ខេត្តកោះកុង ៖ មន្ត្រីប៉េអឹមការពារជំរុំស្តុកឈើម្នាក់ បានបាញ់គ្នាទៅវិញទៅមក ជាមួយអ្នកបើកបររថយន្តម្នាក់ អតីតជាមន្ត្រីប៉េអឹមផង និងជាមន្ត្រីអង្គការការពារសត្វព្រៃផង បណ្តាល្យស្លាប់រៀងៗខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង គឺមន្ត្រីប៉េអឹមដេកស្លាប់ក្បែររថយន្តឡង់គ្រីស្ស័រ រីឯអ្នកបើកបរស្លាប់ក្នុងរថយន្តនេះតែម្តង ខណៈដឹកអ្នកកាសែតបរទេសម្នាក់ អ្នកកាសែតកម្ពុជាម្នាក់ទៅថតយករូបភាពជំរំស្តុកឈើប្រណីត ។
ការដោះស្រាយបញ្ហាដោយប្រើប្រាស់គ្រាប់កាំភ្លើងរៀងៗខ្លួន ហើយពិឃាតជីវិតមនុស្សនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២៦ មេសា ២០១២ នៅកណ្តាលទ្រូងព្រៃ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ។ មន្ត្រីប៉េអឹមដែលស្លាប់ឈ្មោះអ៊ិុន រតនា អាយុ៣១ឆ្នាំ ជាអ្នកយាមកាមនៅជំរំស្តុកឈើប្រណីត ដេកស្លាប់ក្បែររថយន្តឡង់គ្រីស្ស័រ ពណ៌ក្រហម ពាក់ស្លាកលេខ NGO101, 2-100 ដោយមានកាំភ្លើងអាកានៅក្នុងដៃផង ហើយនៅដើមទ្រូងមានត្រូវគ្រាប់២គ្រាប់ ។
ចំណែកអ្នកស្លាប់នៅក្នុងរថយន្តឡង់គ្រីស្ស័រ ឈ្មោះឈុត វុទ្ធី អាយុប្រមាណ៤០ឆ្នាំ ដេកស្លាប់ក្នុងរថយន្ត ដោយគ្រាប់កាំភ្លើងទម្លុះ ហើយអង្គុយក្នុងរថយន្តក្បែរនោះ គឺនារីអ្នកកាសែតជនជាតិខ្មែរបម្រើការឱ្យកាសែតឌឹ ឃេមបូឌា ដេលី ឈ្មោះផន បុប្ផា អាយុ២៧ឆ្នាំ មិនមានរងរបួសអ្វីទេ និងអ្នកកាសែតស្រីបរទេសម្នាក់ទៀត ជនជាតិកាណាដា ឈ្មោះអូឡេស៊ីយ៉ា ឡូភី អាយុ២៧ឆ្នាំ ក៏មិនមានរងរបួសអ្វីដែរ ។ ពួកគេទាំង៣នាក់ បានចូលទៅក្នុងទ្រូងព្រៃ ដើម្បីប្រមាញ់ យករូបភាពជំរំស្តុកឈើប្រណីត (កន្លែងកើតហេតុ) ដែលស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