ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪម៉ាល់​បើក​ការ​វាយ​ប្រហារ​ដេញ​ទិ​ចអ្នក​ប៉ង​បំផ្លាញ​សំបុក​យុវ​ជន​ម្នាក់​របួស​ចូល​ពេទ្យ​

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​យុវ​ជន​​ម្នាក់​ត្រូវ​ឪម៉ាល់​ទិច​ចំនួន​​៣០​មេ​​​ ខណៈ​ពេល​យក​កន្ត្រៃ​ទៅ​កាត់​ស្លឹក​ឈើ​ជិត​សម្បុក​ឪម៉ាល់​ដើម្បីយក​ការុង​​ទៅ​ច្រក​ ស្រាប់​តែ​​ធ្លាយ​សម្បុក​បណ្តាល​ឱ្យ​ឪម៉ាល់​ហើរ​ដេញ​ជុំ​វិញ​ផ្ទះទិច​​ស្ទើរ​​ពេញ​ខ្លួន ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​រសៀល​​ថ្ងៃ​ទី​១១ ឧសភា នៅ​ក្នុង​ភូមិ​គ្រឹះ​លេខ​៧ ផ្លូវ​លេខ​​៦០០​ សង្កាត់​បឹង​កក់​​ទី២ ខណ្ឌ​ទួល​គោក ។

យុវ​ជន​ដែល​ត្រូវ​ឪម៉ាល់​ទិច​នេះ​ឈ្មោះ​យី ខេន ​អាយុ​២០​ឆ្នាំ ស្នាក់​នៅ​​ និង​ធ្វើ​​ការ​ក្នុង​ផ្ទះ​​ខាង​លើ មាន​ស្រុក​កំណើត​នៅ​ភូមិ​​ច្រក​ផ្តៅ ឃុំ​  ទូ​ក​មាស ស្រុក​បន្ទាយ​មាស ខេត្ត​កំពត ។ តាម​ប្រភព​ព័ត៌​មាន​​​ពី​មិត្ត​ភក្តិ​ស្នាក់​នៅ​ជា​មួយ​គ្នា​​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ​បន្ទាប់​ពី​រាំង​ភ្លៀង​មាន​អ្នក​នៅ​ផ្ទះ​ជា​មួយ​គ្នា​​ដើរ​កាត់​ក្រោម​ដើម​ឈើ​ក្នុង​ទី​ធ្លា​ផ្ទះ ស្រាប់​​តែ​ឪម៉ាល់​​ហើរ​ចេញ​ពី​សម្បុក​វាយ​ប្រហា​រ​ដោយ​ទិច​ពី​៥​ទៅ​៦មេ ។ ពេល​នោះ​ជន​រង​គ្រោះ​ខាង​លើ​​​​និយាយ​ថា រូប​គេ​នឹង​កម្ទេច​សម្បុក​ឪម៉ាល់​នេះ​មិន​ឱ្យ​មាន​ត​ទៅ​ទៀត​ទេ ។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​១១ ឧសភា ជន​រង​គ្រោះ​បាន​យក​ការុង​ និង​កន្ត្រៃ​សម្រាប់​កាត់​ស្មៅ​ឡើង​ទៅ​លើ​ផ្ទះ​ជាន់​ទី​មួយ​ដើម្បី​កាត់​មែក​ឈើ​ដែល​នៅ​ជាប់​នឹង​សម្បុក​​ចេញ​ហើយ​យក​ការុង​នោះ​ច្រក​ឱ្យ​ជាប់​ ។

ប្រភព​ដដែល​រៀប​រាប់​ទៀត​ថា ​ពេល​យក​ការុង​ច្រក​ប៉ះ​មែក​ឈើ​មិន​អាច​ច្រក​បាន​ក៏​យក​កន្ត្រៃ​​ទៅ​កាត់​មែក​ឈើ​​​ចេញ​​​តែ​ពេល​កាត់​នោះ​ប៉ះ​នឹង​សម្បុក​​បណ្តាល​ឱ្យ​ផ្អើល​ឪម៉ាល់​ក្នុង​សម្បុក​ហើរ​ចេញ​យ៉ាង​ប្រសាច​មកដេញ​ទិច​​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​រត់​ចុះ​ទៅ​ក្រោម​ហើយ​រត់​ព័ទ្ធ​ផ្ទះ​ជា​ច្រើនជុំ​​ ប៉ុន្តែ​​ឪ​ម៉ាល់នៅ​តែ​​ដេញ​តាម​ទិចដែរ ។ ពេល​នោះ​​​អ្នក​នៅ​ក្នុង​ផ្ទះ​​​ស្រែក​ឃាត់​មិន​ឱ្យរត់​ចូល​ក្នុង​ផ្ទះទេ ខ្លាច​ឪម៉ាល់​ទិច​ដល់​អ្នក​នៅ​ក្នុង​ផ្ទះ​ទៀត​ទើប​ជន​រង​គ្រោះ​ចេះ​តែ​រត់​ព័ទ្ធ​ជុំ​វិញ​រោង​ដាក់​រថយន្ត​យក​ដៃ​វាស​បណ្តេញ​ឪម៉ាល់​នោះ​បណ្តាល​​ឱ្យ​ឪម៉ាល់​ទិច​ដៃ​ទាំង​សង​ខាង​ហើម និងទិច​ក មុខ និង​ខ្នង ទម្រាំ​មាន​អ្នក​ជួយ​ដេញ​​ផ្អើល​ទៅ​វិញ​អស់ ដោយ​ការ​​ប្រើ​ថ្នាំ​បាញ់​មូស ​ហើយ​សម្បុក​ឪម៉ាល់​នោះក៏​ត្រូវ​បាន​បំ​ផ្លាញចោល​ដែរ។

ក្រោយ​ពេល​កើត​ហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​ដោយ​សារ​ត្រូវ​ឪម៉ាល់​ទិច​សរុប​៣០​មេ ប៉ុន្តែ​ធ្ងន់​ធ្ងរជាង​គេ​ គឺ​ដៃ​ទាំង​សង​ខាង ៕