ខេត្តបន្ទាយមានជ័យ ៖ ផ្ទះចំនួន២ខ្នងនៅភូមិគោកទៀម ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ បានក្លាយទៅជាចំណីព្រះអគ្គី ឆេះហ្មត់សល់តែផេះ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១០ ឧសភា ។
លោកវរសេនីយ៍ត្រី កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងដោយយោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកជោរ ថា ផ្ទះដែលរងគ្រោះភ្លើងឆេះទាំង២ខ្នងនេះ មួយម្ចាស់ឈ្មោះសៀប សឿម ភេទប្រុស អាយុ៣៨ឆ្នាំ ទំហំ៤ម៉ែត្រ គុណ ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក និងមួយទៀតម្ចាស់ឈ្មោះយឿ អ៊ត់ ភេទប្រុស អាយុ៦៨ឆ្នាំ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក ទំហំ៧ម៉ែត្រ គុណ ៨ម៉ែត្រ ។
លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា ផ្ទះទាំង២ខ្នងនៅក្បែរគ្នា ដោយម្ចាស់រវល់ទៅធ្វើការនៅប្រទេសថៃ ទុកឱ្យជីដូនមើលការខុសត្រូវថែរក្សាផ្ទះ និងកូនតូចៗចំនួន២នាក់ផងដែរ។ តាមការស្រាវជ្រាវ គឺដំបូងភ្លើងបានផ្តើមឆេះចេញពីផ្ទះឈ្មោះសៀប សឿម ដែលម្ចាស់រវល់ទៅថៃ ហើយក៏រាលដាលទៅឆេះផ្ទះរបស់ឈ្មោះយឿ អ៊ត់ បន្ថែមទៀត ។ ការឆេះនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ គឺឆេះតែសម្ភារនៅក្នុងផ្ទះប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