ខេត្តប៉ៃលិន ៖ អាជ្ញាធរខេត្ត និងកម្លាំងប្រដាប់អាវុធតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃបានជួបជុំគ្នាកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ឧសភា នៅក្បាលស្ពានមាត់អូរព្រំប្រទល់ដែនខាងកម្ពុជា(កម្ពុជា-ថៃ) ច្រកអន្តរជាតិព្រំក្នុងខេត្តប៉ៃលិន ។ ការជួបជុំគ្នានេះ គឺ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពរវាងគ្នានិងគ្នា រវាងខេត្តប៉ៃលិន និងខេត្តចន្ទបូរី កងទ័ពយោធភូមិភាគទី៥ និងកងទ័ពជាយដែនចន្ទបូរី-ត្រាត ក្នុងនោះក៏មានទាហាន-ប៉ូលិសការពារព្រំដែនទាំងក្រុមតូចៗរហូតដល់កងរយ កងពលដែលនៅទល់មុខគ្នា និងអាជីវករទាំងសងខាងផងដែរសរុបប្រមាណជិត១ពាន់នាក់ ។
ពិធីនេះ រៀបចំឡើងដោយលោកវរសេនីយ៍ទោ ទី សុខា ប្រធានក្រុមទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំខេត្តប៉ៃលិន ដោយមានការឯកភាពចូលរួមពីលោកឧត្តមសេនីយ៍ឯក ប៊ុន សេង អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ លោកអីុ ឈាន អភិបាលខេត្តប៉ៃលិន លោកឧត្តមនាវីត្រី ចាំលង វង្សដាន មេបញ្ជាការរងការពារជាយដែនចន្ទបូរី-ត្រាត លោកវិឈិត ឆាតថៃ ស៊ិត អភិបាលខេត្តចន្ទបូរី និងមន្ត្រីយោធាជាច្រើនទៀត ។
លោកអ៊ី ឈាន បានរំលឹកអំពីទំនាក់ទំនងសហការរួមគ្នារវាងកម្ពុជា-ថៃ នៅតំបន់នេះ តាំងពីប្រជាពលរដ្ឋទូទៅរហូតដល់មន្រ្តីគ្រប់ជាន់ថ្នាក់ និងការពារមិនឲ្យកើតមានបញ្ហារំខានដល់ការរស់នៅរកស៊ី និងការអភិវឌ្ឍនៅតំបន់នេះឡើយ សំខាន់គឺរួមគ្នាទប់ស្កាត់រាល់បទល្មើសដែលកើតមាន ដូចជាបញ្ហាគ្រឿងញៀនអាវុធជាតិផ្ទុះ បទឧក្រិដ្ឋកាប់ឈើ ពលករខុសច្បាប់ជាដើម ។ លោកអភិបាលខេត្ត បានប្រៀបធៀបអំពីច្បាប់ប្រទេសទាំងពីរមិនដូចគ្នា ប៉ុន្តែសុទ្ធតែការពារសណ្តាប់ធ្នាប់សុខសន្តិភាពក្នុងប្រទេសរៀងៗនិងសុំឲ្យខាងភាគីថៃកុំប្រើការទប់ស្កាត់ពលករខ្មែរខុសច្បាប់ដោយប្រើអំពើហិង្សា និងបាញ់សម្លាប់ឲ្យសោះ ព្រោះច្បាប់ក្នុងប្រទេសថៃ គ្មានឲ្យមានការបាញ់សម្លាប់ឡើយ ។
លោកអ៊ី ឈាន បានបញ្ជាក់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តប៉ៃលិន-ចន្ទបូរី ត្រាត ដែលវត្តមានរបស់លោកផ្ទាល់នៅទីនេះមានរយៈពេលជាង៣០ឆ្នាំមកហើយ គឺស្គាល់ចិត្តស្គាល់ថ្លើមគ្នាច្បាស់លាស់ណាស់ ។ ខាងភាគីថៃក៏មានវិបត្តិនយោបាយផ្ទៃក្នុងបំផុសឲ្យកើតមានបញ្ហាតាមព្រំដែន តែយើងរួមគ្នាទប់ស្កាត់បាន មិនឲ្យកើតមានបញ្ហាជាការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ សំខាន់ភាគីកម្ពុជាបានអនុវត្តតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលណែនាំឱ្យរក្សាការអត់ធ្មត់ឲ្យបានច្រើន កុំបង្កបញ្ហានាំឲ្យកើតរឿងគ្មានសុខសន្តិភាព ។
លោកអភិបាលខេត្ត អីុ ឈាន បានអំពាវនាវដល់សមត្ថកិច្ចទាំងសងខាង ដែលនៅទល់មុខគ្នាក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ទល់មុខខេត្តស្រះកែវ ចន្ទបូរី-ត្រាត រក្សាបន្តការអត់ធ្មត់អធ្យាស្រ័យឲ្យគ្នា រួមគ្នាដោះស្រាយបន្ថែមទៀត ទើបរក្សាបានស្ថិរភាព សុខសន្តិភាព ដូចខេត្តប៉ៃលិនយើងនេះ ។ ចំពោះបញ្ហាកាប់ឈើខុសច្បាប់ ប្រជាជននៅក្នុងខេត្តប៉ៃលិននេះបានយល់ដឹងច្បាស់លាស់ណាស់ រាល់ការចាប់បានទាំងប៉ុន្មានមកនោះ គឺសុទ្ធតែប្រជាជនមកពីខេត្តផ្សេងដែលមិនបានយល់ដឹងពីច្បាប់ហាមឃាត់ ហើយនេះជាបញ្ហា ។
លោកអ៊ី ឈាន បានបញ្ជាក់ថា កម្មវិធីពេលនេះ ជាយុទ្ធសាស្រ្តមួយជួយជំរុញទីផ្សារសេដ្ឋកិច្ចដែលខេត្តប៉ៃលិនមានភោគផលត្រូវនាំចេញ គឺដំឡូងមី ពោត សណ្តែក និងខេត្តចន្ទបូរីមានសាវម៉ាវ ទុរេន មង្ឃុត មៀន ត្រូវនាំចូលនេះជាការផ្លាស់ប្តូរផលិតផលពីគ្នាទៅវិញទៅ មក ។ កម្មវិធីនេះ មានការហូបបាយសាមគ្គីរួមគ្នារហូតដល់ពាក់កណ្តាលអធ្រាត្រទើបបញ្ចប់ ៕


ចែករំលែកព័តមាននេះ