ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ពាហនៈ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ភ្នំ​ព្រឹក​ប្រឈមនឹង​ការ​ងាប់​ដោយ​សារ​ផឹក​ទឹក​មាន​ថ្នាំ​គីមី​ហូរ​ចេញ​ពី​កន្លែង​រ៉ែ​មាស​ខុស​ច្បាប់

14 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​​ ៖ ប្រជាពលរដ្ឋនៅស្រុក​ភ្នំ​ព្រឹក​បាននិយាយថា ពួកគេកំពុងមានការ​ព្រួយ​បារម្ភយ៉ាងខ្លាំង ដោយ​សារ​ក្រុម​អ្នក​ធ្វើ​អាជីវ​កម្ម​រែង​មាសខុសច្បាប់ បាន​និង​កំពុង​​បង្ហូរ​ទឹក​ថ្នាំ​មាន​ជាតិ​គ​ីមីចូល​​កន្លែ​ង​​ទំនាបពាសពេញក្នុងភូមិ ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ប្រជា​ពល​រដ្ឋ យ៉ាង​ធ្ងន់​ធ្ងរ​និង​កំពុងសម្លាប់​សត្វ​ពាហនៈនៅក្នុង​មូល​ដ្ឋាន ។

ប្រជាពលរដ្ឋ​លោកសារ៉ាយ ហ៊ាន នៅស្រុក​ភ្នំ​ព្រឹក​បានប្រាប់កោះសន្តិភាព កាលពីល្ងាចថ្ងៃ​ទី១៣ ឧសភា ថា ក្រុមអ្នកធ្វើអាជីវកម្ម​រែង​មាស​គ្មាន​ច្បាប់​ទម្លាប់​នៅ​ក្នុងស្រុកភ្នំព្រឹកកំពុងបង្ក​ប​ញ្ហាធ្ងន់ធ្ងរណាស់ដល់សុខភាពប្រជាពលរដ្ឋ និង​សត្វពាហនៈនៅក្នុងមូលដ្ឋាន ដោយ​សារ​ការ​បង្ហូរ​​ទឹកថ្នាំចម្រាញ់​យក​មាស ដែលមាន​ជាតិគីមី​ពាស​ពេញនៅក្នុងភូមិ។ លោកបានប្រាប់ថា កាល​ពីថ្ងៃទី១១ ឧសភា កន្លងទៅ​នេះ គោអ្នក​ភូមិ​ចំនួន៣ក្បាលបានងាប់ និង២ក្បាលទៀត​កំពុង​សង្គ្រោះ​នៅឡើយ ដោយសារសត្វទាំង​នេះ​ផឹកទឹកដែលបង្ហូរចេញពីកន្លែងរែងមាស​ខាង​លើ​នោះ​ ។ ប្រជាពលរដ្ឋ​រូបនោះបានបញ្ជាក់ថា បច្ចុប្បន្ន​ក្រុមអ្នក​ធ្វើ​អាជីវ​កម្ម​រែង​មាស​អនាធិប​តេយ្យកំពុងធ្វើសកម្មភាពភ្លូកទឹកភ្លូកដីនៅក្នុងឃុំភ្នំព្រឹក និងឃុំបារាំងធ្លាក់ ដោយគ្មានការ​ទប់​ស្កាត់​ទេ។ ​ប្រជាពលរដ្ឋ​នៅតំបន់​នោះ​កំពុង​មានការព្រួយបារម្ភ​​យ៉ាងខ្លាំង​ចំពោះ​ទឹក​ថ្នាំ​ចម្រាញ់​យក​មាសដែលមានជាតិគីមី បាន​បែក​ធ្លាយ​ពីទីតាំងរែងមាសហូរចូលក្នុងមូលដ្ឋាន ហើយ​សត្វ​ពាហនៈ និងមនុស្ស​កំពុង​ប្រឈម​មុខ​យ៉ាង​ធ្ងន់​ធ្ងរ ។

