ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​បាញ់​​សម្លាប់​​ស្ត្រី​2​នាក់​​នៅ​កន្លែង​ពីរ​ផ្សេង​​គ្នា​នៅ​ស្រុក​កំពង់​លែង​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​​ ៖ ស្រ្តី​២​នាក់ត្រូវ​រន្ទះ​បាញ់​ស្លាប់​ ​នៅ​កន្លែង​២​ផ្សេង​គ្នា​ កាល​ពី​វេលា​ម៉ោង​​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ឧសភា ​នៅ​ក្នុង​ឃុំ​ចំនួន​២​ក្នុង​ស្រុក​កំពង់​លែង ។មន្ត្រី​ប៉ូលិស​​ស្រុក​កំពង់​លែង បាន​ឱ្យ​ដឹងថា ​នៅ​ល្ងាច​នោះ មេឃ​ចាប់​ផ្តើម​​ធ្លាក់​​ភ្លៀង​​ លាយ​ឡំ​​ខ្យល់​ និង​ផ្លេក​បន្ទោរ​ផង​ ហើយ​ក៏​មាន​ករណី​រន្ទះ​បាញ់​​​ស្ត្រី​ពីរ​នាក់​​ស្លាប់នៅ​កន្លែង​ពីរ​ផ្សេង​គ្នា​។

ប្រភព​ដដែល​បន្ត​ថា ស្ត្រី​ឈ្មោះ​ផាត់ ឆាម អាយុ​៤៨​ឆ្នាំ ​រស់​នៅ​ភូមិ​ក្រាំង​​ជ្រេស​ ឃុំ​វាំង​​ចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ បានមក​ស្នាក់​នៅ​​ស៊ី​ឈ្នួល​ច្រូត​ស្រូវ ​នៅ​​ក្នុង​ភូមិ​ដា ឃុំ​ដា ស្រុក​កំពង់​លែង ។ មុន​ពេល​កើត​​េហតុ​​ស្ត្រី​​ខាង​លើ កំពុង​ច្រូត​ស្រូវ​នៅ​ចំណុច​​​ស្មោញ​ពង ចម្ងាយ​ជា​ង​២​គីឡូ​ម៉ែត្រ​ខាង​កើត​​​ភូមិ​ដា ខណៈ​ពេល​​មេឃ​កំពុង​ធ្លាក់​​ភ្លៀង​ ហើយ​រន្ទះបាន​​បាញ់​​ស្ត្រី​​រូប​នោះ​ បណ្តាល​ឱ្យ​​ស្លាប់​​នៅ​នឹង​កន្លែងច្រូត​ស្រូវ​តែ​ម្តង ។

ចំណែក​​មួយ​ករណី​ទៀត​​នៅ​ម៉ោង​​និង​ថ្ងៃ​ដដែល​ ប្តី​-ប្រពន្ធ​​២​នាក់​​រស់​នៅ​ភូមិ​តា​ឡាត់ ឃុំ​ស្វាយ​រំពារ បាន​ជិះ​ម៉ូតូ​​ទៅ​យក​កូន​នៅ​ឯវាល​ស្រែ​ លុះ​មក​ដល់​ចំណុច​​​​​​​​​​​​​​​​​​​ទួល​ក​ន្ធរ ជាង​១​គីឡូ​ម៉ែត្រពី​ខាង​​កើត​​ភូមិ​តា​ឡាត​​ ក៏​មាន​ភ្លៀង​​ធ្លាក់​ បង្ក​ឱ្យ​​​ផ្លូវ​រអិល មិន​អាច​ជិះ​ម៉ូតូ​បាន ។ ពេល​នោះ​​ប្តី​​ប្រពន្ធ​​ក៏​ចុះ​ដើរ​ដោយ​​ប្តី​បណ្តើរ​ម៉ូតូ​ពី​មុខឯ​​​ប្រពន្ធ​ដើរ​​ពី​​ក្រោយ​ចម្ងាយ​ប្រហែល​២​ទៅ​​៣​ម៉ែត្រ​ពី​គ្នា ក៏​ស្រាប់​​តែ​រន្ទះ​បាន​បាញ់​​ស្រ្តី​ជា​ប្រពន្ធ​​ បណ្តាល​ឱ្យ​ដួល​ស្លាប់​នៅ​​លើ​ផ្លូវ​យ៉ាង​អាណោច​អាធ័ម ចំណែក​ប្តី​​ដែល​ដើរ​ពី​ខាង​មុខ​គឺ​មិន​បាន​រង​របួស​អ្វី​ទេ។ ស្រ្តី​​រង​គ្រោះ​រូប​នោះ​ឈ្មោះ​ហ៊ន ថាត អាយុ​៤៤​​ឆ្នាំ ។

សព​ស្ត្រី​​ទាំង​ពីរ​​ត្រូវ​បាន​ក្រុម​គ្រួសារ​​យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃ​ណី​ឯ​លំនៅ​ឋាន​​រៀងៗ​ខ្លួន ក្រោម​សម្រែក​ទួញ​យំ​ស្តាយ​ស្រណោះ​ក្រៃ​លែង​ពី​ក្រុម​គ្រួ​សារ​ ៕