រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ឧសភា បានសម្រេចចេញដីកាឃុំខ្លួនឃាតករបាញ់សម្លាប់មិត្តភក្តិជាមន្ត្រីនគរបាលព្រហ្មទណ្ឌ ដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមបទចោទប្រកាន់ធ្វើមនុស្សឃាតដោយចេតនា កាន់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ ជនដែលត្រូវចោទថា ជាឃាតករបានបាញ់សម្លាប់មិត្តភក្តិនោះឈ្មោះ សិទ្ធ រតនា ហៅអូន ភេទប្រុស អាយុ៣២ឆ្នាំ ជាអតីតអង្គរក្ស និងជាអ្នកបើកបររថយន្តនៅក្រុមហ៊ុនសុជាតិ ស្នាក់នៅផ្ទះលេខ៥៦ZE0 មហាវិថីព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១១ ឧសភា ឈ្មោះ សិទ្ធ រតនា ហៅអូន បានបាញ់សម្លាប់មិត្តភក្តិរបស់ខ្លួន ឈ្មោះ ម៉ន សារ៉ាវណ្ឌី នៅមុខផ្ទះសំណាក់អង្គរមាស ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ក្រោយពីកើតមានអំពើបាញ់ប្រហារនេះ សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ បានចាប់ខ្លួនជនដៃដល់បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខណៈជនរងគ្រោះនៅដេកស្លាប់ក្នុងថ្លុកឈាម ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏មានរបាយការណ៍មួយពីសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានបញ្ជាក់ថា ករណីធ្វើមនុស្សឃាតនេះបង្កឡើងដោយជនដៃដល់ ឈ្មោះ សិទ្ធ រតនា ពិតប្រាកដមែន ព្រោះមុនពេលកើតហេតុ ជនរងគ្រោះ ម៉ន សារ៉ាវណ្ឌី បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ឌុបជនជនសង្ស័យ និងកូនប្រុសម្នាក់របស់ខ្លួនតាមបណ្តោយផ្លូវលេខ២៧១ ទៅទិសខាងត្បូង ។ លុះពេលទៅដល់មុខផ្ទះសំណាក់អង្គរមាស ជនដៃដល់ជាឃាតករបានបាញ់សម្លាប់ជនរងគ្រោះនៅលើម៉ូតូ ដែលកំពុងជិះជាមួយគ្នា ហើយក៏ត្រូវជាមិត្តភក្តិទៀតផង ។
របាយការណ៍របស់កងរាជអាវុធហត្ថមូលដ្ឋានបញ្ជាក់ទៀតថា ឃាតករបានបាញ់សម្លាប់ជនរងគ្រោះដោយកាំភ្លើងខ្លីចំនួន២គ្រាប់ ត្រង់ក្បាល ពីខាងក្រោយ បណ្តាលឱ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ថាវ កល្យាណ ជាភរិយាជនរងគ្រោះដែលបានដាក់នៅសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជាក់ថា ប្តីគាត់ឈ្មោះ ម៉ន សារ៉ាវណ្ឌី ហៅខ្លា អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដែលមានរហស្សនាមទិវា៥២ ។ កាលពីវេលាម៉ោងប្រហែល២រសៀល ថ្ងៃទី១១ ឧសភា ឈ្មោះ អូន (ឃាតករ) បានទៅដល់ផ្ទះគាត់ នៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយនិយាយរាក់ទាក់និងមានអាកប្បកិរិយាជាមួយគាត់ធម្មតា តែកាយវិការនិងសម្តីសំដៅនិយាយទៅកាន់ប្តីគាត់ ហាក់ដូចជាមានការអាក់អន់ចិត្តរឿងអ្វីមួយ ។ ទោះជាយ៉ាងណា ឈ្មោះ អូន បានដោះសម្លៀកបំពាក់ចូលទៅងូតទឹក ហើយប្រាប់ថា គេឃ្លានបបរ ។ ពេលឮឈ្មោះ អូន និយាយដូច្នេះ ប្តីគាត់ក៏ប្រាប់គាត់ឱ្យដាំបបរឱ្យគេហូប ។ ពេលនោះគាត់ និងម្តាយក៏ទៅផ្សារគីឡូម៉ែត្រលេខ៤ ដើម្បីរកទិញសាច់និងគ្រឿងគ្រៅមកបបរ ។ លុះទិញបានហើយក៏ត្រឡប់មកផ្ទះវិញ ពេលទៅដល់ផ្ទះអ្នកជិតខាងប្រាប់ថា ប្តីគាត់ត្រូវគេបាញ់ស្លាប់នៅមុខផ្សារហេងលី ធ្វើឱ្យគាត់មានអារម្មណ៍តក់ស្លុត និងទ្រហោយំនៅពេលឃើញប្តីស្លាប់យ៉ាងអាណោចអាធ័មបែបនេះ ។ ពាក្យបណ្តឹងនៅការិយាល័យសន្តិសុខព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ឈ្មោះ សិទ្ធ រតនា ហៅអូន ជាឃាតករស្គាល់គ្នា ជាមួយប្តីគាត់បានប្រហែល៣ទៅ៤ខែ គឺស្គាល់តាមរយៈមិត្តភក្តិជានគរបាលដូចគ្នា តែមិនបានស្គាល់ផ្ទះគេច្បាស់ទេ ។
ចំណែកឃាតករពេលស្វាងថ្នាំញៀនបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងជាង២រសៀលថ្ងៃទី១១ ឧសភា គឺរូបគេពិតជាបានបាញ់សម្លាប់ឈ្មោះ ម៉ន សារ៉ាវណ្ឌី ហៅខ្លាមែន។ ការបាញ់សម្លាប់ឈ្មោះខ្លានេះ ដោយសារខ្លួនញៀនថ្នាំពុំមានគំនុំឬទំនាស់អ្វីទេ ។ ឯអាវុធខ្លី ដែលខ្លួនបានយកមកបាញ់ឈ្មោះ ខ្លា នោះម៉ាក CZ75C អត់មានលេខ និងលិខិតប្រើប្រាស់ទេ ជាអាវុធរបស់ខ្លួន ដែលអាវុធនេះ បានមកពីយកអាវុធកា៥៩ ប្តូរជាមួយឈ្មោះ ឌី នៅប៉ោយប៉ែត តាំងពីឆ្នាំ ២០០៧ មកម៉្លេះ។ ឃាតករដៃដល់បានសារភាពទៀតថា នៅពេលកើតហេតុ ខ្លួនបានទៅផ្ទះឈ្មោះ ខ្លា នៅវេលាថ្ងៃត្រង់ ថ្ងៃទី១១ ឧសភា ។
ឃាតកររូបនេះ បានសារភាពពីការបង្ខំឱ្យឈ្មោះខ្លា ជូនខ្លួនទៅផ្ទះវិញ ដំបូងឈ្មោះខ្លា ប្រកែកមិនព្រមជូនទៅទេ ។ លុះពេលគេបង្ខំខ្លាំងទើបព្រមជូនទៅ ប៉ុន្តែបានយកកូនប្រុសម្នាក់ទៅជាមួយដែរ ដោយឱ្យកូនប្រុសជិះខាងមុខឯខ្លួនជិះខាងក្រោយ ។ នៅពេលចេញផុតពីផ្ទះបន្តិច រូបគេបង្ខំឈ្មោះខ្លាបើកម៉ូតូឱ្យលឿនប្រញាប់ដល់ផ្ទះ តែឈ្មោះ ខ្លាមិនព្រមធ្វើតាម ទើបខ្លួនខឹងក៏ដកកាំភ្លើងខ្លីពីចង្កេះភ្ជង់គំរាមឱ្យបើកឱ្យលឿនតែនៅតែមិនធ្វើតាមទៀត ភ្លាមនោះរូបគេបានឱ្យកូនប្រុសរបស់ឈ្មោះខ្លាមកអង្គុយកណ្តាលវិញ ហើយភ្ជង់គំរាមកូនប្រុសទៀត តែឈ្មោះខ្លា នៅតែនិយាយដដែល ទើបខ្លួនទ្រាំលែងបានក៏បាញ់ក្បាលឈ្មោះខ្លាចំនួន២គ្រាប់ ធ្វើឱ្យដួលម៉ូតូស្លាប់តែម្តងទៅ ។ ពេលបាញ់ឈ្មោះ ម៉ន សារ៉ាវណ្ឌី ស្លាប់ហើយ ខ្លួនបានរត់ទៅទិសខាងជើង ហើយបានបោះកាំភ្លើងចោល ។ លុះពេលទៅដល់ផ្លូវបំបែកទេពផន ស្រាប់តែមានរថយន្តម៉ាកវីហ្គោមួយគ្រឿងបើកទៅដល់ខ្លួនបានលោតឡើងជិះរថយន្តនោះ រួចផុតទៅមុខបន្តិច ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថមានគ្នាច្រើននាក់ចាប់ខ្លួនតែម្តង ។
ដោយរបាយការណ៍របស់កងរាជអាវុធហត្ថមូលដ្ឋានបានបញ្ជាក់យ៉ាងច្បាស់ ព្រមទាំងចម្លើយសារភាពគ្រប់គ្រាន់ដែលមិនអាចប្រកែកបាន ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានយល់ឃើញថា ជនសង្ស័យពិតជាបានប្រព្រឹត្តអំពើបាញ់សម្លាប់មិត្តភក្តិមែន ក៏សម្រេចធ្វើការចោទប្រកាន់លើឈ្មោះ សិទ្ធ រតនា ហៅអូន ពីបទមនុស្សឃាតដោយចេតនា កាន់អាវុធខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន និងបានដាក់ជូនទៅចៅក្រមស៊ើបអង្កេតសម្រេចឃុំខ្លួនជនជាឃាតករដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន រង់ចាំបើកសវនាការជំនុំជម្រះទោសតាមផ្លូវច្បាប់នៅពេលក្រោយ ៕


ចែករំលែកព័តមាននេះ