រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ដល់បណ្តាក្រុមហ៊ុនទាំងអស់ថា មិនអាចលើកសំណូមពរណាមួយដល់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការនាំចូលផលិតផលភេសជ្ជៈ ដូចជាស្រាស្រាបៀរ …ពីប្រទេសក្រៅដើម្បីការពារផលិតកម្មក្នុងស្រុកបានទេ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីមាន ប្រសាសន៍បញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី១៤ ឧសភា ក្នុងឱកាសសម្តេច និងលោកជំទាវអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតស្រាបៀរកម្ពុជារបស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត ដែលមានទីតាំងស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា មិនអាចនិយាយឱ្យមានការទប់ស្កាត់ការ នាំចូលនូវភេសជ្ជៈពីបរទេស ព្រោះនៅក្នុងប្រទេសបានផលិតគ្រប់គ្រាន់ហើយ មិនអាចនិយាយយ៉ាងដូច្នេះទេ ។ បើសិនជាធ្វើការទប់ស្កាត់ការនាំចូលផលិតផលភេសជ្ជៈពីប្រទេសក្រៅ គឺវាខុសទៅនឹងគោលការណ៍នៃអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះសូមបញ្ជាក់ជូនឱ្យហើយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា បញ្ហាធំរបស់យើងគឺផលិតឱ្យមានគុណភាព ឱ្យមានរសជាតិឆ្ងាញ់ ហើយតម្លៃឱ្យសមរម្យដើម្បីដណ្តើមទីផ្សារ ។ ដូច្នេះគឺទាមទារនូវការប្រកួតប្រជែង ហើយការប្រកួតប្រជែងនោះគឺប្រកួតប្រជែងដោយស្មើភាពចំពោះមុខច្បាប់ ដូចករណីពន្ធដារ អត់មានការលើកលែងបានទេ ។ ថវិកាដែលបានពីចំណូលពន្ធអាករនៃផលិតផលស្រាបៀរនេះ គឺត្រូវចូលទៅរដ្ឋ ដើម្បីរដ្ឋបែងចែកទៅតាមការអភិវឌ្ឍ ប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យដែល ជាអ្នកបម្រើសេវា ។ ចំណុចនេះគឺជាចំណងទាក់ទងទៅវិញទៅមក ដូច្នេះបណ្តាប្រជាពលរដ្ឋដែលនៅជុំវិញរោងចក្រផលិតស្រាបៀរកម្ពុជានេះ ក៏ត្រូវតែជួយការពាររោងចក្រដែរ ។ បើសិនជាខូច បាត់បង់រោងចក្រដោយប្រការណា មួយយើងក៏ជាអ្នកទទួលផ្នែកណាមួយនៃការបាត់បង់ចំណូលដែរ ដូច្នេះគឺត្រូវមានការទំនាក់ទំនងគ្នា សុខដុមនីយកម្មរវាងប្រជាពលរដ្ឋជាមួួយនឹងរោងចក្រ រវាងកម្មករជាមួយរោងចក្រធ្វើជាដៃគូល្អ ។ ដូច្នេះក្រុមហ៊ុននានាដែលកំពុងប្រកួតប្រជែងផលិតផលនៅលើទីផ្សារកម្ពុជា សូមពុំមានការអាក់អន់ចិត្ត គឺស៊ីសងទៅលើការប្រកួតប្រជែងគ្នាទៀត ។ តើផលិតផលនាំចូល និងផលិតផលក្នុងស្រុកផលិតផលណាដែលអតិថិជនពេញចិត្តត្រូវការ…។ រាជរដ្ឋាភិបាលនឹងមិនយកវិធានការណាមួយដើម្បីរំខានទៅដល់របបពាណិជ្ជកម្មសេរី ដែលយើងជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកទេ ដូច្នេះការទប់ស្កាត់ការនាំចូលគឺមិនអាចអនុវត្តបានទេ ខុសច្បាប់ យើងត្រូវប្រឹងប្រែងផលិតឱ្យមានគុណភាពល្អ យើងត្រូវតែឈានជើងនាំផលិតចេញទៅក្រៅប្រទេស ។
ពាក់ព័ន្ធទៅនឹងការផ្តល់អាហារូបករណ៍ចំនួន៥០នាក់ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់យោបល់ថា អាហារូបករណ៍ដែលក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាចង់ផ្តល់គប្បីក្រុមហ៊ុនសម្លឹងមើលចំពោះកូនចៅ ឬបងប្អូនកម្មករ កម្មការិនី ដើម្បីផ្សារភា្ជប់គ្នារវាងកម្មករ កម្មការិនី ដែលធ្វើការក្នុងរោងចក្រជាមួយ ឱ្យទទួលបានអាហារូបករណ៍ ។ ក្នុងនោះយន្តការយុវជនទាក់ទិននឹងអាហារូបករណ៍គឺល្អ ធ្វើការសហការជាមួយគ្នា ។ ដូច្នេះគឺត្រូវសម្លឹងមើលមុនគេកន្លែងហ្នឹង ហើយទាល់តែគ្រប់លក្ខខណ្ឌផងដែរ តើចូលទៅរៀនមហាវិទ្យាល័យបាន ឬអត់…?