ខេត្តកំពង់ចាម ៖ អគារសិក្សាថ្មី១ខ្នងចំនួន៥បន្ទប់ មានបណ្តោយប្រវែង៤០ម៉ែត្រ ទទឹង៧ម៉ែត្រកម្ពស់៦,៥០ម៉ែត្រ ដំបូលប្រក់ក្បឿង ចំណាយថវិកាអស់ចំនួន៦ម៉ឺនដុល្លារ នៅសាលាបឋមសិក្សាស្តុកអាចម៍រមាស ក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស បានបើកសម្ពោធឱ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី១៤ ឧសភា ២០១២ ក្រោមអធិបតីភាពលោក ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ។
វត្តមាននាឱកាសនោះមានលោក Tsuneji Negishi ប្រធានអង្គការជំនួយខ្មែរ សតវត្សទី២១ លោក Yoshio Katou ម្ចាស់អំណោយ ជាប្រធានអង្គការយូណេស្កូ ប្រទេសជប៉ុន លោកហ៊ន់ ស៊ាងហុង និងលោកស្រី ហេង ច័ន្ទបុប្ផាប្រធានអង្គការ T.D.O លោកជំទាវហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស លោកបណ្ឌិតទូច ម៉ារីម អភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត លោកអ៊ូ សាខន អភិបាលស្រុកទឹកផុស ព្រមទាំងមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ក្នុងពិធីនោះលោក ស៊ាង ប៊ុនលាង គូសបញ្ជាក់ថា អង្គការបណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្ស ហៅកាត់ថា T.D.O បានជួយកសាងសមិទ្ធផលជាច្រើន រួមជាមួយសប្បុរសជនមានអគារសិក្សា មន្ទីរពេទ្យ ផ្លូវថ្នល់ ផ្លូវលំ តារាងបាល់ទាត់ ព្រមទាំងជីកអណ្តូងទឹកជាច្រើនកន្លែងដូចជា នៅក្នុងខេត្តកំពង់ចាម សៀមរាប ព្រៃវែង ក្រុងព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ តាកែវ កណ្តាល រាជធានីភ្នំពេញ ជាក់ស្តែងនៅខេត្តកំពង់ឆ្នាំងនេះជាដើម ។
លោកស៊ាង ប៊ុនលាង បន្តថា គ្រាន់តែអង្គការ T.D.O បានជួយកសាងរហូតមកដល់ពេលនេះ ត្រូវចំណាយថវិកាអស់ចំនួនជាង១លាន៦សែន៨ម៉ឺនដុល្លារហើយ ។ បើតាមប្រវត្តិសាលាបឋមសិក្សាស្តុកអាចម៍រមាស ចាប់ផ្តើមកសាងដំបូងនៅឆ្នាំ២០០៧ ក្រោមគំនិតផ្តួចផ្តើមពីលោកសុខ ស៊ុនធី ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកទឹកផុស មានកិច្ចសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានផងដែរ ។
ដោយពិនិត្យឃើញជាក់ស្តែង កុមារនៅក្នុងភូមិដែលគ្រប់អាយុចូលរៀនត្រូវជួបការលំបាកក្នុងការធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីភូមិ ព្រោះពេលនោះមានសាលារៀនតែនៅសាលាបឋមសិក្សាប៊ុនរ៉ានី រមាសមួយប៉ុណ្ណោះ ដែលស្ថិតនៅភូមិស្រែតាជ្រៃ ឃុំអភិវឌ្ឍន៍ មានចំងាយពី២ទៅ៦គីឡូម៉ែត្រពីភូមិស្តុកអាចម៍រមាស ។ ផ្អែកទៅលើកត្តាជីវភាពខ្វះខាតជាក់ស្តែងរបស់មាតាបិតា ដែលត្រូវចំណាយលុយទៅលើមធ្យោបាយធ្វើដំណើរ សម្រាប់ឱ្យកូនទៅរៀននៅសាលារៀន ក៏មានអ្នកខ្លះបង្ខំឱ្យកូនឈប់ទៅរៀន ងាកមកជួយធ្វើការឪពុកម្តាយវិញ។
ប្រភពដដែលបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំកសាងវិស័យអប់រំសិក្សាធិការ មានសាលារៀនជាច្រើន នៅទូទាំងប្រទេស សម្រាប់ឱ្យសិស្សានុសិស្សងាយស្រួលក្នុងការរៀនសូត្រ ។ ជាក់ស្តែងគ្រាន់តែសាលារៀន ដែលសម្តេចតេជោ បានសាងសង់នៅក្នុងស្រុកទឹកផុសនេះមានចំនួន៨សាលាក្នុងនោះមានសាលាបឋមសិក្សាចំនួន៦ និងអនុវិទ្យាល័យចំនួន១ និងវិទ្យាល័យចំនួន១ផងដែរ ។
លោកឆ្លៀតអំពាវនាវថា ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី៣ មិថុនា ២០១២ ខាងមុខ យើងទាំងអស់គ្នាត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យទទួលបានជោគជ័យ ។ ជាមួយគ្នានោះដែរ ប្អូនៗ ក្មួយៗ ត្រូវតែយល់ដឹងអំពីអនាម័យ «ហូប
ស្អាត ផឹកស្អាត រស់នៅស្អាត អនាម័យល្អ» ។
លោកតា លោកយាយចូលរួមនាឱកាសនោះចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងប្រាក់ចំនួន៥ពាន់រៀល ឧបត្ថម្ភគណៈកម្មការទ្រទ្រង់សាលាចំនួន៧នាក់ ក្នុងម្នាក់ៗប្រាក់១ម៉ឺនរៀល លោកគ្រូអ្នកគ្រូចំនួន៤៥នាក់ ក្នុងម្នាក់ៗទទួលបានចំនួន១ម៉ឺនរៀល ប្រជាពលរដ្ឋចំនួន៣៨៤នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន៥ពាន់រៀល ក្រុមកាយរឹទិ្ធចំនួន៣០នាក់ ក្នុងម្នាក់ទទួលបានប្រាក់ចំនួន៥ពាន់រៀល ក្រុមកាកបាទក្រហមចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបាន៥ពាន់រៀល សិស្សានុសិស្សចំនួន១៨៤នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម និងប្រាក់ចំនួន២ពាន់រៀល កងកម្លាំងសន្តិសុខចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន១ម៉ឺនរៀល ក្រុមប្រជាការពារចំនួន២២នាក់ ក្នុងម្នាក់ៗ ទទួលបានប្រាក់១ម៉ឺនរៀល ។
ប្រតិភូបានអញ្ជើញកាត់ខ្សែបូ ដាក់ឱ្យប្រើប្រាស់សំណង់ អគារសិក្សាថ្មី១ខ្នង ចាប់ពីពេលនេះតទៅ ៕
ចែករំលែកព័តមាននេះ