ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជុំ​កំពូល​អាស៊ាន​ របៀប​វារៈ​ភ្នំពេញ ៧ចំណុច​ក្នុងគោល​ដៅ​កសាង​សហ​គមន៍​អាស៊ាន​ ២០១៥

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅ​ឆ្នាំ​​​២០០២​​ ​កម្ពុជា​​​​ បាន​ធ្វើ​​​ជាម្ចាស់​ផ្ទះ​​​ និង​បាន​​​ដឹកនាំ​​​កិច្ចប្រជុំ​កំពូល​​​​អាស៊ាន​​​លើកទី​​​៨​​​ ប្រកប​ដោយ​​​ជោគជ័យ​​ ។ ​ក្នុង​​​​ឆ្នាំ​​​២០១២​នេះ​​​កម្ពុជា​​​ពិតជា​មាន​​កិត្តិយស​​​​និង​មាន​​មោទនភាព​​ក្រៃលែង​ ដោយ​​បាន​ទទួល​​​​ធ្វើ​​ជា​​​ប្រធាន​​អាស៊ាន​​​​​ប្រកប​ដោយ​​​​​ភាព​​ម្ចាស់​​ការ​​ និង​ការ​​​​ទទួល​ខុសត្រូវ​​ជាថ្មី​ម្តងទៀត​​ ​ដើម្បី​​រួម​​វិភាគ​ទាន​​​​សំដៅ​​​ឆ្ពោះ​ទៅ​សម្រេច​​​​ឱ្យ​បាន​​​គោល​ដៅ​​​រួម​ដូចមាន​​​​ចែង​​នៅក្នុង​​ធម្មនុញ្ញ​​​អាស៊ាន​ ពោលគឺ​​ការ​បង្កើត​ «​សហគមន៍​​​អាស៊ាន​នៅឆ្នាំ​២០១៥»។

​​សម្តេច​​អគ្គ​​​​មហា​​​សេនា​បតីតេជោ​​​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​​នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​​​បើកកិច្ច​​ប្រជុំ​​កំពូល​​អាស៊ាន​​​លើកទី​​២០ និង​ការ​​​​អបអរសាទរ​ខួប​អនុស្សាវ​រីយ៍​​​​​លើកទី​​៤៤​ នៃការ​​​បង្កើត​សមាគម​​​ប្រជាជាតិ​អាស៊ី​​​​អាគ្នេយ៍​​ (អាស៊ាន) នាព្រឹក​​​ថ្ងៃទី​​៣ ខែ​មេសា​ ​​ឆ្នាំ​២០១២​ នៅ​​អគារ​​វិ​មាន​សន្តិភាព​ ក្នុង​​​​ស្មារតី​​ចូលរួម​​​​វិភាគ​​ទាន​​​ជា​វិជ្ជមាន​​បន្ថែម​ទៀត​​ ដល់​​​ការខិតខំ​​ដើម្បី​​កសាង​​​សហគមន៍​អាស៊ាន​ ​នៅ​​ឆ្នាំ​២០១៥ ។​

​សម្តេច​អគ្គ​មហា​​សេនាបតី​​តេជោ​​នាយក​រដ្ឋ​មន្ត្រី​​​ ​​ស្នើ​សម្រាប់​​ការ​ពិចារណា​​​របស់​​ថ្នាក់​​ដឹក​​នាំ​​​អាស៊ាន​​​​ទាំងអស់​នូវ​របៀប​វារៈ​ភ្នំពេញ​ ​ដែល​ជា​​​អាទិភាព​​​សម្រាប់​​ឆ្នាំ​២០១២​​​ដូចខាង​ក្រោម​ ៖

