រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសស្រាល ឯកូនស្រីតូចអាយុ៣ឆ្នាំរងរបួសធ្ងន់ធ្ងរ ដោយសារជញ្ជាំងអគាររោងចក្រកាត់ដេរយីងដុង ដែលកំពុងសាងសង់បាក់រលំសង្កត់ ខណៈពេលដែលនាង និងកូនស្រីកំពុងស្ថិតនៅក្នុងបន្ទប់ផ្ទះជួលមួយនៅក្បែរជញ្ជាំងសំណង់អគាររោងចក្រនោះ ហើយក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។
ហេតុការណ៍នោះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ ឧសភា ២០១២ នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះជាម្តាយឈ្មោះជិន ភន អាយុ៣៤ឆ្នាំ ចំណែកកូនស្រីឈ្មោះស៊ង នីហ្សា អាយុ៣ឆ្នាំ មានស្រុកកំណើតភូមិស្គុយ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅភូមិកើតហេតុខាងលើ ។ ដោយឡែកជញ្ជាំងសំណង់អគាររោងចក្រដែលបាក់រលំសង្កត់ផ្ទះជួលបណ្តាលឱ្យមនុស្សរងរបួសនោះតាមការអះអាងថា ជារបស់ក្រុមហ៊ុនរោងចក្រកាត់ដេរយីងដុង ។ រីឯមេការសំណង់ដែលជាអ្នកទទួលខុសត្រូវក្នុងការសាងសង់នោះឈ្មោះហែម ហន ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវបានប៉ូលិសប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួនទៅសួរនាំរឿងសាងសង់គ្មានគុណភាព ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