រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញតិ្តរបស់រដ្ឋសភាកម្ពុជា និងវៀតណាម បានបញ្ជាក់សាជាថ្មីឡើងវិញកាលពីរសៀលថ្ងៃទី២៩ មីនា ២០១២ នៅវិមានរដ្ឋសភាជាតិពីកិច្ចសហប្រតិបត្តិការលើកិច្ចការបោះបង្គោលព្រំដែន និងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរកម្ពុជា-វៀតណាមដែលមានទំនាក់ទំនងល្អនឹងគ្នាប្រមាណ៤៥ឆ្នាំកន្លងមកហើយ ។
ការបញ្ជាក់សាជាថ្មីនេះ បានធ្វើឡើងក្នុងជំនួបរវាងលោកហួញ ង៉ុកសឺន (Hyunh Ngoc Son) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយលោកងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភាកម្ពុជា ។ លោកហួញ ង៉ុកសឺន (Hyunh Ngoc Son) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ដែរថា ប្រទេសវៀតណាមនិងប្រទេសកម្ពុជាបានកំណត់យកឆ្នាំ២០១២ ជាខួបទី៤៥ឆ្នាំ នៃទំនាក់ទំនងចំណងការទូតរវាងប្រទេសទាំងពីរ ។
លោកហួញ ង៉ុកសឺន បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា រដ្ឋសភាប្រទេសវៀតណាមមានការពេញចិត្តយ៉ាងខ្លាំង ដោយឃើញទំនាក់ទំនងរដ្ឋសភានៃប្រទេសទាំងពីរកាន់តែប្រសើរឡើង ក្នុងនោះរាប់បញ្ចូលទាំងការផ្លាស់ប្តូរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភា កិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងការអនុវត្តគោលនយោបាយតែមួយឥតងាករេជាដើម ។ និយាយរួម គឺជាទំនាក់ទំនងដ៏ល្អលើគ្រប់វិស័យទាំងអស់ ៕
ចែករំលែកព័តមាននេះ