ទី១-​​នៅ​ក្នុង​​​​បរិការណ៍​​​ដែលភាព​​​មិន​​​ប្រាកដ​​​​ប្រជា​​នៃ​វិបត្តិ​​សេដ្ឋកិច្ច​​​ និង​​​​ហិរញ្ញ​​​វត្ថុ​​​កំពុង​​​​តែ​បន្ត​​គ្រប​ដណ្តប់​​​​​លើសាកលលោក​​យើង​នៅ​​​ឡើយ​  ​អាស៊ាន​​​ត្រូវ​តែ​ផ្តោត​​​​ការ​យក​ចិត្ត​ទុក​ដាក់​​​​ ជា​ពិសេស​​​​​​ទៅ​លើ​ការពង្រឹង​​​យន្ត​ការ​​​សម្រាប់​​​ការ​ធានា​​​​ស្ថិរភាព​​​ ហិរញ្ញ​វត្ថុ​ ​ក្នុង​តំបន់​ និង​​សម្រាប់​​​ទប់​ទល់​​​​ និង​ដោះ​ស្រាយ​​ពេល​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ​​ ឬ​វិបត្តិ​​សេដ្ឋ​កិច្ច​​​កើត​ឡើង​​​នៅ​​​ក្នុង​ពិភព​លោក​​ ឬ​ក្នុង​​តំបន់​​នាពេល​​ខាង​មុខ​​ទៀត ។  ក្នុង​​​ក្រប​ខណ្ឌ​​​​នេះ​ យន្តការ​​​ពហុភាគី​​​នីយកម្ម គំនិត​​ផ្តួចផ្តើម​ ឈៀង​​ម៉ៃ​ ​គឺជា​​​ឧបករណ៍​​​​គន្លឹះ​​​ដ៏​មាន​​​សារសំខាន់​​បំផុត ។ ​​ដូច្នេះ​​យើង​គួរ​​ជំរុញ​​​​ឱ្យ​រដ្ឋមន្ត្រី​​​ហិរញ្ញ​វត្ថុ​​​​របស់​យើង​​ខិតខំ​​ធ្វើ​ការ​​ជាមួយ​​​គ្នា និង​​ជាមួយ​​​ដៃគូ​​ដែល​មាន​​ការពាក់ព័ន្ធ​​ ដើម្បី​​សម្រេច​​បាន​​នូវ​​កិច្ច​​ព្រម​ព្រៀង​​ ឬ​ការ​​ប្តេជ្ញា​​ចិត្ត​​​​ជាក់​លាក់​​​របស់​​ប្រទេស​​ជា​សមាជិក​ទាំងអស់​ ក្នុង​ការ​​​ពង្រឹង​​ និង​ពង្រីក​យន្ត​ការ​​នេះ​​​​​ពីទំហំ​​​១២០​​ពាន់​​លាន​ដុល្លារ​​ នៅ​ក្នុង​​​​ពេល​បច្ចុប្បន្ន​​​ឱ្យ​​ឡើង​ទ្វេដង​​ទៅជា​​​២៤០​​​​ពាន់​​​លាន​ដុល្លារ​​​ឱ្យ​បាន​​ឆាប់​​រហ័ស ។​

​ទី​២-​​យើង​ត្រូវ​​​​​ជំរុញ​​​​អនុវត្ត​ឱ្យ​ទាន់​​ពេល​វេលា​​​ នូវ​​ផែន​ទី​​​ចង្អុល​​​ផ្លូវ​​សម្រាប់កសាង​សហគមន៍​​អាស៊ាន​​(២០០៩-២០១៥) ​​​ជាពិសេស​​ផែន​ការ​​​​​សកម្មភាព​នៅ​តាម​​​​​សសរស្តម្ភ​​​ទាំង​៣ ​តាម​​រយៈ​​​​ការ​ជំរុញ​​ ការអនុម័ត និង​ការ​​ផ្តល់​​សច្ចាប័ន​​​លើ​​កិច្ច​​ព្រម​ព្រៀង​​​ និង​ពិធីសារ​​នានា​​ដែល​​​​នៅ​​សេស​សល់​​​ឱ្យ​បាន​ឆាប់ ​។  លើស​ពីនេះ​​​ទៀត​​ យើង​​​​ត្រូវ​​​បង្កើន​​ការ​​​យក​ចិត្ត​ទុកដាក់​​ខ្ពស់​​ចំពោះ​​​ការ​កាត់​​បន្ថយ​​​​គម្លាត​​អភិវឌ្ឍន៍​ក្នុង​ចំណោម​​​​បណ្តា​ប្រទេស​​​សមាជិក​អាស៊ាន​ តាម​រយៈ​​​ការ​ត្រួត​ពិនិត្យ​​​ឡើង​​វិញ​​នូវ​ការ​​អនុវត្ត​ផែន​ការ​​​​ការងារ​​​​ទី​២​នៃ​​គំនិត​​​ផ្តួចផ្តើម​​សមាហរណកម្ម​​​អាស៊ាន​​២០០៩-​​២០១៥ ​ដើម្បី​​កំណត់​​បញ្ហា​​​ប្រឈម​​​ និង​ដាក់​​ចេញ​​​​នូវ​​វិធានការ​​​​បន្ថែម​​ដើម្បី​​ពន្លឿន​​​​ការអនុវត្ត​​ការងារ​​ ។ យើង​​គួរ​កំណត់​​ជ្រើស​​​រើស​​​យក​គម្រោង​​​​​មួយចំនួន​ពាក់​ព័ន្ធ​​​ទៅ​នឹង​​ប្រទេស​​ជា​សមាជិក​​​ថ្មីរបស់​​អាស៊ាន​​ ពីក្នុង​ក្រប​ខណ្ឌ​​​​​នៃ​​​ផែន​ការ​ការងារ​​​នេះ ដាក់​ជាគម្រោង​​​​អាទិភាព​​​​​ខ្ពស់​​​របស់​អាស៊ាន សម្រាប់​ជំរុញ​​អនុវត្ត​មុន​គេ​​​​​ឱ្យ​បាន​ចេញជា​លទ្ធផល​​​​ជាក់​ស្តែង​​​​យ៉ាង​​​ឆាប់​រហ័ស។

ទី៣-​យើងគួរ​​ផ្តោត​​ការ​​យកចិត្ត​ទុក​ដាក់​​​​ ជាពិសេស​​​ទៅលើ​​ការ​​កសាង​​សហគមន៍​​​​​​​សេដ្ឋកិច្ច​​​​អាស៊ាន​​ឱ្យ​បាន​សម្រេច​​​នៅឆ្នាំ​​​​២០១៥​ ​​សំដៅ​​​​ប្រែក្លាយ​​​អាស៊ាន​​ឱ្យ​​ទៅជា​ទីផ្សារ​មួយ​ដែល​មាន​​​​លក្ខណៈ​​​​ជាមូល​ដ្ឋាន​​ផលិត​​កម្ម​​​​តែមួយ ​ហើយ​មាន​​​​​លំហូ​​​​រ​​ដោយ​សេរី​នៃ​ទំនិញ​​ សេវា​​ ការ​​វិនិ​យោគ​​​​ និង​​ពលករ​ជំនាញ​ ។ ដូច្នេះ​​​យើងត្រូវ​​​​ដាក់​ចេញ​​នូវ​​សកម្ម​ភាព​អាទិភាព​​ និងវិធានការ​​​​ជាក់​​ស្តែង​ជា​គន្លឹះ​​នានា ដើម្បី​​​​ដោះ​ស្រាយ​បញ្ហា​​​ប្រឈម​​​ និង​បំពេញ​​​ភាព​​ខ្វះ​ចន្លោះ​​​ទាំង​​​​ឡាយ​​​ដែល​ជា​​​ឧបសគ្គ​​នៃការ​​ឈានទៅ​​​បង្កើត​​សហ​គមន៍​​​​សេដ្ឋកិច្ច​​​​អាស៊ាន​​ តាម​​ការ​គ្រោងទុក​​ ។ ​ដើម្បី​​គោល​ដៅ​​នេះ​​យើងគួរ​​លើក​ទឹក​ចិត្ត​​​ឱ្យ​​រដ្ឋ​មន្ត្រី​​​អាស៊ាន​ សហការ​ជិត​ស្និទ្ធ​​​ជាមួយ​​នឹង​វិទ្យា​​​ស្ថាន​​ស្រាវ​ជ្រាវ​​សេដ្ឋ​កិច្ច​​​សម្រាប់​អាស៊ាន​​ និង​​អាស៊ីបូព៌ា​ សិក្សា​​ស្រាវ​ជ្រាវ​​ឱ្យគ្រប់​​ជ្រុង​ជ្រោយ​​​​​​ដើម្បី​​​​​បង្កើត​ជា​ធាតុ​ចូល​​ សម្រាប់​​​ការ​​ដាក់​​​​ចេញ​​នូវ​វិធានការ​​​​​ចាំបាច់​​នានា​ដើម្បី​​​​​បំពេញ​​​ភាព​​ខ្វះ​ចន្លោះ​​​ក្នុង​ការ​​​​អនុវត្ត​​ រួមទាំង​​​ការ​ពង្រឹង​​​សមត្ថ​ភាព​​ ​និង​​​ការ​​សម្រប​​សម្រួល​​​​​ស្ថាប័ន​​​ដែល​អាចជា​ឧបសគ្គ​​​​ក្នុង​ការ​​​បង្កើត​​សហគមន៍​​​សេដ្ឋកិច្ច​នៅ​​​​ត្រឹម​​​​ឆ្នាំ​​២០១៥​ ​ខាងមុខ​​​នេះ ។​

