ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគ​​ជ័យ​សម្រាប់​ភូមា បោះឆ្នោត​សភា​តំណាង​សម្រាប់​កៅអីទំនេរ​៤៥ បក្ស​លោក​ស្រី​ស៊ូជី​បាន​៤៤​កៅអី

14 ឆ្នាំ មុន

​គណ​បក្ស​​របស់​លោក​ស្រី​អូង​សាន ស៊ូជី គឺ​គណ​​បក្ស​សម្ព័ន្ធ​​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ (NLDP) កាល​ពី​ថ្ងៃ​ទី​២ មេសា បាន​ប្រកាស​ពី​ជោគ​ជ័យ​​ដោយ​​ដណ្តើម​​បានអាសនៈតំណាង​សភា​ចំនួន​​​៤៤ ​ក្នុង​ការ​បោះ​ឆ្នោត​សភា​​ភូមា​មួយ​ផ្នែក​កាល​ពី​ថ្ងៃ​ទី​១​ ខែ​មេសា ។

​​ក្នុង​​វ័យ​​៦៦​ឆ្នាំ លោក​ស្រី​ស៊ូជី ​ជ័យ​លាភី​រង្វាន់​​ណូបែល​សន្តិ​ភាព​ឆ្នាំ​១៩៩១ បាន​​ក្លាយ​ជា​សមា​ជិកា​មួយ​រូប​ក្នុង​ចំណោម​សមា​ជិក​សភា​ថ្មី​ទាំង​៤៤​រូប​របស់​គណ​បក្ស​លោក​​​ស្រី​ ។ សរុប​មក​មាន​កៅអី​​ចំនួន​៤៥​ដែល​ត្រូវ​ធ្វើ​ការ​បោះ​ឆ្នោត​សម្រាប់​​ការ​បោះ​ឆ្នោតបំពេញ​​បន្ថែម​​​​នេះ ។ សម្រាប់​​​អាសនៈមួយទៀត​​​នោះគឺ​គណ​បក្ស​លោក​ស្រី​ពុំ​មាន​ដាក់​បេក្ខ​ជន​ប្រជែង​​យក​ឡើយ ។

​ប្រសិន​បើ​លទ្ធ​ផល​ទាំង​នោះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ នោះ​មាន​ន័យ​ថា ​គណ​បក្ស NLDP ​ឈ្នះ​ដាច់​តែ​ម្តង ហើយ​​ដណ្តើម​បាន​កៅអី​សម្រាប់​​​រដ្ឋ​ធានី​ថ្មី​របស់​ប្រទេស​គឺ​ទីក្រុង​ណៃពិដោ​ទៀត​​ផង។ ​ប្រជា​ជន​​ក្រុង​ណៃពិដោ​ភាគ​ច្រើន​ជា​មន្ត្រី​​រដ្ឋ​ការ និង​យោធា​ ព្រម​ទាំង​សមា​ជិក​គ្រួសារ​ពួក​គេ ។

​ការ​បោះ​ឆ្នោត​សភា​មួយ​ផ្នែក​​នោះ​ទាក់​ទិន​​ប្រមាណ​ជា​១០% នៃ​កៅអី​ទាំងអស់​របស់​សភា​ជាន់​ទាប​ភូមា។ កៅអី​១​ភាគ​៤​​ទុក​ឱ្យ​ពួក​យោធា។ គណ​បក្ស​សាមគ្គី​ភាព​ និង​ការ​អភិ​វឌ្ឍ​របស់​​សហ​ភាព USDP ​បង្កើត​ឡើង​ដោយ​​​អតីត​របប​យោធា ​នៅ​ពុំ​ទាន់​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ណា​មួយ​នៅ​ឡើយទេ​នៅ​​​​​ថ្ងៃទី២​ មេសា​ ។

​អ្នក​សង្កេត​ការណ៍​មួយ​ក្រុម​មក​ពី​បណ្តា​ប្រទេស​លោក​ខាង​លិច ​និង​អាស៊ាន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ទៅ​ពិនិត្យ​មើល​ការ​បោះ​ឆ្នោត​នោះ  ​ក្នុង​​​នោះ​ប្រតិភូ​អ្នក​​​សង្កេត​​​ការណ៍​​​​ពី​កម្ពុជា​របស់​​ប្រធាន​​​អាស៊ាន​​​ដឹកនាំ​​​ដោយ​​លោក​​​ឈាង វុន ​​ក៏​មាន​​​​វត្ត​មាន​​​​ក្នុង​​​ការ​បោះ​ឆ្នោត​​​​នេះដែរ ។ ​

