភា ។ ស្រ្តីរូបនោះឈ្មោះ សន ស៊ីនិត អាយុ២៧ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្នាក់នៅបន្ទប់ជួលម្តុំបឹងក្រពើ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីសាច់ញាតិដែលជូនមកមន្ទីរពេទ្យបានឱ្យដឹងថា នៅថ្ងៃកើតហេតុនេះឈ្មោះ សន ស៊ីនិត បានចេញពីធ្វើការតាំងពីម៉ោង៤រសៀលដោយមិនបាននៅធ្វើការថែមម៉ោងទេ ក្នុងទឹកមុខខុសពីធម្មតា ប៉ុន្តែមិនមានអ្នកចាប់អារម្មណ៍ទេ ដោយស្មានតែមិនស្រួលខ្លួន ។ រហូតដល់ម៉ោង៨និង២០នាទីយប់ ទើបសាច់ញាតិនិងមិត្តភក្តិដែលស្នាក់នៅបន្ទប់ជាមួយគ្នាចេញពីធ្វើការទៅដល់ឃើញស្ត្រីនោះដេកល្ហិតល្ហៃអស់កម្លាំង ហើយខំប្រឹងស្រវេស្រវាយកថ្នាំងងុយដេកមួយបន្ទះមាន១០គ្រាប់ដើរសសៀរតាមជញ្ជាំងប្រុងទៅលេបនៅក្នុងបន្ទប់ទឹកទៀត ក៏ត្រូវឃាត់ទាន់ហើយស្ត្រីនោះនិយាយថា គាត់លេបថ្នាំងងុយដេកអស់១០គ្រាប់ហើយ តែមិនទាន់ស្លាប់ ទើបគាត់ប្រុងលេបថែម១០គ្រាប់ទៀត ។
ប្រភពដដែលបន្តថា ពេលឃើញ សន ស៊ីនិត ស្លេកស្លាំងខ្លាំងពេកបានទៅតាមហៅគ្រូពេទ្យដែលនៅជិតនោះឱ្យទៅជួយមើល ។ ពេលគ្រូពេទ្យទៅដល់ស្រ្តីនោះសន្លប់បាត់ស្មារតី ទើបហៅរ៉ឺម៉កម៉ូតូដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ។
ទាក់ទិននឹងការលេបថ្នាំនេះ សាច់ញាតិរបស់ជនរងគ្រោះព្យាយាមលាក់លៀមមិននិយាយទេ គ្រាន់តែបង្ហើបថា នៅកន្លែងធ្វើការ ស៊ីនិតនិយាយទូរស័ព្ទជាមួយប្តីនៅស្រុកកំណើត មិនដឹងមានរឿងអ្វីទេ បានជាដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួនបែបនេះ ។ បន្ទាប់ពីគ្រូពេទ្យលាងក្រពះ និងព្យួរសេរ៉ូមបានធូរស្រាល ហើយបានដឹកតាមរ៉ឺម៉កម៉ូតូត្រលប់ទៅកន្លែងផ្ទះជួលវិញ ៕
ចែករំលែកព័តមាននេះ