ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​ព្យុះ​បំផ្លាញ​លំនៅ​ឋាន​9​9ខ្នង​នៅ​ខេត្ត​កំពង់​ស្ពឺ5​ខ្ន​ងរលំ​នៅ​ចាក់​អង្រែ​លើ ជញ្ជាំង​សំណង់​អគារ​បាក់​ស​ង្កត់​របួស​ម្តាយ-កូន

14 ឆ្នាំ មុន

ខេត្តកំពង់​ស្ពឺ​​​​​​​​​​​​​ ៖​ យ៉ាង​​ហោចណាស់​​មាន​លំនៅ​ឋាន​​​​​ចំនួន​​​​៩៩​ខ្នង ស្ថិត​នៅ​ក្នុង​ភូមិ​ចំនួន​៥​​នៃឃុំ​​​រលាំង​​គ្រើល​​ ស្រុក​សំរោង​ទង​ បាន​ដួល​រលំ​​​ដោយ​ខ្យល់​ព្យុះ​​បក់​បោក​​​យ៉ា​ងខ្លាំង​​ជា​មួយ​ភ្លៀង​​​មួយ​មេធំ​​​ កាល​ពី​វេលា​ម៉ោង​​​​​២និង​១១​នាទី​​រសៀល​​ថ្ងៃទី​​១៣ ឧសភា ។

អភិបាល​​ស្រុក​​សំរោង​ទង លោក​ហង្ស គីម​​ញ៉េន មាន​ប្រសាសន៍​​ឱ្យ​ដឹង​ថា មានលំនៅ​ឋាន​​ក្នុង​​​ភូមិ​​ចំនួន​​​៥​នៃ​​​​ស្រុក​សំរោង​ទង រង​ការ​ខូច​ខាត​​​​ដោយ​​ព្យុះ​​ភ្លៀង​ខ្លះ​​រលំ​​​ទាំង​ស្រុង​ ​​​ខ្លះ​​របើក​ដំបូល​​ ខ្លះ​​​​របើក​​ក្បឿង​​​មួយ​ចំហៀង​​​ផ្ទះ ។ ភូមិ​​​ទាំង​៥​​​ក្នុងឃុំ​រលាំង​គ្រើល​​​​ ដែល​​ទទួល​រង​​នូវ​គ្រោះ​មហន្ត​រាយ​​​​​នេះ​​ មាន​១-ភូមិ​​​​​​អង្គ​មេត្រី ២- ភូមិ​​កំណប់​​​ ៣- ភូមិ​ក្រាំង​ស្វាយ ៤- ភូមិ​​ព្រៃ​សាលា និង​​​៥- ភូមិ​ចំបក់​​ផ្អែម ។ លំនៅ​ឋាន​​ដែល​រង​ការ​​​ខូច​ខាត​​​​ទាំង​ស្រុង​​ខូច​ខាត​​មធ្យម​​​ និង​ខូច​ខាត​ស្រាល​សរុប​ទាំង​អស់​​​មាន​ចំនួន​​​​​​៩៩ខ្នង ។ ​​នៅ​ព្រឹក​​​​​ថ្ងៃទី​​​​១៤ ឧសភា ទាំងថ្នាក់​​ស្រុក​ ថ្នាក់​ខេត្ត​​ និង​​ក្រុម​កាក​បាទក្រហម​​បាន​ចុះ​​​សួរ​សុខ​ទុក្ខ​​​​ និង​ធ្វើ​​​កំណត​់​ហេតុ​​​នៃ​ការ​ខូច​ខាតដោយ​​សារ​ខ្យល់​ព្យុះ​​នេះ​​​ ក្នុង​នោះអគារ​សិក្សា​​​​​អនុវិទ្យា​ល័យ​​​​​​​ហ៊ុន​ សែន​​ ក៏រង​ការខូច​ខាត​​​​​ អស់​ចំនួន​​​៣ខ្នងដែរ​ ​គឺ​​​ខូច​ខាត​​​ធ្ងន់​ធ្ងរ​​២ខ្នង ​​​​ដោយ​​របើក​​ដំបូល​​ទាំង​ស្រុង ។