មន្រ្តីស្រុកម្នាក់និយាយថា សត្វគោ​ដែល​ផឹក​ទឹកមានជាតិគីមីនេះ​បាន​ប្រកាច់​ងាប់ជា​​បន្ត​បន្ទាប់​​ រីឯ២ក្បាលទៀតម្ចាស់កំពុង​សង្គ្រោះ​​នៅ​ឡើយ ។ មន្រ្តីរូបនោះបន្តថា ក្នុងរដូវវស្សាបែប​នេះទឹកថ្នាំដែលមានជាតិពុលទាំងនេះ បាន​ហូរ​ចេញពីទីតាំងរែងមាសមក​សាច់​ពេញភូមិ ដែល​ជះក្លិន​ឈូលមិនអាចទ្រាំបាន ហើយថាសត្វ​គ្រប់​ប្រភេទ​ដែល​ផឹក​ទឹក​នេះ​អាច នឹង​ប្រកាច់​ងាប់​​ភ្លាម ។ ប្រភពដដែល​នេះនិយាយថា​ បញ្ហា​​ខាង​លើ​​​បើគ្មានការទប់ស្កាត់ទេ ប្រជាពលរដ្ឋ​នៅ​តំបន់​នោះអាច​នឹង​ប៉ះ​ពាល់​សុខភាពធ្ងន់ធ្ងរ រីឯ​សត្វពាហនះក៏អាចនឹងងាប់ហិនហោចដែរ។ មន្ត្រី​​​រូប​នោះ​បញ្ជាក់ថា ក្រុមអ្នកធ្វើអាជីវ​កម្មរែង​មាស​​នេះបានធ្វើសកម្មភាពជា​ច្រើនឆ្នាំហើយ តែ​គ្មាន​ស្ថា​ប័ន​ណាមួយបង្រ្កាបទេ គឺមានតែអ្នក​ទទូល​ផល​ពីបទល្មើសទាំងនេះ ។

លោកសួន គឿន អភិបាលស្រុកភ្នំព្រឹកហាក់​ដូចជាអល់អែកក្នុងការបំភ្លឺជុំវិញសត្វគោ៣ក្បាល ដែលងាប់​ដោយ​ពុលថ្នាំ​គីមី​ដែល​ហូរ​ចេញ​ពីកន្លែងរែង​មាស​អនាធិប​តេយ្យ​នេះ ។ លោកអភិបាលស្រុក​ បានប្រាប់​តាម​ទូរ​ស័ព្ទថា មិនមែនរឿងនេះលោកក្ដាប់មិនជុំទេ ដោយ​លោក​ជំរុញឲ្យទៅសួរលោកប៉ិច ឆុន អភិ​បាល​រងស្រុកវិញ ព្រោះគាត់បាន​ចុះធ្វើការ​ងារ​នេះ​ផ្ទាល់​ ។

