រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ២០១២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានី ភ្នំពេញ ។
កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកនេះ បានប្រព្រឹត្តទៅក្រោមប្រធានបទស្នូល«អាស៊ានៈសហគមន៍តែមួយ វាសនាតែមួយ» ដែលក្នុងការពិភាក្សាផ្តោតលើស្ថានភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក សម្រាប់ឆ្នាំ២០១២ ព្រមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងក្របខណ្ឌអាស៊ាន និងអាស៊ានបូកបីផងដែរ ។
នៅក្នុងពិធីបើកកិច្ចប្រជុំនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានកត់សម្គាល់ពីវឌ្ឍនភាពជាច្រើនដែលសម្រេចបានកន្លងមក នៅក្នុងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ការកសាងគំនិតផ្តួចផ្តើមមួយចំនួន និងយន្តការតាមដានលក្ខខណ្ឌសេដ្ឋកិច្ចក្នុងតំបន់ ។ ទន្ទឹមនឹងនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចជោគ ជ័យក្នុងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ប្រទេសអាស៊ានទាំងអស់ត្រូវតែខិតខំប្រឹងប្រែងដោយខ្លួនឯង ដើម្បីក្តាប់យកនូវអភិក្រមថ្មីនៃកិច្ចសហប្រតិបត្តិការតំបន់ ។ ប្រការនេះមានការរួមបញ្ចូលនូវការកែទម្រង់ស្ថាប័ន ការកែតម្រូវឡើងវិញនូវយុទ្ធសាស្ត្រហិរញ្ញប្បទានសម្រាប់ការវិនិយោគ និងការលើកស្ទួយវិស័យឯកជនសំដៅកសាងសហគមន៍មួយដែលមានប្រជាជនជាស្នូលឆ្លើយតបទៅនឹងមូលបទរបស់អាស៊ាន ក្នុងពេលកម្ពុជាធ្វើជា ប្រធានអាស៊ាននៅក្នុងឆ្នាំនេះគឺអាស៊ានសហ គមន៍តែមួយ វាសនាតែមួយ ។
ការជ្រើសរើសប្រធានបទនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍គូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ធ្វើកិច្ចសហការរួមគ្នាជាមួយប្រជាជាតិអាស៊ានក្នុងការកសាងសហគមន៍អាស៊ានជាមហាគ្រួសារជិតស្និទ្ធមួយ ដែលមានសុខដុមទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ ដោយឈរលើគោលការណ៍នៃវិធានច្បាប់ សុខសន្តិភាព និងភាពរឹងមាំផ្នែកសេដ្ឋកិច្ច ។ វឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុគឺជាការចាំបាច់ ដើម្បីសម្រេចបាននូវសកម្ម ភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ដោយចាប់អារម្មណ៍ទៅលើរដ្ឋមន្ត្រីហិរញ្ញវត្ថុទាំងអស់នៅលើចំណុចជាអាទិភាពមួយចំនួនដូចខាងក្រោម ៖
ទី១- ក្នុងខណៈដែលអាស៊ានកំពុងតែខិតកៀកទៅនឹងការបរិច្ឆេទនៃការបង្កើតសហគមន៍សេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៥ ខាងមុខ នោះជាការសំខាន់ណាស់ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេសសមាជិក ជាពិសេសលើការតភ្ជាប់អាស៊ាន រួមមានបណ្តាញផ្លូវគមនាគមន៍កំពង់ផែ ប្រព័ន្ធថាមពល និងបណ្តាញទូរគមនា គមន៍ជាដើម ។ ពាក់ព័ន្ធទៅនឹងការកៀងគរហិរញ្ញវត្ថុពីគ្រប់ដៃគូ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ រួមទាំងការទាក់ទាញនូវការចូលរួមរបស់វិស័យឯកជន ដើម្បីផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ដល់ការងារតភ្ជាប់តំបន់នេះ ។ ជាមួយគ្នានេះ យើងក៏ត្រូវធានាផងដែរថា សមាជិកអាស៊ានដែលមានកម្រិតអភិវឌ្ឍន៍ទាបនឹងអាចមានលទ្ធភាពទទួលបាននូវឥណទានពីយន្តការហិរញ្ញប្បទានថ្មីៗនានាក្នុងលក្ខណៈសមស្រប ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍ និងការធ្វើសមាហរណកម្មខ្លួនទៅក្នុងតំបន់ ។
