រាជធានីភ្នំពេញ ៖ តាមស្ថានភាពជាក់ស្តែងពិធីបុណ្យចូលឆ្នាំនេះ នៅបណ្តាប្រទេសក្នុងពិភពលោកទាំងមូលមិនថាជាតិសាសន៍អ្វីទេ តែងតែមានពិធីនេះដូចគ្នា គ្រាន់តែខុសត្រង់ពេលវេលា និងរបៀបនៃការរៀបចំបែបបទផ្សេងគ្នាតែប៉ុណ្ណោះ ។ ប៉ុន្តែមានប្រទេសខ្លះរៀបចំពិធីនេះ និងមានវប្បធម៌ប្រហាក់ប្រហែលគ្នាដែរ ។ដោយឡែកចំពោះបណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីនេះ ឃើញមានប្រទេសចំនួន៥ ដែលមានវប្បធម៌ប្រហាក់ប្រហែលគ្នា គឺប្រទេសកម្ពុជា ថៃ ឡាវ ស្រីលង្កា និងភូមា ដែលប្រទេសទាំងនេះមានទំនៀមទម្លាប់រៀបចំបុណ្យជាតិដូចជា ចូលឆ្នាំថ្មី ជាដើម មានលក្ខណៈប្រហាក់ប្រហែលគ្នា ។
ប៉ុន្តែការហៅឈ្មោះបុណ្យមានលក្ខណៈផ្សេងគ្នាដោយប្រទេសកម្ពុជា ហៅពិធីនេះថា បុណ្យចូលឆ្នាំថ្មី ឯប្រទេសថៃ ឡាវ ស្រីលង្កា និងភូមា ហៅថ្ងៃសង្ក្រាន្ត ពិធីសង្ក្រាន្ត ឬសង្ក្រានឆ្នាំថ្មី ។ ទោះជាយ៉ាងណាក្តី ពាក្យទាំងនេះ គឺមានន័យតែមួយ ព្រោះពាក្យសង្ក្រាន្តមានន័យថា ដំណើរឃ្លាតចាកទី ឬដំណើរដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ។ ដូច្នេះពាក្យថា សង្ក្រាន្ត និងចូលឆ្នាំថ្មី គឺមានសេចក្តីតែមួយ ប៉ុន្តែការហៅឈ្មោះយ៉ាងណា គឺអាស្រ័យលើប្រទេសទាំងនោះជាអ្នកកំណត់ ហើយទាំងថ្ងៃចូល និងថ្ងៃបញ្ចប់ត្រូវបានរៀបចំឡើងក្នុងថ្ងៃតែមួយ និងប្រព្រឹត្តទៅរយៈពេលបីថ្ងៃដូចគ្នា ។ ការដែលមានកាលបរិច្ឆេទដូចគ្នា និងពិធីការរៀបចំមានលក្ខណៈប្រហាក់ប្រហែលគ្នានេះ ពិបាកក្នុងការវាយតម្លៃ និងរកឯកសារមកធ្វើជាអំណះអំណាងថា ប្រទេសណាចម្លងពីប្រទេសណា ព្រោះប្រទេសនីមួយៗសុទ្ធតែមានវប្បធម៌ជាអត្តសញ្ញាណរបស់ប្រទេសរៀងៗខ្លួន ។
ទាក់ទងទៅនឹងសេចក្តីខាងលើបើយោងតាមឯកសារផ្នែកព្រះពុទ្ធសាសនាបង្ហាញថា លទ្ធិសាសនានេះបានចូលមកដល់ដែនដីជ្រោយសុវណ្ណភូមិភាគអាស៊ីអាគ្នេយ៍ ហើយប្រទេសដែលមាននៅទ្វីបអាស៊ីដូចកម្ពុជា ថៃ ឡាវ ភូមា សិរីលង្កា បានទទួលឥទ្ធិពលនៃលទ្ធិសាសនានេះ ដោយព្រមៗគ្នាពោលគឺមិនមុនមិនក្រោយដូច្នេះ ទើបបានជាពិធីកម្មផ្សេងៗ ពិសេសការរៀបចំចាត់ចែងតាមបែបព្រះពុទ្ធសាសនា គឺសឹងតែមានរបៀបតែមួយ ។