លោកប៉ិច ឆុន អភិបាលរងស្រុកភ្នំព្រឹក បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៤ ឧសភា ​ថា ពិតជាមាន​គោងាប់​ដោយ​សារពុលទឹកថ្នាំចម្រាញ់​មាសនោះមែន។ លោកនិយាយថា ទឹកថ្នាំនោះបាន​ហូរចេញ​ពី​កន្លែងរែងមាស​នៅក្បែរជើងភ្នំ ។ លោកថា សព្វ​ថ្ងៃ​ទឹកថ្នាំគីមីនេះមានក្លិនឈួល​ស្ទើរ​តែមិន​អាច​ទៅ​ក្បែរបាន ជាពិសេសអ្នកមានរោគបេះដូង ពិតជា​​​គួរ​​​ឱ្យ​ព្រួយ​​​បារម្ភ​​បំ​ផុត​​ ។ លោក​អភិបាល​រង​បាន​បញ្ជាក់​ថា ក្រុមអ្នក​ធ្វើអាជីវ​កម្មរែង​​មាស​ទាំងនេះ​គ្មាន​ច្បាប់អនុ​ញ្ញាត​ទេ ។ ពួកគេបាន​ប្រើប្រាស់ម៉ាស៊ីនពាក់បណ្ដាលស្វ័យប្រវត្តិ ក្នុង​ការ​រែងយកមាស ដែល​មាន​យ៉ាង​តិច​ជាង​១០​កន្លែង ប៉ុន្តែ​សព្វថ្ងៃបានថមថយខ្លះហើយ ដោយ​សារក្ស័យ​ធន ។ លោកប្រាប់ថា កន្លង​មក​អា​ជ្ញាធរធ្លាប់ចុះណែនាំពួកគេដែរ អំពីការ​ធ្វើ​អាជីវ​កម្មខុសច្បាប់នេះ តែពួកគេមិនស្ដាប់ឡើយ។ ពាក់ព័ន្ធនឹងការចោទថា អាជ្ញាធរ និងស្ថាប័ន​មួយចំនួនបានទទូលប្រាក់សំណូកពីក្រុមធ្វើអាជីវកម្មរែង​មាសខុសច្បាប់នេះ លោកប៉ិច ឆុន បាន​ពន្យល់​ថា អា​ជ្ញា​ធរ​ស្រុក​របស់​លោក​មិន​ពាក់​ព័ន្ធ​ទេ តែលោកថា បើសមត្ថកិច្ច ឬស្ថាប័នផ្សេងៗ លោក​​​មិនហ៊ាថាឡើយ​ ប្រហែលជា​អាច​មាន​ខ្លះ​មើល​ទៅ​ ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ជឺ ឈៀង ប្រធានមន្ទីរឧស្សហកម្មរ៉ែ និងថាមពល​ខេត្ត​​មិន​អាច​ទំនាក់ទំនងសុំការបំភ្លឺបានឡើយ កាល​ពីរសៀល​ថ្ងៃទី១៤ ឧសភា ។ ប៉ុន្តែកាល​ពីអំឡុង​​ឆ្នាំ២០១១ ​លោក ជឺ ឈៀង ប្រធានមន្ទីរ​ជំនាញ​​ខាង​លើនេះ ធ្លាប់​បាន​ប្រាប់កោះ​សន្តិ​ភាព​ថា​ មានតែក្រុមហ៊ុន​ចិន​មួយទេដែល​មាន​ច្បាប់​អនុ​ញាតឲ្យធ្វើការរុករករ៉ែមាសនៅ​ស្រុក​ភ្នំ​ព្រឹក​នេះ ។ ក្រៅពី​នេះគ្មាន​ច្បាប់​អនុញាតឡើយ ។ លោកប្រធាន​​មន្ទីរ​បាន​បញ្ជាក់​ប្រាប់​កាល​ណោះ​ថា ចំពោះក្រុម​ធ្វើអាជីវ​កម្មរែង​មាស​ខុស​ច្បាប់​ទាំង​​​នោះ ក្រុមការ​ងារ​របស់​លោក និងអាជ្ញាធរ​មូលដ្ឋាន​ធ្លាប់​បាន​ចុះ​ណែនាំ​ពួកគេបន្តបន្ទាប់​ឲ្យបញ្ឍប់សកម្មភាព តែ​ពួក​គេនៅ​តែ​លួច​ធ្វើ​អាជីវ​កម្មទៀត ហើយ​កាល​ណោះលោក​អះ​អាង​ថា ​នឹងធ្វើការបង្រ្កាបជាថ្មី ប៉ុន្តែរហូតមក​ទល់​ពេល​នេះ ក្រុម​រែង​មាស​ទាំង​នេះ​នៅតែ​ធ្វើ​សកម្ម​ភាពដដែល ។
បើតាមប្រភពព័ត៌មានប្រាប់​ថា នៅដំណាច់​ខែម្ដងៗគេតែងឃើញសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់បានដើរ​ប្រមូល​ប្រាក់​សំណូក​ពី​ថៅកែរែងមាសទាំងនេះ បណ្ដាក់​គ្នា​ដូចខ្យង ​ដោយ​ទីតាំងរែង​មាស​មួយកន្លែង​ត្រូវ​ចំណាយ​ប្រាក់រាប់លានរៀលក្នុងមួយខែៗ​ដើម្បី​សូកប៉ាន់ បើមិនដូច្នេះទេ មិន​អាច​បានសុខឡើយ ។

ចំពោះបញ្ហាខាងលើនេះ ប្រជាពលរដ្ឋ​បាន​សំណូម​ពរដល់អាជ្ញាធរ​មេត្តាចុះ​បង្រ្កាប​ក្រុម​អ្នក​រែង​មាសទាំងនេះផង ព្រោះពេលនេះ​កំពុង​បង្ក​ផលប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ណាស់ដល់​សុខ​ភាព​មនុស្ស និង​សត្វ​នៅក្នុងមូលដ្ឋាន ។​ លោកប៉ិច ឆុន អភិបាល​រង​ស្រុក​ភ្នំព្រឹកក៏បានបញ្ជាក់ដែរថា លោក​បាន​ធ្វើ​របាយ​ការណ៍​ដាក់ជួនលោក​អភិបាល​ខេត្ត​រួច​ហើយ ដើម្បីចាត់វិធានការលើ​ករណីនេះ ៕