រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ លោកជា ចាន់តូ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសាររបាយការណ៍ស្តីពីសភាពការណ៍និងការងារគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០១១និងទិសដៅភារកិច្ចឆ្នាំ២០១២ ដល់សមាជិក សមាជិកាគណបក្សប្រជាជនក្នុងក្របខណ្ឌធនាគារ ។
លោកជា ចាន់តូ មានប្រសាសន៍ថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០១២នេះ កម្ពុជាបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតប្រកបដោយជោគជ័យដែលបានឆ្លុះបញ្ចាំងសមត្ថភាពកំពូលអាស៊ានលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតប្រកបដោយជោគជ័យ ដែលបានឆ្លុះបញ្ចាំងសមត្ថភាពរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយកិច្ចការតំបន់ ក៏ដូចពិភពលោក ដែលបានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ ។ ជាមួយគ្នានេះ កម្ពុជានឹងខិតខំរៀបចំឱ្យបានជោគជ័យជាបន្តទៀត នូវកិច្ចប្រជុំអាស៊ានសំខាន់ៗផ្សេងៗទៀត ។ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ានលើកទី២១នៅខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខនេះ និងកិច្ចប្រជុំកំពូលនានាផ្សេងទៀត ។
លោកបន្តថា ទិសដៅភារកិច្ចរបស់គណបក្សប្រជាជនឆ្នាំ២០១២ ជាឆ្នាំទី៤ នៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៤ នៃរដ្ឋសភា និងជាឆ្នាំរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ដែលបានដាក់ចេញនូវភារកិច្ចធំៗជាច្រើនដូចជា យុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ និងមានអត្ថន័យកំណត់ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ។
អាស្រ័យហេតុនេះ គណបក្សគ្រប់ថ្នាក់ និងសមាជិកគ្រប់រូបត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេឡើង ក្នុងការអនុវត្តរាល់គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស ដើម្បីធានាស្ថិរភាព និងដំណើរការរីកចម្រើនរបស់ជាតិ ព្រមទាំងលើកកម្ពស់តួនាទីដឹកនាំរបស់គណបក្សនៅក្នុងសង្គម ។ ត្រូវជ្រោងទង់មហាសាមគ្គីជាតិ លើកកម្ពស់ប្រពៃណីស្នេហាជាតិ គោរពស្រឡាញ់ប្រជាជន ខិតខំប្រមូលផ្តុំកម្លាំងជាតិទាំងមូល និងរាល់កត្តាអនុគ្រោះទាំងឡាយ ទាំងកត្តាក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធានាជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ។ បន្តកសាងពង្រឹងគណបក្សឱ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ ចាត់តាំង និងហិរញ្ញវត្ថុ ខិតខំសម្រេចនូវការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្សគឺរក្សារប្រៀបឈ្នះ និងពង្រឹងប្រៀបឈ្នះរបស់គណបក្សក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៣ ខែមិថុនា ឆ្នាំ២០១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅឆ្នាំ២០១៣ខាងមុខ ។លោកជា ចាន់តូ ក៏បានជម្រាបជូនផងដែរ អំពីសមាជិកសរុបទូទាំងប្រទេសរបស់គណបក្សប្រជាជនមានចំនួន៥លាន៥សែន៣ម៉ឺន៥ពាន់៣០២នាក់ ៕
ចែករំលែកព័តមាននេះ