ទី២- យើងបានរៀនសូត្រតាមរយៈបទពិសោធន៍ជាអន្តរជាតិកន្លងមកថា គន្លឹះនៃជោគជ័យក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ពឹងផ្អែកជាសំខាន់លើការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរឹងមាំក្នុងផ្នែកហិរញ្ញវត្ថុ ។ ដូច្នេះរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានត្រូវដើរតួនាទីក្នុងការជំរុញសហប្រតិបត្តិការហិរញ្ញវត្ថុ និងសមាហរណកម្មអាស៊ាន ក្នុងខណៈដែលយើងបានផ្តោតកិច្ចខិតខំយ៉ាងច្រើនលើការធានាឱ្យបាននូវលំហូរដោយសេរី ទំនិញនិងសេវាព្រមទាំាំងការវិនិយោគ ។ ខ្ញុំគិតថាកិច្ចការនេះមិនអាចសម្រេចជោគជ័យបានពេញលេញនោះទេ ប្រសិនជាមិនមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុដែលក្នុងនោះរួមមានទាំងពន្លឿនដំណើរការសេរីភាវូបនីយកម្ម នៃសេវាហិរញ្ញវត្ថុផងដែរ។ ក្នុងន័យនេះ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការនានាក្រោមផែនទីគោចរ សម្រាប់សមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុអាស៊ាន ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ការគាំទ្រដល់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។
ទី៣- ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយសមធម៌ក្នុងតំបន់អាស៊ានស្របតាមគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន យើងត្រូវបន្តពង្រឹងការសម្របសម្រួលនិងជំរុញអនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីកសាងសមត្ថភាពនានា នៅក្នុងផ្នែកសហប្រតិបត្តិការហិរញ្ញវត្ថុដែលមានទិសដៅពន្លឿនការអភិវឌ្ឍក្នុងប្រទេសជាសមា ជិកថ្មីដែលមានកម្រិតអភិវឌ្ឍន៍ទាប ។ យើងត្រូវធានាឱ្យបានថា កម្មវិធី និងសកម្មភាពទាំងឡាយដែលត្រូវបានដាក់ចេញមកមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ហើយត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ។ ដូច្នេះយើងគួរផ្តល់អាទិភាពខ្ពស់លើការបន្តកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាននៅលើបញ្ហានេះ ។ បើមិនដូច្នេះទេ កំណើនសេដ្ឋកិច្ចយ៉ាងលឿននៅក្នុងតំបន់ អាចនឹងបណ្តាលឱ្យមានគម្លាតកាន់តែធំទៅៗ រវាងប្រទេសជាសមាជិកដែលមានកម្រិតអភិវឌ្ឍន៍ខ្ពស់និងប្រទេសជាសមាជិកដែលមានកម្រិតអភិវឌ្ឍន៍ទាប ។ ប្រការនេះនឹង ក្លាយទៅជាហានិភ័យធំមួយ ដែលអាចបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ផលប្រយោជន៍រួមរបស់យើង ពិសេសគឺបញ្ហាពាក់ព័ន្ធនឹងការរក្សាស្ថិរភាពហិរញ្ញវត្ថុ ការធានានូវកំណើនប្រកបដោយសុខភាពរឹងមាំ និងការលើកស្ទួយវិបុលភាពនៅក្នុងតំបន់ ។
ទី៤- បញ្ហាជាអាទិភាពមួយទៀតសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន គឺការលើកកម្ពស់គុណភាពនៃកិច្ចដំណើរការអង្កេត តាម ដានសេដ្ឋកិច្ចអាស៊ាន ដោយផ្សារភ្ជាប់ទៅនឹងការវិវត្តនៃស្ថានការណ៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅលើសាកលលោក ។ យន្តការនេះត្រូវមានមុខងារជួយផ្តល់សញ្ញាព្រមានជាមុនអំពីហានិភ័យជាប្រព័ន្ធ និងសញ្ញានៃភាពងាយរង គ្រោះដែលអាចកើតឡើងនៅក្នុងសេដ្ឋកិច្ចអាស៊ាន ។ យើងទាំងអស់គ្នាពិតជាពេញចិត្តចំពោះការងាររបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី ហើយសន្យាថា នឹងផ្តល់ការគាំទ្រចំពោះដំណើរការរៀបចំស្ថាប័ន និងការកសាងសមត្ថភាពរបស់ការិយាល័យនេះតាមការចាំបាច់ ដើម្បីធានាប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ ក្នុងការផ្តល់សេវាគាំទ្រដល់កិច្ចដំណើរការរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានបូកបី ។