ប្រទេសកម្ពុជាពិធីនេះត្រូវបានប្រារព្ធនៅថ្ងៃទី១៣ មេសា ជារៀងរាល់ឆ្នាំដោយបុព្វបុរសខ្មែរបានកំណត់ឈ្មោះថ្ងៃបុណ្យចូលឆ្នាំថ្មី ។ មុនថ្ងៃចូលឆ្នាំឈានមកដល់ មនុស្សម្នាក្នុងភូមិ បានបោសសម្អាតគេហដ្ឋាន ព្រមទាំងតុបតែងលម្អផ្ទះមានចងផ្កាឈើ និងផ្កាក្រដាសរំលេចពណ៌គួរឱ្យគយគន់ នៅខាងមុខផ្ទះមានធ្វើរានទេវតាតម្កល់គ្រឿងសក្ការបូជាផ្សេងៗ សម្រាប់ទទួលទេវតាឆ្នាំថ្មី ។ក្នុងឱកាសឆ្នាំថ្មីចូលមកដល់សំឡេងស្នូរស្គរ ជួង សូរស័ព្ទពរជ័យលាន់ឮបន្លឺអឺងកងចេញពីវត្តអារាម រីឯនៅតាមភូមិគេនាំគ្នាអុជទៀន ធូបឆេះព្រោងព្រាតចេញពីរានទេវតា ។ ប្រជាជននាំគ្នាលេងល្បែងប្រជាប្រិយផ្សេង ដូចជាចោលឈូង ទាញព្រ័ត្រ លាក់កន្សែង បោះអង្គញ់ ស្តេចចង់ ដណ្តើមស្លឹកឈើ វាយក្អម រាំវង់កម្សាន្តសប្បាយរីករាយអបអរសាទរនាឱកាសចូលឆ្នាំថ្មី ។ ប៉ុន្តែទោះបីជាពួកគាត់រវល់លេងសប្បាយនឹងល្បែងប្រជាប្រិយទាំងនោះក៏ដោយ ក៏មិនភ្លេចពីរឿងបុណ្យកុសលដែរ ដែលក្នុងពេលនោះមនុស្សប្រុស ស្រី ក្មេង ចាស់ រៀបចំចង្ហាន់ដ៏ប្រណីតយកទៅប្រគេនព្រះសង្ឃបង្សុកូលឧទ្ទេសមគ្គផលដល់បុព្វការីជនដែលបានស្លាប់ឱ្យរួចចាកទុក្ខទាំងពួង ទាំងខ្លួនយើងក៏សូមឱ្យបានសុខចម្រើនចាប់តាំងពីឱកាសឆ្នាំថ្មីនេះ ។
ល្បែងប្រជាប្រិយខាងលើនោះកាលពីដើមប្រជាជននិយមចូលចិត្តណាស់ឱ្យតែថ្ងៃបុណ្យចូលឆ្នាំឈានមកដល់ទាំងស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសតែងបានឈប់សម្រាកពីការងាររហូតចប់ពិធីបុណ្យដើម្បីជួបជុំក្រុមគ្រួសារសាច់ញាតិអបអរសាទរបុណ្យប្រពៃណីជាតិប្រកបដោយទឹកមុខញញឹមរាក់ទាក់រកគ្នា ។ ក្នុងវត្តអារាមឃើញមនុស្សម្នាច្រើនកុះករមូលមីដេរដាសស្លៀកពាក់ស្អាតៗក្នុងដៃមានចង្ហាន់ ទៀន ធូប ផ្កាភ្ញី ជាដើមយកទៅប្រគេនព្រះសង្ឃ រួចនាំគ្នាដងទឹកសម្រាប់ព្រះសង្ឃស្រង់ និងស្រង់ព្រះពុទ្ធរូបដុសលាងឱ្យស្អាតធូលី ។ បន្ទាប់មកជញ្ជូនដីពូនភ្នំខ្សាច់ដើម្បីបញ្ចៀសរាល់ឧបទ្រពចង្រៃឱ្យអស់ពីឹឆ្នាំចាស់ និងទទួលសិរីសួស្តីជ័យជម្នះក្នុងឆ្នាំថ្មី ។ តាមពុទ្ធដីកាថា ពិធីដងទឹកប្រគេនព្រះសង្ឃស្រង់ និងពូនភ្នំខ្សាច់មានអានិសង្សច្រើនណាស់ មានគតិផុតចាកទុក្ខទាំងពួង ពេលអស់អាយុជីវិតពីជាតិនេះ បានទៅកើត(បដិសន្ធិ)ក្នុងទេវភព សោយសម្បត្តិទិព្វ និងសេចក្តីសុខជាអនេក តែបើចាប់កំណើតនៅឋានមនុស្សលោក ក៏ស្ថិតក្នុងត្រកូលខ្ពង់ខ្ពស់មានរាជត្រកូលជាដើម ។ ក្រោយការប្រតិបត្តិបុណ្យកុសលរួច ទើបនាំគ្នាចាប់ផ្តើមលេងល្បែងប្រជាប្រិយផ្សេងៗតាមការចូលចិត្តដែលគេហៅថាបុណ្យនក្ខត្តឫក្សចូលឆ្នាំថ្មី ។
