ខេត្តបន្ទាយមានជ័យ ៖ នារីម្នាក់បានស្លាប់ភ្លាមៗខណៈពេលធ្វើដំណើរចេញពីស្រុកភ្នំស្រុក ជិតដល់ផ្លូវជាតិលេខ៦ ហើយត្រូវរន្ទះបាញ់ពេលនាងសុំអ្នកបើកបរថយន្តឈប់ចុះបត់ជើងតូច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៩ មេសា លើផ្លូវលំចុះពីផ្លូវជាតិលេខ៦ចូលទៅស្រុកភ្នំស្រុក ក្នុងភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ។ នេះគឺជាជនរងគ្រោះទី២ហើយសម្រាប់ឆ្នាំនេះដែលត្រូវស្លាប់ដោយសាររន្ទះបាញ់ បន្ទាប់ពីជនរងគ្រោះម្នាក់ស្លាប់ដោយសារន្ទះបាញ់នៅស្រុកម៉ាឡៃ កាលពីថ្ងៃទី២១ មេសា កន្លងមក ។
តាមប្រភពព័ត៌មានពីសាច់ញាតិ បានប្រាប់ឱ្យដឹង នៅមណ្ឌលសុខភាពក្រុងសិរីសោភ័ណថា នារីរងគ្រោះឈ្មោះ ចិន គា អាយុ១៨ឆ្នាំ នៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ធ្វើការនៅហាងសាច់គោអាំងអូរអំបិល ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ មុនពេលកើតហេតុម្ចាស់ហាងសាច់គោអាំងអូរអំបិលថ្មី ដែលត្រូវជាសាច់ញាតិបាននាំគ្នាជិះរថយន្តជាលក្ខណៈក្រុមគ្រួសារដែលមានអ្នកជិះប្រុស ស្រីចំនួន១៤នាក់ រួមទាំងនារីរងគ្រោះផងទៅលេងនៅអាងទឹកត្រពាំងថ្ម ។ ពេលត្រឡប់មកវិញ មេឃបានបង្អុរភ្លៀងស្រិចៗរហូតចាប់ពីស្រុកភ្នំស្រុកមក លុះមកដល់ចំណុចខាងលើនាងបានឱ្យអ្នកបើកបររថយន្តឈប់ដើម្បីចុះទៅបត់ជើងតូចក្នុងនោះក៏មាននារីម្នាក់ចុះបត់ជើងដែរ ដែលនៅចម្ងាយពីរថយន្តប្រមាណ៣ទៅ៤ម៉ែត្រប៉ុណ្ណោះ ។
ប្រភពដដែលបន្តថា ក្រោយពីនាងបត់ជើងរួច ទើបឈានជើងដើរមកជិះរថយន្ត ក៏ត្រូវរន្ទះបាញ់ បណ្តាលឱ្យអ្នកជិះលើរថយន្តមានការភ័យតក់ស្លុតគ្រប់ៗគ្នា។ ស្របពេលនោះនារីម្នាក់ដែលបត់ជើងជាមួយគ្នាឃើញនារីរងគ្រោះទន់ជង្គង់ក៏ ស្ទុះទៅគ្រាហ៍ រួចនាំគ្នាលើកដាក់លើរថយន្តយកមកព្យាបាលនៅមណ្ឌលសុខភាពសិរីសោភ័ណ ដោយនឹកស្មានថា នាងមិនទាន់ស្លាប់គ្រាន់តែសន្លប់ ព្រោះដងខ្លួននៅទន់នៅឡើយ លុះមកដល់មន្ទីរពេទ្យគ្រូពេទ្យប្រាប់ថា នាងស្លាប់បាត់បង់ជីវិតទៅហើយ ។
នៅពេលនោះដែរ គេបានធ្វើកោសល្យវិច័យសពដោយមានការចូលរួមពីលោកឡុង ជាប ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងគ្រូពេទ្យ ។ តាមការពិនិត្យនៅលើខ្លួនសព មានស្នាមជាំខ្មៅនៅដើមក ដើមទ្រូង និងឆ្អឹងជំនីរ ។ សមត្ថកិច្ចបានអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់មែន ហើយក្រោយពីពិនិត្យរួច ក៏បានបញ្ជូនសពយកទៅធ្វើបុណ្យនៅឯភូមិកំណើតរបស់នាងវិញទាំងក្តីសោកសៅ ៕
ចែករំលែកព័តមាននេះ