ទី៥- ការសម្របសម្រួលដ៏ជិតស្និទ្ធរវាងក្របខណ្ឌអាស៊ាន និងអាស៊ានបូកបី គប្បីត្រូវបានបន្តនៅគ្រប់កម្រិតទាំងអស់ ។ ខ្ញុំមានសេចក្តីពេញចិត្តដែលអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសា ភិបាលរងធនាគារកណ្តាលអាស៊ានបានជួបប្រជុំជាមួយសមភាគីអាស៊ី នៅក្នុងកិច្ចប្រជុំអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរងធនាគារកណ្តាលអាស៊ានបូកបី មុនកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាននេះ ។
ទី៦- អាស៊ានត្រូវវិវត្តខ្លួនឱ្យក្លាយជាសំឡេងខ្លាំងមួយនៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិ ជាពិសេសនៅក្នុងកិច្ចប្រជុំប្រទេសធំ២០(G-២០) ដើម្បីអាចរួមចំណែកកសាងនិម្មាបនកម្មហិរញ្ញវត្ថុសាកលលោកបន្ទាប់ពី
វិបត្តិ ។
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី១៦ បានមានប្រសាសន៍ថា យើងខ្ញុំទាំងអស់ជារដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ជួបជុំគ្នាក្នុងថ្ងៃនេះ ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងពិនិត្យមើលឡើងវិញពីវឌ្ឍនភាពនៅក្នុងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរបស់យើង ក្នុងគោលដៅស្វែងរកចំណាត់ការចាំបាច់នានា ដើម្បីរក្សាចលនការនៃកំណើនសេដ្ឋកិច្ច និងធានាស្ថិរភាពហិរញ្ញវត្ថុនៅក្នុងតំបន់ ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា យើងខ្ញុំក៏នឹងពិភាក្សាផងដែរអំពីការកៀរគរធនធានបន្ថែមទៀត ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពផ្សេងៗនៃសហប្រតិបត្តិការ និងសមាហរណកម្មហិរញ្ញវត្ថុរបស់យើង ជាពិសេសដើម្បីរួមចំណែកដល់ការសម្រេចបានសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ។ កិច្ចប្រជុំនេះ នឹងពិភាក្សាលើប្រធានបទធំៗ ៦គឺ
១-ទស្សនវិស័យ និងការវិវត្តសេដ្ឋកិច្ចតំបន់
២-កិច្ចដំណើរការពិនិត្យតាមដានសេដ្ឋកិច្ចអាស៊ាន
៣- ផែនទីបង្ហាញសម្រាប់សមាហរណកម្ម រូបិយវត្ថុនិងហិរញ្ញវត្ថុអាស៊ាន
៤- កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន
៥- កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានបូកបី និង
៦- បញ្ហាផ្សេងៗ ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ទោះបីសេដ្ឋកិច្ចសាកលលោកបាននិងកំពុងជួបប្រទះបញ្ហាជារចនាសម្ព័ន្ធ និងភាពមិនប្រាកដប្រជាកម្រិតខ្ពស់ ក៏សេដ្ឋកិច្ចតំបន់អាស៊ានបានកើនឡើង៤,៣ភាគរយកាលពីឆ្នាំ២០១១កន្លងទៅ ។ អាស្រ័យហេតុនេះ កិច្ចប្រជុំថ្ងៃនេះស្វះស្វែងរកគោលនយោបាយឆ្លើយតបដោយការសម្របសម្រួល ដើម្បីរក្សាចីរភាព និងការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចចំពោះមុខហានិភ័យនានា ដូចជាការធ្លាក់ចុះតម្រូវការក្រៅពីតំបន់ សភាពការណ៍ហិរញ្ញវត្ថុពិភពលោកតឹងតែង ថ្លៃប្រេងខ្ពស់ និងលំហូរមូលធនមិនទៀងទាត់ ៕


ចែករំលែកព័តមាននេះ