ទិដ្ឋភាពនៃការបោះឆ្នោតបំពេញបន្ថែមនៅប្រទេសមីយ៉ាន់ម៉ា​ (ភូមា) ដូចការគ្រោងទុក នៅវេលាម៉ោង៦ព្រឹក នា​ថ្ងៃទី​១ ខែមេសា ឆ្នាំ២០១២ ការិយា​ល័យ​​បោះ​ឆ្នោតនីមួយៗបានចាប់ផ្តើមដំណើរ​ការ ។

ការបោះឆ្នោតបំពេញបន្ថែមនេះ ប្រព្រឹត្តទៅ​ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៤រសៀល ដែល​មានការិយាល័យបោះឆ្នោតសរុបចំនួន៨.០០០ ស្ថិតនៅក្នុង៨មណ្ឌល ដើម្បីជ្រើសរើសសមាជិក​សភាជាន់ទាបចំនួន៣៧រូប សភាជាន់ខ្ពស់​ចំនួន​៦​រូប និងសភាប្រចាំតំបន់ចំនួន២រូប លើអាសនៈ​​សរុបចំនួន៦៥៩។

គណបក្សចូលរួមប្រកួតប្រជែងមានចំនួន​១៧ ហើយគណបក្សប្រឆាំងរបស់លោកស្រី អូង សានស៊ូជី ដែលមានឈ្មោះថា NLDP គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ឈរ នៅលេខរៀងលំដាប់ទី៨។ អ្នកបោះឆ្នោតសរុប មានចំនួនជាង៦លាននាក់ ស្មើនឹង៧ភាគរយនៃ ចំនួនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ។

អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សរុប ចំនួន១៨៩រូប ដែលរួមមាន អ្នកសង្កេតការណ៍ កម្ពុជាដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០១២ អ្នកសង្កេត​ការណ៍​នៃសមាជិកអាស៊ាន​ទាំង៩​ប្រទេស អ្នកសង្កេតការណ៍នៃលេខាធិការ​ដ្ឋាន​​អាស៊ាន ព្រមទាំងអ្នកសង្កេតការណ៍មកពី​សហ​គមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា​ជា​ដើម។ល។

លោកឈាង វុន សមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការកិច្ចការ​បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា​ និងព័ត៌មាន​នៃ​រដ្ឋសភា បានដឹកនាំគណៈប្រតិភូ​ពីរ​ក្រុមក្នុង​នាម​ជា​ប្រធាន​អាស៊ាន និងក្នុងនាម​ជាសមាជិក​អាស៊ានចំនួន៨រូប បានចុះសង្កេត​ការណ៍នៅ​តាមការិយាល័យជាច្រើនក្នុងទីក្រុង​រ៉ង់​ហ្គូន និងបានអះអាងជាបឋមថា ការបោះ​ឆ្នោត​នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយ​លោក​បាន និងកំពុងបន្តតាមសង្កេតការណ៍ជុំវិញ​ការរាប់​សន្លឹកឆ្នោតជាបន្តទៀតមុននឹងធ្វើ​សេចក្តី​សន្និ​ដ្ឋានជាក្រោយ ។

នៅពេលជួបជាមួយមន្ត្រីនៃការិយាល័យ​បោះឆ្នោតក៏ដូចជាអ្នកបោះឆ្នោត លោក​ឈាង វុន បានថ្លែងនូវការកោតសរសើរ​ចំពោះការ​បំពេញកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋមីយ៉ាន់​ម៉ា និងបានអះអាងថា ការបោះឆ្នោតនេះ គឺជា​ជោគជ័យមួយរបស់ប្រជាពលរដ្ឋដែលរស់នៅ​ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅ​កាត់ថាអាស៊ានទាំងមូល។