យើងធ្វើដូច្នេះក្នុងមួយឆ្នាំ៥០នាក់ៗ ខ្ញុំគិតថា យើងផ្សារភ្ជាប់កម្មករ កម្មការិនី ជាមួយនឹងរោងចក្រ ។ មិនមែនតែក្រុមហ៊ុននេះមួយទេ ក្រុមហ៊ុនដទៃទៀតក៏ត្រូវធ្វើដូច្នេះដែរ ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សទាំងវិស័យរដ្ឋ និងវិស័យឯកជន រួមគ្នាបណ្តុះបណ្តាលធនធានមនុស្សរបស់យើងឱ្យរីកចម្រើនឡើង ។ អ្នកឯកទេសជួនកាលតម្រូវការអ្នកឯកទេសខ្ពស់ យើងគ្មានការហ្វឹកហាត់នៅក្នុងប្រទេស យើងអាចចេញថវិកាឱ្យទៅរៀននៅក្រៅប្រទេសត្រឡប់មកវិញមកធ្វើការនៅក្នុងរោងចក្រសហគ្រាសរបស់យើងវិញ ។
លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បានថ្លែងថា រោងចក្រផលិតស្រាបៀរកម្ពុជានេះ គឺជារោងចក្រផលិតស្រាបៀរទី៦ ហើយដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជាយើង ហើយនៅពេលខាងមុខនេះក៏មានរោងចក្រផលិតស្រាបៀរមួយចំនួនទៀតនឹងត្រូវសាងសង់ជាបន្តបន្ទាប់ដែរ ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការដាក់ឱ្យដំណើរការរោងចក្រផលិតស្រាបៀរកម្ពុជានាពេលនេះបាននាំមកនូវ ៖
– ការបង្កើនសមត្ថភាពឧស្សាហកម្មក្នុងស្រុកជំនួសឱ្យការនាំចូលដែលនឹងចូលរួមជួយពង្រឹងទាំងទំហំពាណិជ្ជកម្ម និងកែលម្អស្ថានភាពនៃជញ្ជីងពាណិជ្ជកម្មរវាងផលិតផលនាំចូល និងផលិតផលនាំចេញ។
– ការបង្កើតមុខផលិតផលថ្មីកាន់តែសម្បូរបែប ដែលផ្តល់នូវតម្លៃបន្ថែមខ្ពស់ ព្រមទាំងផ្តល់នូវជម្រើសកាន់តែច្រើនសម្រាប់អតិថិជនជាតិ អន្តរជាតិ និងទេសចរណ៍។
– ការផ្ទេរបច្ចេកវិជ្ជា និងការបណ្តុះបណ្តាលបច្ចេកទេសដល់បុគ្គលិក កម្មករកម្ពុជា ។
– ការបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ព្រមទាំងការបង្កើតនូវចរន្តសេវាកម្ម និងឧស្សាហកម្មគាំទ្រផ្សេងៗជាច្រើនទៀត ។
លោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនខ្មែរប្រ៊ូវើរី មានប្រសាសន៍ថា ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារថ្មីៗថែមទៀតជូនដល់ប្រជាពលរដ្ឋកម្ពុជា ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចំណាយថវិកាអស់ចំនួន៦០លានដុល្លារអាមេរិក សម្រាប់ធ្វើការវិនិយោគសាងសង់នូវរោងចក្រផលិតស្រាបៀរកម្ពុជា ក្នុងគោលបំណងបង្កើតឱ្យមានឡើងនូវរោងចក្រទំនើបដែលប្រកបដោយស្តង់ដាលំដាប់ថ្នាក់អន្តរជាតិដូចនៅតាមបណ្តាប្រទេសជឿនលឿននានានៅលើពិភពលោក ។
លោកអគ្គនាយកក្រុមហ៊ុនមានប្រសាសន៍ថា រោងចក្រទំនើបនេះមានសមត្ថភាពផលិតស្រាបៀរបានចំនួន៥០លានលីត្រក្នុងមួយឆ្នាំនាដំណាក់កាលដំបូង និងមានលទ្ធភាពពង្រីកការផលិតឈានទៅដល់២០០លានលីត្រក្នុងមួយឆ្នាំ។ រោងចក្របានប្រើប្រាស់នូវវត្ថុធាតុដើមដែលនាំមកពីសហគមន៍អឺរ៉ុបទាំងស្រុង និងធានាមិនបង្កការប៉ះពាល់ទៅដល់បរិស្ថានឡើយ ព្រមទាំងបានធ្វើឱ្យប្រជាជនកម្ពុជាយើងមានចំណេះដឹង និងមានការងារធ្វើដោយផ្ទាល់សរុបប្រមាណ១.៥០០នាក់ និងដោយប្រយោលប្រមាណ៥.០០០នាក់ថែមទៀតផង ។ នាពេលដ៏ខ្លីខាងមុខ ក្រុមហ៊ុននឹងធ្វើការនាំចេញស្រាបៀរកម្ពុជាទៅលក់នៅតាមបណ្តាប្រទេសជឿនលឿនដូចជាប្រទេសជប៉ុន សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ៕







ចែករំលែកព័តមាននេះ