រាជធានីភ្នំពេញ ៖ ម៉ូតូចំនួន៣គ្រឿងរួមមានម៉ាកឃ្លីក គុបជ្រុងសេ៧០ និង SH ១៥០E បានបុកគ្នានៅកែងផ្លូវលេខ៣៦០ និងផ្លូវលេខ១១៣ ទល់មុខសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន កាលពីវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី០៦ មេសា ។
ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ូតូគុបជ្រុងសេ៧០ ពណ៌ទឹកសមុទ្រ ជិះគ្នា២នាក់ ធ្វើដំណើរតាមផ្លូវលេខ៣៦០ ពីលិចទៅកើត ចំណែកម៉ូតូហុងដា SH ១៥០E ពណ៌ខ្មៅ ជិះម្នាក់ឯងតាមផ្លូវលេខ៣៦០ពីកើតទៅលិចក្នុងទិសដៅបញ្រ្ចាសគ្នា ។ ស្របពេលនោះ មានម៉ូតូឃ្លីក ពណ៌ខ្មៅមួយគ្រឿង ជិះម្នាក់ឯងដែរតាមផ្លូវលេខ១១៣ ពីត្បូងទៅជើង បើកឆ្លងកាត់ផ្លូវលេខ៣៦០ ក៏បណ្ដាលឱ្យម៉ូតូទាំងបីគ្រឿងបុកគ្នាលាន់ដូចរន្ទះ រងរបួសធ្ងន់២នាក់ និងស្រាល២នាក់ ហើយម៉ូតូទាំងបីគ្រឿងខូចខាត យ៉ាងដំណំដូចគ្នា ។
ប្រភពដដែលបន្ដថា ជនរងគ្រោះដែលជិះម៉ូតូហុងដាSH ១៥០E រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកជនរងគ្រោះជិះម៉ូតូឃ្លីក ដែលរងរបួសធ្ងន់ដែរ និងអ្នករបួសស្រាល២នាក់ទៀត បញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនមួយ ។
ក្រោយពេលកើតហេតុ ម៉ូតូទាំងបីគ្រឿងត្រូវបានសមត្ថកិច្ចដែលចុះទៅធ្វើការវាស់វែងនាំយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការដោះស្រាយបន្ដទៀត ៕
ចែករំលែកព័តមាននេះ