លោក​អភិបាល​​​​ស្រុក​សំរោង​ទង បន្ត​ទៀត​ថា​  គ្រោះ​​ធម្ម​ជាតិ​​​ដោយ​ព្យុះ​​ភ្លៀង​​​នេះ​បាន​​កួច​​យក​ដើមចេក​​ ដើម​ស្វាយ តាម​ដង​ផ្លូវ​​​បាក់​អស់​ជា​ច្រើន​​ដើម​​​ និងបង្ក​​ឱ្យ​​មាន​ការ​រាំងស្ទះ​​​ចរា​ចរណ៍​​​​តាម​ផ្លូវ​​​លំ​ផង​ដែរ ។ ទន្ទឹម​​នេះ ​កា​ររលំ​​​ផ្ទះ​​នោះ​​ ក៏​បង្ក​ឱ្យ​​​ស្ត្រី​ចំណាស់​​ម្នាក់​ឈ្មោះ​​​ម៉ិញ ញ៉េន អាយុ​​​​៦៨ឆ្នាំ​​​​ នៅក្នុង​​​ភូមិ​ក្រាំង​ស្វាយ​ ​​រង​របួស​​​ធ្ងន់​រហូត​​ដើរ​ពុំ​រួច​​​កំពុង​​​ទទួល​ការ​​​ព្យូរ​សេរ៉ូម​​ ព្រោះ​​ពេល​កើ​ត​​ហេតុ​គាត់​​អង្គុយ​​​នៅ​ក្រោម​​​ផ្ទះ​​​ជាមួយ​ចៅ​ស្រី​​​អាយុ​​​៤ឆ្នាំ​​ ហើយ​​នៅពេល​​​នោះ​​​គាត់​​​យក​ខ្លួន​​រង​ពីលើ​​ចៅស្រី​​​ ទើប​​ចៅស្រី​​​ពុំ​មានគ្រោះ​ថ្នាក់​​​។

​​លោក​​​ឃុត សុផល អធិការ​​នគរ​បាល​​​ស្រុក​សំរោង​ទង​ បាន​និយាយ​​​​​ថា ចំពោះ​​ករណី​ខ្យល់​ព្យុះ​​​បំផ្លិច​បំផ្លាញ​​ផ្ទះ​សម្បែង​​​ប្រជាពលរដ្ឋ​​​នេះ​លោក​​​មិន​ទាន​់​​ដឹង​​​ចំនួន​​​ពិត​ប្រាកដ​​​ទេ ព្រោះ​​​សមត្ថ​កិច្ច​​​តាម​ប៉ុស្តិ៍​​កំពុង​តែ​​ចុះ​ស្រង់​​​ស្ថិតិ​ផ្លូវ​ការដើម្បី​​ផ្តល់​ជំនួយ​សង្គ្រោះ​នាពេល​ឆាប់​​ៗ​ខាង​មុខ​នេះ​ ។

ភ្លៀង​​មួយ​មេ​ធំ​​​លាយឡំ​​ដោយ​ខ្យល់​ព្យុះ​​​​ បណ្តាល​​​ឱ្យ​រលំ​​ផ្ទះ​ប្រជា​ពលរដ្ឋ​​​៥ខ្នង​​​នៅ ចាក់​អង្រែ​លើ​

រាជ​ធានី​ភ្នំពេញ​ ៖ លំនៅ​ឋាន​​តូច​​ៗ​​ចំនួន​​៥​ខ្នង​​ ធ្វើ​អំពី​​កូន​ឈើ​​​ប្រក់​​​​ស័ង្កសី​​​ នៅ​ភូមិ​​ព្រែក​តាគង់ សង្កាត់​​ចាក​់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ ត្រូវ​​ខ្យល់​ព្យុះ​​​បោក​​បក់​រលំ​ទាំង​ស្រុង​​​ និង​ផ្ទះ​​ប្រជាពលរដ្ឋ​​​តូច​ៗ​​ជាប់​គ្នា​​​ចំនួន​​​​២៩ខ្នង​​ផ្សេងទៀត​​ ក៏ត្រូវ​​ខ្យល់​ព្យុះ​​បក់​កួ​​ច​​​ប៉ើង​​​ដំបូល​​​អស់​​ កាល​ពី​​ល្ងាច​ថ្ងៃទី​​១៣ ឧសភា ឆ្នាំ​​២០១២ ​​ប៉ុន្តែ​​មិន​បណ្តាល​​​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​​រង​គ្រោះ​​​ថ្នាក់​​​ឡើយ ។

