រាជធានីភ្នំពេញ ៖ មន្ត្រីអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងកាលពីព្រឹកថ្ងៃទី២ មេសា ២០១២ ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងចំណាយថវិកាប្រមាណ២០ម៉ឺនដុល្លារអាមេរិក ដើម្បីផលិតប័ណ្ណព័ត៌មាន សម្រាប់អ្នកបោះឆ្នោតក្នុងការផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោតនៅតាមមូលដ្ឋានក្នុងឃុំ-សង្កាត់ទាំង១.៦៣៣នៅទូទាំងប្រទេស។
មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបន្តថា អ្នកបោះឆ្នោតទាំងអស់ដែលមានសិទិ្ធក្នុងការបោះឆ្នោត ហើយមានឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១១ ដែលត្រូវចូលរួមបោះឆ្នោតមានប្រមាណ៩,២លាននាក់។ ការចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតគ្រោងនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៦ មេសា ២០១២ទៅ ហើយការចែកប័ណ្ណព័ត៌មាននេះមានរយៈពេលជាង២០ថ្ងៃ។
គ.ជ.ប បន្តថា ការចែកប័ណ្ណព័ត៌នេះនឹងធ្វើឡើងនៅតាមភូមិនីមួយៗដោយប្រធានភូមិនីមួយៗអញ្ជើញប្រជាពលរដ្ឋដែលមានឈ្មោះ បោះឆ្នោតមកជួបជុំគ្នា រួចប្រធានភូមិចែកប័ណ្ណនោះឲ្យតំណាងគ្រួសារណាដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៕
ចែករំលែកព័តមាននេះ