ទី​៤-​​ការ​​តភ្ជាប់​​អាស៊ាន​​ទាំងផ្នែក​​​​ហេដ្ឋា​​​​រចនា​​​​សម្ព័ន្ធ​​​​រូបវ័ន្ត​ និង​ផ្នែក​​ស្ថាប័ន​​ គឺជាកត្តា​​​​គន្លឹះ​​ ដើម្បី​​កាត់​បន្ថយ​​​គម្លាត​​អភិវឌ្ឍន៍​​និង​ធានា​​ដោយ​​​ជោគជ័យ​​​នៃការ​​ធ្វើ​សមាហរណកម្ម​​​អាស៊ាន ។  ដើម្បី​​គោល​ដៅ​នេះ ​យើង​​បាន​​ដាក់​ចេញនូវ​​​«ផែន​ការ​​​​​​មេស្តី​ពីការ​​​តភ្ជាប់​​អាស៊ាន»។ ​​ដូច្នេះ​​យើងត្រូវ​​​ជំរុញ​ការ​អនុវត្ត​​ផែន​ការ​​​មេនោះ​​ឱ្យ​បាន​ឆាប់​រហ័ស​​ ។ ក្នុង​ន័យ​​នេះ​​អាទិភាព​​គួរត្រូវ​​បាន​​ផ្តោត​​​​​​ទៅ​លើ​​​យន្ត​ការ​​​ផ្តល់​​​ហិរញ្ញ​​ប្បទាន​​ដែល​​​ក្នុង​​នោះ​​​រួម​មាន​​​ ៖

-ការ​​​ទាក់ទាញ​​​ដៃគូ​​ធំៗនានា​របស់​​អាស៊ាន​​ឱ្យ​​សម្រប​សម្រួល​​គ្នា​បង្កើតជា​​យន្ត​ការ​​​ផ្លូវការ​​សម្រាប់​​គោល​ដៅ​នេះ ។​

-​​ការជំរុញ​​​ពង្រីក​មូល​​និធិ​​ហេដ្ឋា​​រចនា​​​​សម្ព័ន្ធ​​​អាស៊ាន​​​ដែល​​​ទើប​​ត្រូវ​​បាន​​បង្កើត​ឡើង​​ដោយ​មាន​​​​ជំនួយ​​ឧបត្ថម្ភ​​​ពី​ ADB ​តាម​​​រយៈ​​ការ​ទាក់​ទាញ​ឱ្យ​មាន​​​ការ​ចូល​​​រួម​​​ពី​​​ដៃគូ​​ធំៗ​ របស់​អាស៊ាន​​ ពិសេស​​គឺ​ដៃគូ​​បូកបី​ ។

លើសពីនេះ​ទៀត​​យើង​​ត្រូវ​​​តែរក​មធ្យោបាយ​​​ប្រកបដោយ​​ប្រសិទ្ធ​ភាព​​ ដើម្បី​​លើក​​ទឹកចិត្ត​​​​ដល់​​​ការចូល​​​រួម​​​​ពី​វិស័យ​​​​ឯក​ជន​ នៅ​​ក្នុង​ការ​​អនុវត្ត​​ផែន​ការ​​មេនេះ​​ផង​ដែរ ។