ក្នុង​​គ្រា​អាសន្ន​​​ខាងលើ​នេះ​ លោក​គួច​ ចំរើន អភិបាល​​ខណ្ឌ​មានជ័យ​​ និង​លោក​​​កែវ សាវឿន ចៅ​សង្កាត់​​​​​​ចាក់​អង្រែ​​លើ​​ បាន​​​​នាំ​​​យក​អំណោយ​​​​របស់​​អនុសាខា​កាក​បាទ​ក្រហម​​​​ខណ្ឌ​​​មានជ័យ​​​ ​​ទៅ​ចែក​ជូន​​បង​ប្អូន​​​ប្រជាពលរដ្ឋ​​​នាព្រឹក​​​​​ថ្ងៃទី​​​​១៤ ​ឧសភា ក្នុង​​នាម​ជាអង្គការ​មនុស្ស​​ធម៌​​ឆ្លើយ​​តប​ទៅ​នឹង​​​អនុសាសន៍​​​របស់​សម្តេច​​​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​​​ និង​លោក​ជំទាវ ។

​​ដោយ​ឡែក​នៅសង្កាត់​​ច្បារ​អំពៅ​​​ទី​​១ និង​សង្កាត់​​​ច្បារ​អំពៅ​​​ទី​​២ ក៏​មាន​​លំនៅ​ឋាន​​​​បង​ប្អូន​​​ប្រជាពលរដ្ឋ​​​ក្រីក្រ​​ចំនួន​​​​១២ខ្នង​ ​​​រង​ការ​​​ខូច​ខាត​​​ដោយ​សារ​ខ្យល់ព្យុះ​​បក់​​ប៉ើង​​ដំបូល​​ស័ង្កសី​​​ខ្ទាចចេញ​​​​​​ពី​​លំនៅឋាន​​​របស់​ខ្លួន​ដែរ​​​​ ប៉ុន្តែ​​មិន​ធ្ងន់​ធ្ងរ​​ដូច​​នៅ​​សង្កាត់​ចាក់​អង្រែ​ឡើយ ។​​

បាក់​រលំ​ជញ្ជាំង​ឥដ្ឋ​អគារ​រោង​ចក្រ​យីង​ដុង សង្កត់​​បន្ទប់​ផ្ទះ​ជួល​របួស​ស្ត្រី​ពីរ​នាក់​ម្តាយ​និង​កូន

រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​រង​របួស​ស្រាល​ឯ​កូន​ស្រី​តូច​អាយុ​៣​ឆ្នាំ​​រង​របួស​ធ្ងន់​​​​ ដោយ​សារ​ជញ្ជាំង​អគា​រ​រោង​ចក្រ​កាត់​ដេរ យីង​ដុង ដែល​កំពុង​សាង​សង់​បាក់​រលំ​សង្កត់​​​ ខណៈ​ពេល​ស្ត្រី​រូប​​នោះ​​ និង​កូន​ស្រី​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​​ផ្ទះ​ជួល​​មួយ​​​​ក្បែរ​ជញ្ជាំង​សំណង់​អគារ​រោង​ចក្រ​នោះ ។ ​ក្រោយ​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ឯ​មេការ​សំណង់​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​ឃាត់​ខ្លួន​នាំ​​​ទៅ​ធ្វើ​ការ​សួរ​នាំ​ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​​កើត​ឡើង​កាល​ពី​​​ល្ងាច​ថ្ងៃទី​១៣ ឧសភា ឆ្នាំ​២០១២ នៅ​ក្នុង​ភូមិ​អង្គ​កែវ សង្កាត់​ចោម​​​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ ។ ជន​រង​គ្រោះ​​​ជា​ម្តា​យ​ឈ្មោះ​ជិន ភន អាយុ​៣៤​ឆ្នាំ កូន​ស្រី​ឈ្មោះ​ស៊ង នីហ្សា អាយុ​៣​ឆ្នាំ មាន​ស្រុក​កំណើ​​ត​ភូមិ​​​ស្គុយ ឃុំ​ស្មោង​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ សព្វ​ថ្ងៃ​ស្នាក់​នៅ​ក្នុង​​ភូមិ​កើត​ហេតុ​ខាង​លើ​ ។ ដោយ​ឡែក​​កន្លែ​ង​ជញ្ជាំង​សំណង់​អគារ​រោង​ចក្រ​ដែ​​ល​បាក់​រលំ​​សង្កត់​ផ្ទះ​ជួល​បណ្តាល​ឱ្យ​មនុស្ស​​រង​របួស​នោះ​តាម​ការ​អះ​អាង​ថា ជា​របស់​ក្រុម​ហ៊ុន​រោង​ចក្រ​កាត់​ដេរ​យី​ង​ដុង ។ រី​ឯ​មេ​ការ​សំណង់​ដែល​ជាអ្នក​ទទួល​ខុស​ត្រូ​វ​ក្នុង​ការ​សាង​សង់​នោះ​ឈ្មោះ​ហែម ហន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​ឃាត់​ខ្លួននាំ​​​ទៅ​ធ្វើ​ការ​សួរ​នាំ​រឿង​សាង​សង់​គ្មាន​លក្ខណៈ​បច្ចេក​ទេស​នេះ​ផង​ដែរ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា តើ​ត្រូវ​មាន​ទោស​ ឬ​អត់​ឡើយ ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា សំណង់​អគារ​រោង​ចក្រ​ខាង​លើ​ គឺ​កំពុង​ដំណើរ​ការ​សាង​សង់​មិន​ទាន​់​រួច​រាល់​នៅ​ឡើយ​ទេ ដែល​មាន​កម្ពស់​២​ជាន់​ ហើយ​ការ​សាង​សង់​នោះ​ដូច​ជា​គ្មាន​លក្ខណៈបច្ចេកទេស​នោះ​ទេ ។ ម្យ៉ាង​ទៀត​គេ​អត់​បាន​យក​សំណាញ់​ ឬ​ស្បៃ​ទៅ​ហ៊ុម​ព័ទ្ធ​ជុំ​វិញ​ដើម្បី​ការ​ពារ​សុវត្ថិ​ភាព​ដល់​អ្នក​រស់​នៅ​​ក្បែរ​ខាង​​ឡើយ ​ហើយ​បាន​បាក់​អស់​១​ប្រឡោះ​ទំហំ​ប្រហែល​៥​ម៉ែត្រ​បួន​ជ្រុង​ ឯ​បន្ទប់​ផ្ទះ​ជួល​ដែល​ត្រូវ​ជញ្ជាំង​ឥដ្ឋ​​បាក់​សង្កត់​លើ​​នោះ​បាន​រង​ការ​ខូ​​ច​ខាត​ដំបូល​ទាំង​ស្រុង​តែ​ម្តង។

ប្រភព​ដដែល​​បាន​បន្ត​ទៀ​ត​ថា នៅ​មុន​ពេល​កើត​ហេតុ​ ស្ត្រី​ពីរ​នាក់​ម្តាយ​ និង​កូន​បាន​ស្ថិត​នៅ​​​ក្នុង​បន្ទប់​ផ្ទះ​ជួល​នោះ​ ខណៈ​នោះ​មេឃ​បាន​ធ្លាក់​ភ្លៀង​ និង​ខ្យល់​ផង​ដែរ។ ក្រោយ​មក​​ជញ្ជាំង​​អគារ​រោង​ចក្រ​នោះ​ក៏​បាន​បាក់​រលំ​សង្កត់​ទាំង​កំរោល​បណ្តាល​បាក់​ដំបូល​បន្ទប់​ផ្ទះ​ជួល​នោះ​សង្កត់​ជន​រង​គ្រោះ​២​នាក់​ម្តាយ​និង​កូន​រង​របួស​ធ្ងន់​ និង​ស្រាល​បែប​នេះ​តែម្តង ។

ក្រោយពេល​កើត​ហេតុ​ គេ​បាន​នាំ​ជន​រង​គ្រោះ​​​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​ បន្ទាប់​មក​ប៉ូលិស​ប៉ុស្តិ៍​បាន​ចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​ឃាត់​ខ្លួន​មេ​ការ​សំណង់​យក​ទៅ​ធ្វើ​ការ​សួរ​នាំ​ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ប៉ុស្តិ៍​រង់​ចាំ​កសាង​សំណុំ​រឿង​បន្ត ៕