បច្ចុប្បន្ន ក៏មិនខុសពីសម័យដើមប៉ុន្មានដែរ ឃើញនៅតាមស្រុកភូមិប្រជាពលរដ្ឋនាំគ្នាលេងល្បែងប្រជាប្រិយរហូតមានការចាក់ផ្សាយតាមកម្មវិធីទូរទស្សន៍ដោយមានសិល្បករ សិល្បការិនីនាំគ្នាលេងយ៉ាងសប្បាយរីករាយ ។ តែទោះជាយ៉ាងណាក្តី មនុស្សសម័យនេះ មានលក្ខណៈទំនើបជាងទាំងល្បែងកម្សាន្តមួយចំនួនក៏ប្លែកហើយជាទីពេញនិយមរបស់យុវជន យុវនារី ប៉ុន្តែល្បែងកម្សាន្តខ្លះក៏ត្រូវក្រសួងពាក់ព័ន្ធហាមឃាត់ ព្រោះប៉ះពាល់ដល់សិទ្ធិ និងសុវត្ថិភាពអ្នកដទៃផងដែរ ។ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំនោះមានបុត្រធីតា ចំពូកខ្លះ មានចិត្តកតញ្ញូកតវេទីចំពោះមាតាបិតា និងចាស់ទុំបាននាំគ្នាផ្ងូតទឹកដុសលាងជម្រះមន្ទិលកាយប្រោះព្រំគន្ធពិដោរលោកអ្នកមានគុណទាំងនោះ រួចជូនសម្លៀកបំពាក់ថ្មីៗ ព្រមដោយម្ហូបអាហារ នំចំណី ប្រាក់កាសជាដើម ឱ្យគាត់អញ្ជើញទៅវត្តធ្វើបុណ្យទាន រក្សាសីល តាមទំនៀមទម្លាប់ ។ កិច្ចការទាំងនេះជាតួនាទីរបស់យើងជាបុត្រធីតា គួរធ្វើ គួរប្រតិបត្តិដើម្បីជាគំរូដល់បច្ឆាជន (មនុស្សជំនាន់ក្រោយ) ដែលលោកឱ្យឈ្មោះថាជាធម៌ត ។ មានន័យថា ដល់ពេលយើងមានវ័យចាស់ទៅបុត្រធីតាឃើញទង្វើល្អរបស់យើងពួកគេនឹងធ្វើតាមតពីមួយជំនាន់ទៅមួយជំនាន់ និងដើម្បីជាកិច្ចសូមខមាទោសនូវអំពើខុសឆ្គងអ្វីមួយដែលបានធ្វើទៅលើលោកដ៏មានគុណដោយចេតនាក្តី អចេតនាក្តី ឬដោយកាយវាចាចិត្តក្តី ក៏សូមឱ្យអហោសិកម្មចាប់ពីពេលនេះទៅ ។ ប៉ុន្តែក៏មានមនុស្សចំពូកខ្លះប្រព្រឹត្តមិនគប្បីយកឱកាសបុណ្យចូលឆ្នាំថ្មីប្រព្រៃណីជាតិដ៏ល្អផូរផង់ទៅផ្ចង់ក្នុងគំនិតទុទិដ្ឋិទៅវិញ ពោលគឺប្រព្រឹត្តល្បែងពាលាបៀ អាប៉ោង និងល្បែងភ្នាល់ផ្សេងៗទៀត ដែលប្រទេសបានហាមឃាត់ ព្រោះជាល្បែងនាំឱ្យប៉ះពាល់ដល់សង្គមគ្រួសារ និងបង្កអសន្តិសុខដល់សង្គមជាតិផងដែរ។
រឿងសប្បាយលោកមិនហាមឃាត់ទេ ត្រូវសប្បាយអីុចឹងហើយ តែសូមកុំភ្លេចច្រើនពេកត្រូវនាំគ្នាសប្បាយនឹងបុណ្យទានតាមទំនៀមទម្លាប់ឪពុកម្តាយ ជីដូនជីតា របស់យើងខ្លះផង។ នៅថ្ងៃចូលឆ្នាំដំបូងយើងត្រូវតាំងកន្លែងសមរម្យរៀបចំទៀនធូប ផ្កាភ្ញី ផ្តិលទឹកជាដើម ចាំទទួលទេវតាដែលចុះមករក្សាមនុស្សក្នុងទ្វីបនេះ នាំគ្នាបំពេញកុសលឱ្យសមជាប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនា ។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំនេះ គួរមនុស្សគ្រប់រូបពិចារណានូវកាលបរិច្ឆេទនៃអាយុជីវិតរបស់ខ្លួនឱ្យយល់ច្បាស់ក្នុងគំនិតថា ឆ្នាំមួយបានកន្លងផុតទៅហើយប្រវែងនៃអាយុកាលរបស់មនុស្សត្រូវពេលវេលាទំពារស៊ីកាន់តែខើចខ្លីទៅ ហើយជីវិតរបស់យើងធ្វើដំណើរទៅកាន់តែជិតដល់ទីមរណៈ ឯរូបកាយរបស់យើងកាន់តែជិតបែកធ្លាយហើយដែរ ។ កាលបើគ្រប់គ្នាបានពិចារណាដូច្នេះ លោភៈ ទោសៈ មោហៈ ក៏ទ្រុឌទ្រោមចុះទៅ ខណៈនោះចិត្តបរិសុទ្ធក៏កើតមានឡើងហើយខំបំពេញអំពើល្អសព្វយ៉ាងដើម្បីទទួលបានសិរីសួស្តីបន្ថែម ។ ចំណែកទេវតាមានតួនាទីជាអ្នកថែរក្សាមនុស្សក្នុងឆ្នាំថ្មីរយៈពេលមួយឆ្នាំនេះ ក៏បានទទួលស្គាល់ថាជាមនុស្សបរិបូរដោយភាពសុចរិតតាមជួយបីបាច់ថែក្សា និងជំរុញឱ្យកើតមានយសស័ក្តិ ភោគទ្រព្យកាន់តែប្រសើរឡើង ។ សេចក្តីនេះស្របតាមពុទ្ធវចនទ្រង់សម្តែងថា «សិរី ភោគា នមាសយោ» ប្រែថា សិរីសួស្តីជាលំនៅនៃភោគទាំងឡាយ ។
ជំនឿលើពិធីបុណ្យចូលឆ្នាំថ្មី
ជំនឿទេវតាឆ្នាំថ្មី ក្នុងមហាសង្ក្រាន្តសូត្រនិទានថា កាលខាងដើមនៃភទ្រកប្បនេះមានបុរសម្នាក់ឈ្មោះធម្មបាលជាអ្នកប្រាជ្ញាចេះចប់ត្រៃវេទ ព្រមទាំងចេះភាសាសត្វផង ។ ដំណឹងនេះឮផ្សាយដល់កបិលមហាព្រហ្ម ក៏មកសួរប្រស្នា ៣ខ ដោយកិច្ចសន្យាថា បើធម្មបាលឆ្លើយប្រស្នានេះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលខ្លួនបូជាធម្មបាល តែបើធម្មបាលដោះស្រាយមិនរួចទេ ត្រូវកាត់ក្បាលបូជាកបិលមហាព្រហ្ម ។ ក្រោយពីចោទសួរ ធម្មបាលបានសុំរយៈពេល៧ថ្ងៃដើម្បីរិះរកវិធីសាស្ត្រដោះស្រាយប្រស្នានោះ ។ ប៉ុន្តែ៦ថ្ងៃកន្លងផុតទៅហើយនៅតែគិតមិនឃើញសោះក៏ភាសខ្លួនទៅពួនក្រោមដើមត្នោតមួយគូដែលជាលំនៅនៃសត្វឥន្ទ្រី ។ ជាភព្វសំណាងយប់នោះ សត្វឥន្ទ្រីញីឈ្មោលនិយាយគ្នាថា ថ្ងៃស្អែកយើងនឹងបានឆីសាច់ធម្មបាល ដែលត្រូវកបិលមហាព្រហ្មសម្លាប់ព្រោះមិនអាចឆ្លើយប្រស្នារួច ដែលសំណួរសួរថា ពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាចសិរីនៅត្រង់ណា? គប្បីឆ្លើយថា ពេលព្រឹកនៅមុខ ពេលថ្ងៃត្រង់ទ្រូង និងពេលល្ងាចនៅជើង ។ ហេតុនេះមនុស្សគ្រប់រូបត្រូវយកទឹកទៅលប់លាងត្រង់ចំណុចនីមួយៗនោះនឹងបានសិរីសួស្តីមង្គលគ្រប់ប្រការ ។