​​ទី​៥-​លំហូ​រដោយ​​​​​សេរីនៃ​ពលករ​ជំនាញ​​ គឺជា​​​​លក្ខណសម្បត្តិ​​​ចម្បង​​មួយ​​នៃ​សហគមន៍​​​សេដ្ឋ​កិច្ច​​អាស៊ាន ។  ​ទោះបី​ជា​​​គោលដៅ​​​​​នេះ​នៅមិន​​​​​ទាន់​​​សម្រេច​​​បាន​​ទាំងស្រុង​​​នៅឡើយ​​ក្តី​​ក៏ជាក់​​ស្តែង​​​ការ​ផ្លាស់​ផ្តូរ​​​ពលកម្ម​​ទៅវិញ​ទៅមក​​នៅក្នុង​​​ចំណោម​​​​ប្រទេស​​​​អាស៊ាន​ បាន​​​​និងកំពុង​​តែ​​ប្រព្រឹត​្តទៅយ៉ាង​​​សកម្ម​រួចទៅ​​ហើយ ។  ប្រការ​​​នេះ​​បានគូសរំលេច​អំពី​ភាព​ចាំបាច់​​​​​ក្នុង​ការ​​​ពង្រឹង​​​​កិច្ច​​សហការ​ក្នុង​​ចំណោម​​​​ប្រទេស​អាស៊ាន​​ ដើម្បី​​ការពារ​​​សិទ្ធិ​របស់​​ពលករ​​ទេសន្ត​​ប្រវេសន៍​ ។ អាស៊ាន​​​​បាន​​ចាប់​ផ្តើម​​​ធ្វើ​​ការ​​ងារ​​នេះ​​​​ខ្លះ​​ហើយ​​ ​ក៏​ប៉ុន្តែ​​​នៅ​មិន​​ទាន់​​សម្រេច​​បាន​នូវ​​កិច្ច​ព្រម​ព្រៀង​​​ជាក់​លាក់​​ណាមួយ​សម្រាប់​​អនុវត្តនៅឡើយ ។  ដូច្នេះ​​​យើង​គួរ​​តែ​ចាត់​បញ្ចូល​​​​កិច្ច​​ការ​នេះ​​នៅ​ក្នុង​​របៀប​វារៈ​​​ជាអាទិភាព​របស់​​​យើង​​ ដើម្បី​​​​ជំរុញ​​​​​ឱ្យ​សម្រេច​បាន​​​នូវ​លិខិត​​​ឧបករណ៍​ជាក់​​ស្តែង​​​មួយ​ចំនួន​នៅ​ក្នុង​​ឆ្នាំ​​​​២០១២នេះ​ សម្រាប់​​​​ដាក់​​ចាប់​ផ្តើម​អនុវត្ត​ ។

ទី​៦-​ការ​គ្រប់​គ្រ​ង​​​មហន្ត​រាយ​បាន​ក្លាយ​ជា​​បញ្ហា​​​បច្ចុប្បន្ន​ភាព​ដ៏​មាន​​សារ​​សំ​ខាន់​​​ទាំង​​នៅ​ក្នុង​​​​តំបន់​​​ និង​ពិ​ភព​លោក​​ ។ ចំណុច​នេះ​​ត្រូវ​បាន​​​គូស​​​​​រំលេច​ដោយ​​ឧទាហរណ៍​ជាក់​ស្តែង​​​​គ្រោះ​​ទឹក​ជំ​នន់​​​នៅ​ក្នុង​ប្រទេស​​អាសា៊ន​​មួយ​ចំនួន​ កាល​ពី​​ចុង​ឆ្នាំ​​​កន្លង​​ទៅ ។ ​ក្នុង​គោល​​​ដៅ​ពង្រឹង​ការ​​​​គ្រប់​គ្រង​​​គ្រោះ​មហន្ត​រាយ​​​ អាស៊ាន​​បាន​ដាក់​​ចេញ​នូវ​​យន្ត​ការ​​​ស្ថា​ប័ន​ចាំ​បាច់​​​មួយ​ចំនួន​​ រួម​ទាំង​​​​ការ​បង្កើត​​​មជ្ឈ​​មណ្ឌល​សម្រប​សម្រួល​​មនុស្ស​ធម៌​​ក្នុង​ការ​គ្រប់​គ្រង​​គ្រោះ​មហន្ត​រាយ​​កាល​ពី​ឆ្នាំ​​ទៅ​ផង​ដែរ​។ ​ក៏​ប៉ុន្តែ​​យន្ត​ការ​នេះ​នៅមិនទាន់​​ដំ​ណើរ​ការ​​​បាន​ពេញ​​លេញ​នៅឡើយ​ទេ ។ ​​ដូច្នេះ​យើង​គួរ​ចាត់​​ទុកកិច្ច​​​ការ​​នេះ​​​ជា​​អា​ទិ​ភាព​បន្ទាន់​មួយ​​ចំពោះ​មុខ​​​ដើម្បី​​ជំ​រុញ​យ​ន្ត​ការ​​​នៃការ​​គ្រប់​គ្រង​​​​គ្រោះ​មហន្ត​រាយ​​នៅ​​ក្នុង​​​តំបន់​​អាច​ចាប់​ផ្តើម​​ដំណើរ​ការ​​​បាន​​ប្រកប​ដោយ​​​ប្រសិទ្ធ​​ភាព​ ។