ដោយឡែក មន្ត្រីអ្នកសង្កេតការណ៍ម្នាក់នៃ​សហគមន៍អឺរ៉ុប ដែលសុំមិនបញ្ចេញឈ្មោះ​បាន​លើកឡើងថា លោកកំពុងអង្កេត និងវិភាគអំពី​ស្ថានការណ៍នៃការបោះឆ្នោតនាថ្ងៃទី១ ខែមេសា ឆ្នាំ២០១២នេះ ដោយមិនទាន់មានការអត្ថា​ធិប្បាយអ្វីនៅឡើយទេ ។ ប៉ុន្តែទោះជាយ៉ាង​ណា​ក៏ដោយ អ្នកបោះឆ្នោតមីយ៉ាន់ម៉ាម្នាក់បានឆ្លើយ​អះអាងថា ការបោះឆ្នោតនាឆ្នាំ២០១២នេះ គឺ​ពិត​ជាខុសប្លែកពីការបោះឆ្នោតនាឆ្នាំ​២០១០។ មានអ្នកបោះឆ្នោតជាច្រើនដែលយើងបាន ជួបផ្លាស់ប្តូរយោបល់គ្នាបានអះអាងថា ដំណើរ​ការនៃការបោះឆ្នោតនៅថ្ងៃនេះប្រព្រឹត្តទៅយ៉ាង​រលូន។

ស្ត្រីមេផ្ទះ Myo Myo Aye បានលើកឡើង ថា ការបោះឆ្នោតនៅពេលនេះ គឺជាលើកទី២ ហើយ​សម្រាប់​រូបគាត់ និងបានប្រព្រឹត្តទៅដោយ សេរីហើយទទួលយកបាន ។ គាត់សង្ឃឹមថា ផ្លែផ្កា​ដែល​គាត់​ទទួល​បាន​បន្ទាប់​ពីការបោះឆ្នោត នេះ គឺការអប់រំល្អប្រសើរ និងសុខុមាលភាព គ្រាន់បើសម្រាប់ក្រុមគ្រួសាររបស់គាត់ និង​ប្រជា​ពលរដ្ឋផ្សេងទៀត ។ ដោយឡែក ការយល់​ឃើញ​របស់ពីរនាក់ប្តីប្រពន្ធលោកMY Than Htut និង​លោកស្រី Ma Su Su Wai វិញគឺ៖ ការវិនិយោគ សេរីភាពច្រើនជាងមុន ការបង្កើត ការងារធ្វើ និងការអភិវឌ្ឍប្រទេស ។

ជាចុងក្រោយ ស្ត្រីវ័យ៧០ឆ្នាំ Dan San Nwe បានលើកឡើងថា ក្នុងនាមជាប្រជាពល រដ្ឋ គាត់ត្រូវតែមកចូលរួមការបោះឆ្នោត ហើយ យល់ឃើញថា ការបោះឆ្នោតកន្លែងនេះប្រព្រឹត្ត ទៅបានយ៉ាងល្អត្រឹមត្រូវ ។
ការិយាល័យបោះឆ្នោតនីមួយៗមានប្រជា ពលរដ្ឋមីយ៉ាន់ម៉ាយ៉ាងច្រើនកុះករ បានមកចូល រួមបំពេញកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋក្នុង ទឹកមុខរីករាយ ស្រស់ថ្លា ពោរពេញដោយក្តី សង្ឃឹមនាពេលអនាគត ។
ការបោះឆ្នោតលើកនេះ ពិតមែនតែមាន អាសនៈចំនួន៤៥ ដើម្បីប្រកួតប្រជែងពិតមែន បើប្រៀបធៀបទៅនឹងអាសនៈសរុបចំនួន៦៥៩  ប៉ុន្តែនេះជាការបើកទ្វារដ៏ពិតប្រាកដឱ្យសភា ជាន់​ទាប និង​សភា​ជាន់​ខ្ពស់​មាន​សំឡេង​​របស់គណបក្សប្រឆាំង ជាពិសេសសំឡេង​របស់គណ​បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់​លោកស្រីអូង​សាន ស៊ូជី ។

សម្រាប់​ក្រសែភ្នែករបស់សហគមន៍អន្តរជាតិ នេះគឺជាការបោះជំហានវិជ្ជមានរបស់រដ្ឋាភិបាល ដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ន ដែល​បានប្តេជ្ញាអនុវត្តផែនទីបង្ហាញផ្លូវត្រង់ចំណុចទី៧ ឱ្យខាងតែបាន គឺការកែទម្រង់ឱ្យមានប្រជាធិប​តេយ្យសេរីពហុបក្សនៅប្រទេសមីយ៉ាន់ម៉ា៕