ពាក្យពេចន៍ទាំងប៉ុន្មានរបស់សត្វឥន្ទ្រីក៏បានជាពន្លឺដល់ធម្មបាលដោះស្រាយប្រស្នា កបិលមហាព្រហ្មរួចផុតពីមរណៈ ហើយកបិលមហាព្រហ្មសុខចិត្តចុះចាញ់ និងព្រមកាត់ក្បាលបូជាធម្មបាល ប៉ុន្តែមុននឹងកាត់ក្បាល កបិលមហាព្រហ្មបានហៅទេពធីតាទាំង៧អង្គដែលជាបុត្រីឱ្យយកពានមកទ្រក្បាលដោយពាក្យផ្តាំផ្ញើថាបណ្តាបុត្រីទាំង៧អង្គអំណឹះពីបិតាទៅត្រូវអ្នករាល់អង្គចុះទៅរក្សាមនុស្សលោកតាមវេនជារៀងរាល់ឆ្នាំ រួចហើយក៏កាត់ក្បាលឱ្យនាងទុង្សាទេវីជាកូនចម្បងដង្ហែយកទៅប្រទក្សិណភ្នំព្រះសុមេរុរយៈពេល៦០នាទី ទើបអញ្ជើញក្បាលនោះទៅតម្កល់ទុកក្នុងមណ្ឌលភ្នំកៃលាស់ ។ លុះដល់គម្រប់១ឆ្នាំសង្ក្រាន្តកន្លងផុតទៅនាងធីតាទាំង៧អង្គផ្លាស់វេនគ្នាមកដង្ហែក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុ រួចចុះមករក្សាមនុស្សលោកតាមពាក្យផ្តាំផ្ញើរបស់បិតាមិនដែលខានឡើយ ។
ទេព្វធីតាទាំង៧អង្គនោះគឺ
១-បើសង្ក្រាន្តចំថ្ងៃអាទិត្យត្រូវវេននាងធីតានាមទុង្សាទេវី
២-បើសង្ក្រាន្តចំថ្ងៃចន្ទត្រូវវេននាងធីតានាមគោរាគទេវី
៣-បើសង្ក្រាន្តចំថ្ងៃអង្គារត្រូវវេននាងធីតានាមរាគ្យសាទេវី
៤-បើសង្ក្រាន្តចំថ្ងៃពុធត្រូវវេននាងធីតានាមមន្ទាទេវី
៥-បើសង្ក្រាន្តចំថ្ងៃព្រហស្បត៍ត្រូវវេននាងធីតានាមកិរិណីទេវី
៦-បើសង្ក្រាន្តចំថ្ងៃសុក្រត្រូវវេននាងធីតានាមកិមិរាទេវី
៧-បើសង្ក្រាន្តចំថ្ងៃសៅរ៍ត្រូវវេននាងធីតានាមមហាទរាទេវី
ដោយមានដំណើររឿងខាងលើ ទើបខ្មែរយើងមានជំនឿហើយបានរៀបចំគ្រឿងសក្ការបូជាចំពោះទេវតាដែលត្រូវវេនដង្ហែក្បាលកបិលមហាព្រហ្ម និងត្រូវអភិបាលពិភពលោកជារៀងរាល់ឆ្នាំពុំដែលខានឡើយ ។សេចក្តីដូចបានរៀបរាប់មកខាងលើថ្វីបើលើកយករឿងរា៉វមកបញ្ជាក់ផងក្តី ពុំទាន់បានលម្អិតដោយពិស្តារគ្រប់គ្រាន់នៅឡើយទេ តែទោះជាយ៉ាងណាសេចក្តីទាំងនោះអាចឱ្យអ្នកបានស្វែងយល់ខ្លះពីទ្រឹស្តីនៃពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីជាមគ្គុទ្ទេសក៍សម្រាប់ការយល់ស៊ីជម្រៅពិស្តារដោយការស្រាវជ្រាវបន្ត ។ យើងគប្បីយល់ថាបុណ្យចូលឆ្នាំជាពិធីដ៏ពិសិដ្ឋមួយសម្រាប់ប្រជាជាតិខ្មែរសប្បាយដោយល្បែងប្រជាប្រិយប្រពៃណីជាតិដ៏អស្ចារ្យយ៉ាងណាក្តី តែទឹកចិត្តពលរដ្ឋជាអ្នកកាន់ព្រះពុទ្ធសាសនានៅតែមិនភ្លេចទេពីរឿងបុណ្យកុសល សម្រាប់សេចក្តីសុខខ្លួនឯងផង និងសង្គ្រោះដល់បុព្វការីជនផង ។ មានន័យថា ទោះជាបុណ្យប្រភេទណាក៏នៅតែបញ្ចូលពុទ្ធសាសនាក្នុងនោះដែរ ៕
ចែករំលែកព័តមាននេះ