ទី​៧-​ការ​ប្រែ​ប្រួល​​​អា​កាស​​ធាតុ​​ និង​គ្រោះ​​ធម្ម​ជាតិ​ដែល​​​​កើត​​មាន​ឡើង​​​​កាន់​តែ​ញឹក​ញាប់​​​បាន​ធ្វើ​​ឱ្យ​សន្តិ​សុខ​​​​ស្បៀង​​ក្លាយ​ទៅ​ជា​​​បញ្ហា​​ចម្បង​មួយ​​​សម្រាប​់អា​ស៊ាន​ និង​​ពិ​ភព​​លោក​ ។​ យោ​ង​​លើ​សក្តា​នុពល​ខាង​វិ​ស័យ​​កសិកម្ម​នៅ​ក្នុង​​តំបន់​​ អាស៊ាន​​មិន​ត្រឹម​តែ​​មាន​​លទ្ធ​ភាព​​គ្រប់​គ្រាន់​​ក្នុង​ការ​​​​ធានា​នូវ​​​សន្តិ​សុខ​​ស្បៀង​​​សម្រាប់​​​តំបន់​​ខ្លួន​​​ឯង​ប៉ុណ្ណោះ​ទេ តែ​​ថែម​​ទាំង​​អា​ច​ចូល​រួម​​​វិភាគ​ទាន​​ដល់​ការ​​​ធានា​​​​សន្តិ​​សុខ​​​ស្បៀង​​​សម្រាប់​​​​ពិ​ភពលោក​​ថែម​ទៀត​​ផង​ ។ ដើម្បី​​សម្រេច​​បាន​​នូវ​សក្តា​នុពល​​នេះ​ យើង​​ពិត​​ជា​មាន​​សេច​ក្តី​ត្រូវ​ការ​​ចាំ​បាច់​​ក្នុង​ការ​​លើក​ស្ទួយ​​​​​ថែម​ទៀត​នូវ​កិច្ច​សហប្រតិ​​បត្តិ​ការ​​​​ក្នុង​វិស័យ​​កសិកម្ម ។ តាម​រយៈ​ការ​ដោះ​ស្រាយ​​​ជា​កញ្ចប់​នូវ​បញ្ហា​​​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ​​ បច្ចេក​ទេស ​ឥណ​ទាន ​ទី​ផ្សារ​ និង​​ការ​កែ​​ច្នៃ​​ផលិត​ផល​​សម្រាប់​​​ការ​ផ្គត់​ផ្គង់​​​ក្នុង​តំបន់​​ និង​ការ​នាំ​​ចេញ​​ផលិត​ផល ។​ ដោយ​ឡែក​នៅ​ក្នុង​​​​​​អាស៊ាន​មាន​ប្រទេ​ស​មួយ​​ចំនួន​​​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ និង​​មាន​ប្រទេស​មួយ​ចំនួន​​ទៀត​ជា​ប្រទេស​នាំ​​ចូល​អង្ករ​ ។ ​ប្រ​ការ​នេះ​​អាចបើក​​ឡើង​​​នូវ​កាលានុវ​ត្ត​ភាព​មួយ​ដ៏​​សំខាន់​​ពាក់​ព័ន្ធ​​ នឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​​ក្នុង​វិស័យ​​​ពាណិជ្ជ​កម្ម​​អង្ករ ដើម្បី​​ធានា​សន្តិ​សុខ​​​ស្បៀង​នៅ​ក្នុង​​តំ​បន់​​តាម​រយៈ​​ការ​រៀប​ចំ​​បង្កើត​​ឡើង​នូ​វ​​កិច្ច​ព្រម​ព្រៀង​​​​រួម​​​នៅ​ក្នុង​​តំបន់​​​រប​ស់​យើង​ ។

