រាជធានីភ្នំពេញ៖ សាលារាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានមួយឆ្លើយតបនឹងការស្នើសុំរបស់លោកជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោកជា វិជ្ជា ។ លិខិតនេះចុះហត្ថលេខាដោយលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញចុះថ្ងៃទី៤ ឧសភា ឆ្នាំ២០១២ ។
យោងតាមលិខិតរបស់សាលារាជធានីភ្នំពេញ ដែលកោះសន្តិភាពទទួលបានឱ្យដឹងថា ប្រការ១ត្រូវបង្កើតក្រុមការងាររៀបចំសាងសង់រូបសំណាកលោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាភាពដូចខាងក្រោមគឺ៖ ១-លោកលី សាវេត នាយករដ្ឋបាលសាលារាជធានីភ្នំពេញជាប្រធាន ២-លោកឆាយ ឫទ្ធិសែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ជាអនុប្រធាន ៣-លោកកើត ឆែ នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាអនុប្រធាន ៤-លោកស្រីម៉ក់ វណ្ណស៊ីថា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញជាសមាជិក ៥-លោកស៊ិន បូណ៌មី នាយកទីចាត់ការក្រុងជាសមាជិក ៦-លោកម៉ាន់ សេងហាក់ ទីប្រឹក្សាសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា សមាជិក និងកញ្ញាសាយ សុខនី មន្ត្រីទំនាក់ទំនងអន្តរជាតិនៃសហជីព សេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិក ។
ប្រការ២ ក្រុមការងាររៀបចំសាងសង់រូបសំណាកលោកជា វិជ្ជា មានភារកិច្ចដូចតទៅនេះ គឺត្រូវធ្វើការសិក្សាប្លង់លំអិតក្នុងការសាងសង់ និងថវិកាត្រូវចំណាយឱ្យបានគ្រប់ជ្រុងជ្រោយ ។ ធ្វើរបាយការណ៍ពីការរីកចម្រើននិងអនុវត្តការងារផ្សេងទៀត ។ ប្រការ៣ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ប្រធានមន្ទីរ និងសមាជិកដូចមានរាយនាមក្នុងប្រការ១«ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាព»ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕
ចែករំលែកព័តមាននេះ