ខ្ញុំ​យល់​ថា ថ្នាក់​ដឹក​នាំ​​​​អាស៊ាន​​​គួរ​តែ​​​លើក​ទឹក​ចិត្ត​​ឱ្យ​រដ្ឋ​មន្ត្រី​​ និង​ឧត្តម​​មន្ត្រី​ដែល​មាន​​ការ​ពាក់​ព័ន្ធ​​​ ពិ​សេសគឺ​រដ្ឋ​មន្ត្រី​​សេដ្ឋ​កិច្ច​ និង​រដ្ឋ​មន្រ្តី​​កសិកម្ម​​​របស់​យើង​​​ធ្វើ​ការ​​សិក្សា​​ និង​លើក​​សំណើ​​​សហ​ប្រតិ​បត្តិ​ការ​​ជាក់​ស្តែង​​​អំពី​កិច្ច​​ការ​នេះ ។

សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន​ នាយ​ក​រដ្ឋ​មន្ត្រី​​​​​​បាន​សង្កត់​​ធ្ងន់​ថា ​ដើម្បី​​ឈាន​ទៅ​​សម្រេច​​បាន​នូវ​​​សហគមន៍​អាស៊ាននៅ​ឆ្នាំ​២០១៥​ ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​​កម្រិត​​​រដ្ឋា​ភិ​បាល​​តែ​ម្យ៉ាង​​​ពិត​ជា​មិន​គ្រប់​គ្រាន់​​នៅឡើយ​​ទេ ។ ប្រការ​នេះ​​ទាម​​ទារ​​ឱ្យ​មាន​ការ​​​ចូល​រួម​​​ពី​​គ្រប់​​​ភាគី​ពាក់​ព័ន្ធ​​ក្នុង​គ្រប់​កម្រិត​​ទាំង​​អស់​​ ជា​ពិ​សេស​គឺ​​ការ​ចូល​​រួម​និង​គាំ​ទ្រ​របស់​ប្រជា​ជន​​​អាស៊ាន​​ទាំង​​មូល​ ។ ​មាន​ការ​ពិ​ភាក្សា​​​របស់​ថ្នាក់​ដឹក​នាំ​​អាស៊ាន​​ជា​មួយ​​អន្ត​រ​សភា​អា​ស៊ាន​ ​តំណាង​​អង្គ​ការ​​​សង្គម​ស៊ីវិល​ និង​តំណាង​​យុវ​ជន​ ដើម្បី​ប្រែ​ក្លាយ​​អាស៊ាន​​​ឱ្យទៅ​ជា​​សហ​គមន៍​​មួយ​ដែល​ផ្តោត​​​លើ​ប្រជា​​ជន​​ និង​ដើម្បី​ប្រជា​ជន ។

​ក្នុង​ឋានៈ​ជា​ប្រធាន​អា​ស៊ាន​​ឆ្នាំ​២០១២ កម្ពុជា​​​នឹង​ខិត​ខំ​ប្រឹង​ប្រែង​​ឱ្យ​​អស់​ពី​​លទ្ធ​ភាព​ និង​សមត្ថ​ភាព​​របស់​ខ្លួន​​​​ ដោយ​​រួម​សហ​ការ​​យ៉ាង​​ជិត​ស្និទ្ធ​​ជា​មួយ​​ប្រទេស​​សមាជិក​​ដទៃ​ទៀត​ ដើម្បី​សម្រេច​​អាទិភាព​នានា​​ក្នុង​ទិ​ស​ដៅ​​កសាង​«អាស៊ាន​​ សហគមន៍​តែ​មួយ​​ វាស​នា​តែ​មួយ​​» ដែល​ក្នុងន័យ​​នេះ​​ខ្ញុំ​​​​រំពឹង​​​យ៉ាង​មុត​មាំ​​​ថា «របៀប​វារៈ​​ភ្នំពេញ»ដែល​​ខ្ញុំ​គូស​រំលេច​ខាង​លើ​នេះ​​អាច​ជួយ​​នាំ​អាស៊ាន​​ខិត​​កាន់​តែ​ជិត​ថែម​ទៀត​ទៅ​រក​​គោល​ដៅ​​នេះ៕